ភ្នំពេញៈ ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា ​នៅ​តែ​រឹងមាំ​ក្នុង​រយៈពេល​មធ្យម​ ទោះបី​ជា​ប្រទេស​​នេះ​នឹង​ប្រឈម​​​ហានិភ័យ​ខាង​​ក្រៅ​កាន់​តែ​ធំ​ និង​លទ្ធភាព​បាត់បង់​សិទ្ធិ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​សំខាន់​​​ក៏​ដោយ​​។

ក្រុម​ការងារ​របស់​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ដើម​ខែ​នេះ​បាន​ធ្វើ​ទស្សន​កិច្ច​មក​កាន់​​ទីក្រុង​ភ្នំពេញ និង​បាន​ជួប​លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ដ្រី​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ (MEF) របស់​កម្ពុជា ដើម្បី​ធ្វើ​ការ​ពិភាក្សា​​​​អំពី​ការ​វិវឌ្ឍ​​ថ្មីៗ​ និង​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស ​កម្ពុជា​។​​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា មូលនិធិ​ IMF ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​រក្សា​បាន​ចន្លោះ​ពី​ ៦,៥ ​ភាគរយ​ទៅ​ ៧​ ភាគរយ​នៅ​រយៈពេល​ខ្លី និង​​រយៈពេល​មធ្យម ដោយសារ​លទ្ធផល​​សារពើពន្ធ​កាន់​តែ​ប្រសើរ​។​

ទោះជា​យ៉ាង​ណា ក្រុម​បេសកកម្ម​​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស ​កម្ពុជា ​ជា​កម្មវត្ថុ​​ក្នុង​ការ​ប្រឈម​​នឹង​ហានិភ័យ​ខ្ពស់​ជាង​ពី​មុន ដែល​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ ដែល​ហានិភ័យ​ទាំង​នោះ ​រួម​មាន​ការ​បាត់​បង់​សិទ្ធិ​ពាណិជ្ជកម្ម​ពី​កម្មវិធី​​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (EBA) របស់​​សហភាព​អឺរ៉ុប ផល​ប៉ះពាល់​ដែល​រីក​រាលដាល​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និងប្រទេស ​ចិន និង​ការ​សម្រេច​ចិត្ត​របស់​​ចក្រភព​អង់គ្លេស​ក្នុង​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ​(Brexit)​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹង​ថា​៖ «​[បុគ្គលិក​របស់​ IMF] ក៏​បង្ហាញ​ការ​បារម្ភ​របស់​ពួក​គេ​ផង​ដែរ​អំពី​​ការ​កើន​ឡើង​​​ការ​ចំណាយ​មូលធន និង​ការ​កើន​ឡើង​​ជា​បន្ត​​នូវ​​ឥណទាន​ក្នុង​ការ​សាងសង់​ និង​​វិស័យ​អចលនទ្រព្យ ដែល​អាច​ឈាន​ទៅ​រក​​ហានិភ័យ​ជា​ប្រព័ន្ធ​ដល់​វិស័យ​ហិរញ្ញវត្ថុ​»។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា ក្រុម​បេសកកម្ម​នេះ​​វាយ​តម្លៃ​ខ្ពស់​ដល់​កិច្ច​​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​កម្ពុជា​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ តាមរយៈ​ការ​ដាក់​ចេញ​នីតិវិធី​មួយ​ចំនួន​ ដូច​ជា​ការ​បន្ទាប​តម្លៃ​អគ្គិសនី ការ​កែ​តម្រូវ​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជា​ដើម។​

ដោយ​ដឹង​​ពី​លទ្ធភាព​នៃ​ការ​បាត់បង់ EBA ពី​សហភាព​អឺរ៉ុប លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដាក់​បញ្ហា​នៃ​ការ​បាត់បង់​សិទ្ធិ​ពាណិជ្ជកម្ម​នេះ​ទៅ​ក្នុង​​​ការ​ព្យាករ​សេដ្ឋកិច្ច និង​បាន​ដាក់​ចេញ​​កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់​ ដើម្បី​​ទប់ស្កាត់​ហានិភ័យ និង​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦,៥ ភាគរយ។​

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​មុន បាន​ប្រកាស​​កំណែ​ទម្រង់​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​បាន​ដាក់​ចេញ​​​យុទ្ធសាស្ដ្រ ​១៧ ​ចំណុច ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​លោក​​​បាន​ឲ្យ​ដឹង​ថា អាច​ជួយ​​វិស័យ​ឯកជន​សន្សំ​ប្រាក់​បាន​​រហូត​ដល់ ៤០០​ លាន​ដុល្លារ​ក្នុង​ ​១ ​​ឆ្នាំ​។​

យុទ្ធសាស្ដ្រ​នេះ​បាន​ដាក់​បញ្ចូល​នូវ​គំនិត​ផ្ដួចផ្ដើម​ការ​សន្សំ​ប្រាក់​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ក្រុមហ៊ុន​ឯកជន​ ដែល​រួម​មាន​ទាំង​​​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន កម្រៃ​​សេវា​កំពង់ផែ​ និង​តម្លៃ​​អគ្គិសនី ព្រម​ទាំង​ការ​កែ​ទម្រង់​លើ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ផ្លូវ​ដែក​ផង​ដែរ។​

លោក​នាយក​រដ្ឋមន្ត្រី​​បាន​ឲ្យ​ដឹង​ថា កំណែ​​ទម្រង់​ទាំង​នេះ​​នឹង​អាច​​ឲ្យ​ប្រទេស​ ​កម្ពុជា ​​បន្ត​មាន​ភាព​​​ប្រកួត​ប្រជែង​ជាមួយ​ការ​នាំចេញ​របស់​ខ្លួន ប្រសិន​បើ​​សហភាព​អឺរ៉ុប​​ដក​លទ្ធភាព​ទទួល​​បាន​សិទ្ធិ​ពាណិជ្ជកម្ម​របស់​​​​កម្ពុជា​​ពី​កម្មវិធី​​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ព្យាករ​កាល​ពី​ដើម​ខែ​នេះ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន ​​៧ ភាគរយ​នៅ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​បន្តិច​ពី​ ៧,៣ ​ភាគរយ​ដែល​សម្រេច​បាន​​កាល​ពី​ឆ្នាំ​២០១៨ ដោយសារ​តែ​កត្តា​ខាង​ក្រៅ​៕ ​LA​