ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​សហគ្រាស​ធុន​តូច និង​មធ្យម ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែមទៀត បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ឧស្សាហកម្ម​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​សហគ្រាស​ធុនតូច និង​មធ្យម ត្រូវ​បាន​ក្រុមការងារ​រៀបចំ​បញ្ចប់សេចក្តី​ព្រាង​រួចរាល់​ហើយ​។ ក្រុមការងារ​នេះ​ដឹកនាំ​ដោយ​លោក គីម ទូច រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

លោក​បន្ថែមថា សេចក្តី​ព្រាងច្បាប់​នេះ​នឹងដាក់​ឆ្លង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ១ ​លើក​ទៀត ដើម្បី​ពិនិត្យ និង​សម្រេច​ចុងក្រោយ​មុននឹង​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលជា​ប្រធាន​គណៈកម្មាធិការ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុនតូច និង​មធ្យម​។

លោក​ថ្លែងថា​៖ «​យើង​នៅ​រង់ចាំ​ដាក់ជូន​សេចក្តី​ព្រាង​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅពេល​ទៅដល់​ដៃ​ក្រសួង​សេដ្ឋកិច្ច គាត់​នឹង​អញ្ជើញ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មក​ប្រជុំ​ផ្តល់​ធាតុ​ចូល​បន្ថែម​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​បច្ចេកទេស​ក្រសួង​បាន​ពិភាក្សា​ឆ្លង ១ ​កម្រិត​ហើយ នៅតែ​ឆ្លង​យោបល់ និង​រង់ចាំ​ការផ្តល់​អនុសាសន៍​ណែនាំ​ពី​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ១ ​ជំហាន​ទៀត​ទើប​យើង​នឹង​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

លោក​ប្រាប់ទៀតថា ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​សម្របសម្រួល និង​ជំរុញ​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួលបាន​ឱកាស​ទីផ្សារ​ឱ្យបាន​ទូលំទូលាយ​ជាង​មុន​។

លោក​និយាយថា​៖ «​ច្បាប់​នេះ​ក៏​នឹង​ជួយ​កាត់បន្ថយ​នូវ​ការប្រកួតប្រជែង​មិន​ស្មើភាព កាលណា​យើង​មានច្បាប់​នេះ​។ ពិសេស​គោលដៅ​របស់​យើង​ជំរុញ​ទីផ្សារ និង​ខ្សែចង្វាក់​ផលិតកម្ម​ដោយ​ជំរុញ​បង្កើន​ផលិតកម្ម​ឱ្យ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឱ្យ​អស់ពី​លទ្ធភាព​»​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ បាន​គាំទ្រ​ចំពោះ​ការបង្កើត​ច្បាប់​នេះ ដោយ​លោក​ជឿថា ច្បាប់​នេះ​នឹង​ជួយ​លើកកម្ពស់​ដល់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

លោក​ប្រាប់ថា​៖​ «​សព្វថ្ងៃ​សហគ្រាស​ធុន​តូច និង​មធ្យម​យើង​ចាំបាច់​ត្រូវការ​មានច្បាប់ និង​គោលនយោបាយ​ក្នុង​ការអភិវឌ្ឍ និង​តម្រង់ទិស​ពួកគេ​ដើរ​លើ​ខ្សែបន្ទាត់​មួយ​ដ៏ត្រឹមត្រូវ​ទៅតាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​»​។

សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវបាន​រដ្ឋាភិបាល​កំណត់​ទិសដៅ​នៅត្រឹម​ឆ្នាំ​ ២០២៥ ដោយ​សហគ្រាស ធុនតូច និង​មធ្យម ៨០ ​ភាគរយ និង ​៩៥ ភាគរយ​រៀង​គ្នា​នឹង​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម ៥០ ​ភាគរយ និង ៧០ ​ភាគរយ​រៀង​គ្នា​នឹងមាន​បញ្ជិកា​គណនេយ្យ និង​តារាង​តុល្យការ​ត្រឹមត្រូវ ដើម្បី​ពង្រឹង​អភិបាលកិច្ច​អាជីវកម្ម បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​ជា​មូលដ្ឋាន​វាយតម្លៃ​សម្រាប់​ទទួល​បាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ឬ​ការលើក​ទឹកចិត្ត​ផ្សេងៗ​ពី​រដ្ឋាភិបាល​។

នេះ​បើតាម​សេចក្តី​ព្រាង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​ ២០១៥-២០២៥ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ផ្សាយ​កាលពី​ខែ សីហា ឆ្នាំ​ ២០២០៕ LA