ភ្នំពេញៈ វិស័យ​ឯកជន​រំពឹង​ថា កម្ពុជា​នឹង​អាច​បើក​ទ្វារ​​​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​នៅ​តំបន់​សៀមរាប-អង្គរ ​ឡើង​វិញ​ចាប់​ពី​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២១ តទៅ​ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើ​ក​សំណើ​នេះ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន រួច​មក​​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាល​ពី​ថ្ងៃ​ទី ៧ ខែមេសា បាន​ឱ្យ​ដឹង​ថា លោក​បាន​ស្នើ​សុំ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ពិចារណា​ពី​ការ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួច​រាល់​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​មក​ទស្សនា​គោល​ដៅ​ទេសចរណ៍​សៀមរាប-​អង្គរ ចាប់​ពី​ត្រីមាស​ទី៤ ឆ្នាំ​ ២០២១ តទៅ ស្រប​ពេល​ដែល​ការ​គ្រប់​គ្រង​សហគមន៍​នៅ​ខេត្ត​សៀមរាប-អង្គរ ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ ព្រម​ជាមួយ​នឹង​ការ​ជំរុញ​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ឱ្យ​បាន​លឿន​ដល់​មន្ត្រី​រាជការ ​អ្នក​បម្រើ​ការ​ក្នុង​ឧស្សាហ​កម្ម​ទេសចរណ៍ និង​វិស័យ​ផ្សេង​ៗ​ទៀត។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ថា ក្នុង​នាម​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ អ្នក​ស្រី​ពិត​ជា​ចង់​ឱ្យ​វិស័យ​នេះ​មាន​ជីវិត​ឡើង​វិញ​ណាស់ ព្រោះ​រយៈ​ពេល​ជាង ១​ ឆ្នាំ​មក​ហើយ​ ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជាត្រូវ​ជាប់​គាំង​ទាំង​ស្រុង។ ការ​បើក​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ឡើង​វិញ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​​ក្នុង​វិស័យ​នេះ​ទទួល​បាន​ចំណូល និង​ការ​ងារ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​បញ្ជាក់​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុង​ការ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​បាន​​ល្អ​ផង​ដែរ។

អ្នក​​ស្រី​បាន​អះអាង​ថា៖​ «​យើង​ពិត​ជា​ចង់​ឱ្យ​វិស័យ​នេះ​ចាប់​ផ្តើម​ឡើង​វិញណាស់»។

ទោះ​យ៉ាង​ណាអ្នក​ស្រី​​​ប្រាប់​ថា ដោយ​សារ​វិស័យ​​​នេះ​គ្មាន​សកម្ម​ភាព​យូរ​មក​ហើយ ដូច្នេះ​ប្រសិន​បើ​អាច​សូម​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ពី​ការ​អនុញ្ញាត​ឱ្យ​បាន​ឆាប់ ដើម្បី​វិស័យ​ឯកជន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រៀបចំ​ធនធាន​មនុស្ស​របស់​ខ្លួន​ឡើង​វិញ។​

យោង​តាម​លោក ថោង ខុន នៅ​ពេល​នេះ​ក្រសួង​ទេសចរណ៍​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ចាប់​ផ្តើម​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិ​បាល (គណៈ​កម្មការ​ចំពោះ​កិច្ច) ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ រដ្ឋ​បាល​ខេត្ត និង​វិស័យ​ឯកជន​រួច​ហើយ​ ដើម្បី​សិក្សា​អំពី​ការ​បើក​ទទួល​កញ្ចប់​ទស្សន​កិច្ច​ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ាក់​សាំង​រួចរាល់​៕