ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​​ថា ការ​ពិភាក្សា​លើ​​​​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការជាតិ​ការពារ​អ្នក​ប្រើប្រាស់ នឹង​​​ត្រូវ​បញ្ជូន​ទៅ​​​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​​នៅ​ខែ​ក្រោយ​​។​

គណៈកម្មការ​នេះ មាន​តួនាទី​​អនុវត្ត​ច្បាប់​​ស្តីពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ដែល​​ច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធានា​ឲ្យ​មាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ដោយ​សុចរិត​។​

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ច​ការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​អគ្គ​នាយកដ្ឋាន​នឹង​ប្រជុំ​​ពិភាក្សា​លើ​​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​​រៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ជាតិ​ការពារ​អ្នក​ប្រើប្រាស់​នេះ​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ ដើម្បី​ពិនិត្យ​កែ​លម្អ​បន្ថែម​​។ លោក​បន្ត​ថា ក្រោយ​ពី​ពិនិត្យ​​រួច​រាល់​ ឯកសារ​នឹង​ត្រូវ​​ដាក់​ជូន​​រដ្ឋមន្ត្រី​​ធ្វើ​ការ​ពិនិត្យ​ មុន​នឹង​បញ្ចូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ដើម្បី​បើក​កិច្ច​ប្រជុំ​ពិនិត្យ ​និង​អនុម័ត។

លោក​ថ្លែង​ថា៖ «​ការ​ជជែក​ពិភាក្សា​ផ្ទៃ​​ក្នុង​របស់​យើង​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​១៩ ខែ​ឧសភា ហើយ​យើង​គ្រោង​​នឹង​ស្នើសុំ​រៀបចំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​នៅ​​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​ទី​១ ឬទី២ ក្នុង​ខែ​មិថុនា​»។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​​ថា ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ត្រូវ​បាន​កែ​​​ចំណុច​មួយ​ចំនួន​រួច​រាល់​ហើយ​។ ​គណៈកម្មការ​នេះ​មាន​សមាសភាព​ ១០​ រូប។​

ច្បាប់​ស្តីពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ​២ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដែល​មាន ១១ ជំពូក​ និង ៥១ មាត្រា​។

ច្បាប់​នេះ​មាន​គោលដៅ​កំណត់​វិធានការ​ និង​យន្តការ​ដើម្បី​​​រួម​ចំណែក​បង្កើត​បរិយាកាស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​មាន​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ការពារ​ ការ​​ធ្វើ​ពាណិជ្ជកម្ម​​មាន​ការ​​ប្រកួត​ប្រជែង​ដោយ​សុចរិត​ និង​អ្នក​ប្រើប្រាស់​ និង​ពាណិជ្ជករ​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​ដោយ​មាន​ទំនុក​ចិត្ត​៕LA