ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) គ្រោងបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនាពេលឆាប់ៗ ហើយដាក់ឲ្យរដ្ឋាភិបាលអនុម័តឲ្យបានមុនដំណាច់ត្រីមាសទី ១ ឆ្នាំនេះដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធដែលកំពុងកើនឡើង។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ MEF កាលពីម្សិលមិញ។
ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលមានអ្នកចូលរួមពីក្រសួងពាក់ព័ន្ធប្រមាណ ៣០០ នាក់លោក នេត មុន្នី អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការពិគ្រោះយោបល់លើអនុក្រឹត្យនេះបានបញ្ចាប់ស្ទើរទាំងស្រុង ហើយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹងធ្វើការពិនិត្យជាចុងក្រោយ ដើម្បីដាក់ជូនរដ្ឋាភិបាលអនុម័តនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាអំឡុងត្រីមាសទីមួយនេះ។
លោកបន្តថា ចំណូលមិនមែនសារពើពន្ធកម្ពុជានៅមានចំណែកតូចនៅឡើយនៃចំណូលសរុបរបស់រដ្ឋាភិបាលគឺមានប្រមាណ ១៥ ភាគរយនៃចំណូលរបស់រដ្ឋក្នុងមួយឆ្នាំៗ តែលោករំពឹងថា ការដែលមានអនុក្រឹត្យនេះដើម្បីអនុវត្តនឹងជួយឲ្យលទ្ធភាពប្រមូលចំណូលនេះបានច្រើនជាងមុន។
លោកបន្តថា ដំណាក់កាលបច្ចុប្បន្នតម្រូវឲ្យរដ្ឋាភិបាលតាក់តែងអនុក្រឹត្យដែលមានទម្ងន់នៃការអនុវត្តធំជាងមុន ដោយសារថាចំនួនប្រជាជនកាន់តែច្រើនឡើង ហើយសេវាសាធារណៈដែលក្រសួងនីមួយៗផ្តល់ដល់សាធារណជនក៏កាន់តែច្រើន។
លោកថ្លែងថា៖ «លទ្ធភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធក៏កាន់តែធំឡើង ដូច្នេះរដ្ឋាភិបាលត្រូវពង្រីកការងារគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការរៀបចំអនុក្រឹត្យនេះសម្រាប់ការប្រមូលចំណូលសម្រាប់កញ្ចាប់ថវិកាជាតិ»។
លោកបន្តថា កន្លងមកការអនុវត្តប្រមូលចំណូលមិនមែនសារពើពន្ធ គឺអនុវត្តត្រឹមសារាចរពីក្រសួងនីមួយៗ ដែលធ្វើឲ្យការអនុវត្តអាចមានការខ្វះចន្លោះ។
លោកបានបន្តថាចំណូលមិនមែនសារពើពន្ធមានជាង ៥ ០០០ ប្រភេទដែលក្នុងនោះចំណូលជាកម្រៃសេវាសាធារណៈមានជាង ៤ ០០០ ប្រភេទ ខណៈចំណូលនៃការចាត់ចែងទ្រព្យសម្បត្តិរដ្ឋមានប្រមាណ ១ ០០០ ប្រភេទ។ ទឹកប្រាក់ប្រមូលចំណូលមិនមែនសារពើពន្ធសរុបមានប្រមាណ ៥០០ លានដុល្លារ។
សេចក្តីព្រាងអនុក្រឹត្យនេះមានកម្រាស់ ២៥ ទំព័រ ដែលត្រូវបានចែកចេញជា ៩ ជំពូក និង ៧០ មាត្រាដែលរៀបរាប់លម្អិតពីនិយមន័យ និងប្រភេទនៃចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងជាដើម។
បើយោងតាមការបញ្ជាក់នៅក្នុងសេចក្តីព្រាងការរៀបចំអនុក្រឹត្យនេះក្រសួងមានគោលដៅធានាប្រសិទ្ធភាព និងគណនេយ្យភាពនៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធរបស់កម្ពុជា៕