ភ្នំពេញៈ ទោះបីជាសេដ្ឋកិច្ចកម្ពុជាត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាពដែលត្រូវបានរំពឹងថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ -១,៩ ភាគរយក្នុងឆ្នាំ ២០២០ នេះ និងស្ទុះងើបយ៉ាងឆាប់រហ័សសម្រាប់ឆ្នាំ ២០២១ ក្នុងអត្រាកំណើនរង្វង់ ៣,៥ ភាគរយ រដ្ឋាភិបាលនៅតែបន្តផ្តោតលើការរក្សាលំនឹងសង្គមសេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន។ នេះបើយោងតាមការព្យាករចុងក្រោយរបស់រដ្ឋាភិបាល។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងមានកំណើនអវិជ្ជមាន -២,៨ ភាគរយនៅឆ្នាំនេះ និងស្ទុះងើបឡើងវិញយ៉ាងរហ័សដល់ ៦,៨ ភាគរយ ក្នុងឆ្នាំ ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីកាលពីថ្ងៃសុក្រនាពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា -១,៩ ភាគរយ ហើយត្រូវបានព្យាករថានឹងងើបឡើងវិញនៅឆ្នាំ ២០២១ ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥ ភាគរយ ដែលធ្វើឲ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១១ ៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩ ០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៧៧១ ដុល្លារអាមេរិក បើប្រៀបធៀប ១ ៦៨៣ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២០។
លោក Jonathan D. Ostry ប្រធានស្ដីទីនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជា គួរតែផ្ដល់អាទិភាពការចំណាយដល់វិស័យដែលងាយទទួលរងគ្រោះ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារក្នុងអំឡុងពេលវេលាដ៏ពិបាកនេះ។
លោកថា៖ «ទាក់ទងនឹងភាពចាំបាច់នៃគោលនយោបាយ ខ្ញុំគិតថា អ្វីដែលយើងបានណែនាំគឺការផ្ដល់អាទិភាពដោយប្រុងប្រយ័ត្ននៃការចំណាយ ដើម្បីធ្វើឲ្យប្រាកដថា ធនធានសារពើពន្ធគឺនឹងទៅដល់អ្នកដែលងាយរងគ្រោះខ្លាំងបំផុត អ្នកដែលនៅក្រោមកម្រិតប្រាក់ចំណូល អ្នកដែលនៅក្នុងវិស័យក្រៅផ្លូវការជាដើម ដែលឱកាសការងាររបស់ពួកគេអាចរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។
លោកថា ជាមួយការស្ទុះងើបឡើងវិញតម្រូវការពិភពលោកជាមូលដ្ឋាន សម្រាប់ការនាំចេញសំខាន់ៗមួយចំនួនរបស់ប្រទេសកម្ពុជាដូចជា សម្លៀកបំពាក់ និងការស្ទុះងើបឡើងវិញមួយនៅក្នុងវិស័យទេសចរណ៍ និងស្ទុះងើបឡើងវិញដែល IMF រំពឹងថា នឹងសម្រេចបាននៅឆ្នាំ ២០២១។
លោក ផៃ ស៊ីផាន បានសរសេរទំព័រគណនីហ្វេសប៊ុករបស់លោកថា សេដ្ឋកិច្ច កម្ពុជានៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញនឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%។ លោកថា វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១% ក្នុងឆ្នាំ ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២% ក្នុងឆ្នាំ ២០២០។
ចំណែកឯវិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប ៣,៦% ក្នុងឆ្នាំ ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០% ក្នុងឆ្នាំ ២០២០។ ខណៈដែលវិស័យកសិកម្មត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ១,៦% ក្នុងឆ្នាំ ២០២១ ពីកំណើន ០,៩% ក្នុងឆ្នាំ ២០២០។
លោក ផៃ ស៊ីផាន បានសរសេរថា៖ «ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣,៥% ក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជាទាំងក្នុង និងក្រៅប្រទេស។ ការរក្សាលំនឹងសង្គមសេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន»។
លោកថា រដ្ឋាភិបាលនៅតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈវិធានការសំខាន់ៗរួមមាន៖ ការបង្កើនចំណាយលើវិស័យសុខាភិបាល និងការជំរុញអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសាធារណៈ។ ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្មតាមរយៈការផ្តល់នូវការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ គួបផ្សំនឹងការជំរុញផ្តល់ឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ដើម្បីឱ្យអាជីវកម្មអាចបន្តដំណើរការបាន។
«ការបន្តរក្សាលំនឹងជីវភាពប្រជាជនគឺត្រូវធ្វើតាមរយៈការបន្តអនុវត្តនូវកម្មវិធីផ្ទេរសាច់ប្រាក់ កម្មវិធីសាច់ប្រាក់ពលកម្ម និងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន ចាប់យកការងារក្នុងវិស័យថ្មី ឬមានបច្ចេកទេសខ្ពស់ជាងមុន បង្កើតការងារថ្មីជំនួសការងារដែលបាត់បង់ជំរុញសកម្មភាព អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងជួយសម្រួលការផ្លាស់ប្តូរការងារពីវិស័យដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ទៅវិស័យផ្សេងទៀត»។ នេះបើយោងតាមការអះអាងរបស់លោក ផៃ ស៊ីផាន។
រដ្ឋាភិបាលបានព្យាករថា អត្រាអតិផរណាស្ថិតក្នុងអត្រា ៣,១ ភាគរយនៅក្នុងឆ្នាំ ២០២១ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មានថានឹងនៅតែបន្តមានស្ថេរភាពក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុង ១ ដុល្លារអាមេរិក ឱនភាពគណនីចរន្តនឹងរួមតូចបន្តិចមកត្រឹម ១៧,៣ ភាគរយនៃ ផ.ស.ស ខណៈដែលទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៦ ៩៨១ លានដុល្លារអាមេរិក៕ LA