The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សេដាក​ នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ

សេដាក​ នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ

អង្ករ​សរីរាង្គ​របស់​អង្គការ​សេដាក ដែល​ដាក់​តាំង​បង្ហាញ​នា​ពេល​កន្លង​មក។
អង្ករ​សរីរាង្គ​របស់​អង្គការ​សេដាក ដែល​ដាក់​តាំង​បង្ហាញ​នា​ពេល​កន្លង​មក។ ភ្នំពេញ ប៉ុស្តិ៍

សេដាក​ នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ

ភ្នំពេញៈ សហគ្រាស​សេដាក គ្រោង​បង្កើន​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ​បន្ថែម​នៅ ឆ្នាំ​២០១៥ ខណៈ​តួលេខ​នាំ​ចេញ​សរុប​កាល​ពី​ឆ្នាំ​មុន​ដែល​បាន​កើន​ប្រមាណ ២០ ភាគរយ។

លោក ស៊ូ សារ៉ន អ្នក​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ​របស់​សហគ្រាស​សេដាក បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សហគ្រាស​សេដាក ជា​អ្នក​នាំ​ចេញ​អង្ករ​សរីរាង្គ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ដោយ​បាន​នាំ​ចេញ​អង្ករ​ក្រអូប​សរីរាង្គ​សរុប ៥៤០ តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ ២០១៤ កើន​ប្រហែល ២០ ភាគរយ​ធៀប​នឹង ឆ្នាំ​២០១៣។

លោក​ថ្លែង​ថា៖ «យីហោ​អង្ករ​សរីរាង្គ​របស់​យើង​បាន​រីក​រាលដាល​ខ្លាំង​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បូក​រួម​នឹង​ការ​ឈ្នះ​ពាន​រង្វាន់​ជា​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​រយៈ​ពេល ៣ ឆ្នាំ​ជាប់ៗ​គ្នា បាន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​ស្គាល់​អង្ករ​កម្ពុជា។ យើង​គ្រោង​នឹង​បង្កើន​ការ​នាំ​ចេញ​ឲ្យ​បាន​ពី ៩០០ ទៅ ១០០០ តោន​នៅ​ឆ្នាំនេះ​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ទីផ្សារ​អន្តរជាតិ»។

លោក​បន្ត​ថា បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប អាមេរិក និង​ហុងកុង ជា​ប្រទេស​នាំចូល​អង្ករ​សរីរាង្គ​ពី​កម្ពុជា ខណៈ​បណ្ដា​ប្រទេស​អារ៉ាប់ គឺជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​នៅ​ពេល​អនាគត។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ផែនការ​យុទ្ធសាស្ដ្រ​ដើម្បី​ជំរុញ​ការផលិត និង​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ បន្ថែម​ពីលើ​ការ​ជំរុញ​លើ​ការ​ផលិត និង​នាំ​ចេញ​អង្ករ​ទូទៅ ដែល​នឹង​ផ្តល់​តម្លៃ​កាន់​តែ​ខ្ពស់​សម្រាប់​កសិករ និង​សេដ្ឋកិច្ច​ផង​ដែរ។

អង្ករ​សរីរាង្គ​របស់​អង្គការ​សេដាក ដែល​ដាក់​តាំង​បង្ហាញ​នា​ពេល​កន្លង​មក។
អង្ករ​សរីរាង្គ​របស់​អង្គការ​សេដាក ដែល​ដាក់​តាំង​បង្ហាញ​នា​ពេល​កន្លង​មក។ ភ្នំពេញ ប៉ុស្តិ៍

ក្រុមហ៊ុន អេមរូ រ៉ាយស៍ អ្នក​នាំ​ចេញ​អង្ករ​មាន​ឈ្មោះ​មួយ​ក្នុង​ទីផ្សារ កាល​ពី ខែ​កញ្ញា ឆ្នាំ​មុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​សហករណ៍​កសិករ ៨ នៅ​ក្នុង ខេត្ត​ព្រះវិហារ ដើម្បី​ទិញ​ស្រូវ​ក្រអូប​សរីរាង្គ ២ ៥០០ តោន​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក។

លោក សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អេមរូ រ៉ាយស៍ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​លោក​នឹង​នាំ​ចេញ​អង្ករ​សរីរាង្គ​លើក​ដំបូង​ដោយ​ចាប់​ផ្ដើម​នៅ​ក្នុង ខែ​កុម្ភៈ នេះ។

លោក​លើក​ឡើង​ថា៖ «យើង​នឹង​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ១ ៥០០ តោន និង​បង្កើន​ដល់ ២ ៥០០ តោន​ក្នុង ឆ្នាំ​២០១៦ បន្ទាប់​មក​នឹង​បង្កើន​ដល់​ទៅ ៤០០០ តោន​នៅ ឆ្នាំ​២០១៧»។ កសិករ​នៃ​សហករណ៍​ទាំង ៨ នឹង​ទទួល​បាន​តម្លៃ​បន្ថែម ២០ ភាគរយ​ពី​តម្លៃ​ទីផ្សារ​ក្នុង​មួយ​តោន​សម្រាប់​ស្ដង់ដារ​ស្រូវ​ក្រអូប​សរីរាង្គ។

តួលេខ​នាំ​ចេញ​អង្ករ​សរីរាង្គ​សរុប​មាន​ចំនួន​តិច​ជាង ១ ភាគរយ​នៃ​តួលេខ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា កាលពី ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​ប្រមាណ​ជាង ៣៨ ម៉ឺន​តោន។

លោក វ៉ាន់ ដេវិដ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​សហព័ន្ធ​អង្ករ​កម្ពុជា ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ដោយ​សារ​ការ​កំណត់​ទី​តាំង​ដី​សម្រាប់​ការ​ដាំ​ដុះ​ស្រូវ​ស្រប​តាម​លក្ខខណ្ឌ​សរីរាង្គ ដំណើរ​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល​វែង និង​នីតិវិធី​បញ្ជាក់​ពី​សរីរាង្គ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ផលិត​អង្ករ​សរីរាង្គ​នៅ​កម្ពុជា​មាន​កម្រិត​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ច្បាស់​ណាស់​ថា «អង្ករ​សរីរាង្គ» នឹង​ទាមទារ​ឲ្យ​មាន​គុណភាព​កាន់តែ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ដោយ​សារ​នីតិវិធី​ជាប់​ទាក់​ទង​នឹង​ការ​ផលិត​ដូច​នោះ​មាន​រយៈ​ពេល​វែង កសិករ​ភាគ​ច្រើន​នឹង​រួញរា​នៅ​ក្នុង​ការ​ធ្វើ​វា ហើយ​សេដាក បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៃ​ដំណើរ​ការ​អប់រំ​ដើម្បី​បញ្ចុះ​បញ្ចូល​កសិករ​មួយ​ចំនួន​ឲ្យ​ចុះ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​បង្ក​បង្កើន​ផល»។

លោក​បន្ថែម​ថា៖ «វា​នឹង​នៅ​តែ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​មុន​ពេល​កម្ពុជា​អាច​បង្កើន​ចំនួន​អង្ករ​សរីរាង្គ​កាន់​តែ​ច្រើន ប៉ុន្តែ​ផ្ដោត​លើ​ការ​ផលិត​អង្ករ​ចម្រុះ​មាន​តម្លៃ​ខ្ពស់​គឺ​ពិតជា​គោលដៅ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​របស់​យើង​មាន​ភាព​ផ្សេងៗ​គ្នា​ជាមួយ​នឹង​ដៃគូ​ប្រកួត​ប្រជែង​ជិត​ខាង​របស់​យើង​រយៈ​ពេល​វែង»៕

អត្ថបទគួរចាប់អារម្មណ៍