ភ្នំពេញៈ សកម្មភាព​អាជីវកម្ម​របស់​សណ្ឋាគារ ផ្ទះសំណាក់ និង​អាហារដ្ឋាន​មួយ​ចំនួន​នៅក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​វប្បធម៌​ដ៏ល្បីល្បាញ​លើ​ពិភពលោក​កំពុង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​ដោយ​ចាប់ផ្តើម​ពី​ទេសចរណ៍​ក្នុង​ស្រុក ខណៈ​ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ មាន​ភាពធូរស្រាល​។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា អាជ្ញាធរខេត្ត​កំពុង​ខិតខំ​ជំរុញ​ការផ្សព្វផ្សាយ​តំបន់​គោលដៅ​ទេសចរណ៍​សហគមន៍​ក្នុង​អំឡុង​ពេលនេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ស្រុក ខណៈ​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ស្ទើរ ១០០ ​ភាគរយ​នៅពេល​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុងដំណាក់កាល​ជំងឺ​កូវីដ យើង​ជំរុញ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​សហគមន៍ ដើម្បី​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវទេសចរ​ខ្មែរ​យើង​»​។

លោក​ថ្លែង​ទៀតថា បច្ចុប្បន្ន​អាជីវកម្ម​សណ្ឋាគារ​ក្នុង​ខេត្ត​នេះ​ចំនួន ៤០ និង​ផ្ទះសំណាក់​ចំនួន ៦៦ ​ទីតាំង​កំពុងដំណើរការ​អាជីវកម្ម​របស់ខ្លួន​ជាធម្មតា ដើម្បី​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​។ លោក​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ចំនួន ២៣០ និង​ផ្ទះសំណាក់ ២៦១ ​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្តសៀមរាប​។

លោក​និយាយថា​៖ «​យើង​ឃើញ​ថា ប្រជាជន​យើង​និយម​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​សហគមន៍​។ សព្វថ្ងៃ​យើង​មាន​តំបន់​ទេសចរណ៍​សហគមន៍​លើទឹក​ចំនួន ៥ ​កន្លែង និង ៦ ​កន្លែង​នៅលើ​គោក ដែល​យើង​កំពុង​ជំរុញ​ការផ្សព្វផ្សាយ​នៅ​តំបន់​ទាំងនោះ​»​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបី​សកម្មភាព​អាជីវកម្ម​មួយចំនួន​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ ក៏ប៉ុន្តែ​អាជីវកម្ម​សេវាកម្ម​នៅ​តាម​ក្លិប​កម្សាន្ត ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​នោះទេ​។ ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​នៅតែ​បន្ត​អនុវត្ត​វិធានការ​ការពារ​រក្សា​អនាម័យ គម្លាត ពាក់​ម៉ាស់ ប្រើ​អាល់កុល​លាង ដៃ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​ស្ថានភាព​បច្ចុប្បន្ន បើទោះ​ជា​នៅ​កម្ពុជា​យើង​មាន​ភាព​ធូរស្រាល​បន្តិច ប៉ុន្តែ​នៅមាន​ការរឹតបន្តឹង​ការធ្វើដំណើរ​នៅ​បរទេស ដូច្នេះ​ចលនា​ទេសចរណ៍​ក្រៅ​ប្រទេស​មិនទាន់​មាន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ យើង​ឃើញថា នៅ​មាន​តែ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​អាជីវកម្ម​ទេសចរណ៍​។

បុគ្គលិក​នៅ​សណ្ឋាគារ Angkor Vattanak Pheap Hotel ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ ៣ មាន​ជាង​ ៤០ ​បន្ទប់​នៅ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​សណ្ឋាគារ​មួយ​ចំនួន​បាន​ដំណើរការ​អាជីវកម្ម​ឡើងវិញ​ជា​បណ្តើរៗ​ក្នុងអំឡុង​ពេលនេះ ប៉ុន្តែ​ពុំទាន់​សម្បូរ​ភ្ញៀវទេសចរ​ស្នាក់​នៅ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​ទទួលបាន​ភ្ញៀវ ១ ​ទៅ ២ ​បន្ទប់​ក្នុង​ ១ ​ថ្ងៃ​ដោយ មាន​តម្លៃ​ ១៥ ​ដុល្លារ​។ ពេលខ្លះ​គ្មាន​ភ្ញៀវ​ទេ​។ យើង​បើក​តែ​ជាង ១០ ​បន្ទប់​ប៉ុណ្ណោះ​នៅ​ជាន់​ក្រោម ព្រោះ​គ្មាន​លទ្ធភាព​បង់ថ្លៃ​អគ្គិសនី​»​។

គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹងថា ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ភ្ញៀវទេសចរ​បរទេស ៣៨៦ ០៩៣ ​នាក់ ​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ធ្លាក់ចុះ ៦៥,៤៦ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕LA