ទីក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យដឹងថា សេដ្ឋកិច្ច​ចិន មាន​កំណើន​ ៤,៩ ​ភាគរយ​ ក្នុង​ត្រីមាស​ទី​ ៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​ដែល​ធ្វើឱ្យ​ការងើប​ឡើងវិញ​របស់​ប្រទេស​ចិន បន្ទាប់ពី​ការបិទ​ប្រទេស​បណ្តាល​មកពី​ជំងឺ​កូវីដ ដែល​ឈាន​កាន់តែ​ជិត​ដល់​កម្រិត​នៅមុន​ការរីករាលដាល​។

ប៉ុន្តែ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ ​របស់​ពិភពលោក​នេះ​កើនឡើង​ទាប​ជាង​បន្តិច​ធៀប​នឹង​ការរំពឹងទុក​ក្នុង​ត្រីមាស​ទី​ ៣ ​ពី​ខែកក្កដា​ដល់​ខែ​កញ្ញា​ដែល​ព្រមាន​ពី​ភាពមិន​ប្រាកដប្រជា​នៅពេល​ខាងមុខ ដោយសារ​ «​បរិយាកាស​អន្តរជាតិ​នៅតែ​ស្មុគស្មាញ​»​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ជាតិ​ស្ថិតិ (NBS)​។

យោងតាម​ការព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ការ​ងើប​ឡើងវិញ​របស់​ចិន​រហូត​មកទល់​ពេល​នេះ​បាន​ធ្វើឱ្យ​ចិន​ស្ថិតនៅលើ​វិថី​ដើម្បី​ក្លាយជា​ប្រទេស​រីកចម្រើន​សេដ្ឋកិច្ច​ធំ​តែមួយគត់​នៅ​ឆ្នាំនេះ ខណៈ​ពេល​ដែល​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក បន្ត​ត្រដាបត្រដួស​ជាមួយ​ការបិទ​ប្រទេស​ និង​រលក​ថ្មី​នៃ​ការឆ្លង​វីរុស​»​។

អ្នកវិភាគ​ដែល​ស្ទង់​មតិ​ដោយ AFP កាលពី​មុននេះ​បាន​ចង្អុល​ចំណុច​ដែលនាំឱ្យ​មាន​កំណើន​ប្រចាំត្រីមាស​ទី​ ៣ ​ក្នុង​ប្រទេស​ចិន​ដែល​វីរុស​កូរ៉ូណា​កើតមាន​ដំបូង​មាន​ចំនួន​ ៥,២ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំមុន និង​កើន​ពី​ ៣,២ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ២ កន្លងទៅ​។

NBS បាន​បង្ហាញថា ការលក់រាយ​កើនឡើង​យ៉ាង​រហ័ស​ជាង​ការរំពឹងទុក​ក្នុង​ខែកញ្ញា​មាន​ចំនួន​ ៣,៣ ​ភាគរយ កើន​ពី​ ០,៥ ​ភាគរយ​ធៀប​នឹង​ខែសីហា​។

ប៉ុន្តែ​កំណើន​នេះ​នៅតែ​យឺត​ជាង​កំណើន​ទិន្នផល​ឧស្សាហកម្ម​ដែលមាន​ល្បឿន​លឿន​ជាង​ការរំពឹងទុក​នៅ​ ៦,៩ ​ភាគរយ​ធៀបនឹង​ខែកញ្ញា​ដូចគ្នា​នៃ​ឆ្នាំមុន​។

អ្នកដឹកនាំ​បក្ស​កុម្មុយនីស្ដ​ចិន​បាន​កោតសរសើរ​ការដោះស្រាយ​បញ្ហា​វីរុស​របស់ខ្លួន​ដែល​ផ្តល់នូវ​វ៉ាក់សាំង​ពិសោធន៍​ដល់​ប្រជាពលរដ្ឋ​រាប់សែន​នាក់ ពេលដែល​ខ្លួន​ស្វែងរក​ដើម្បី​ឆ្លុះបញ្ចាំង​ប្រភពដើម​នៃ​ការរីករាលដាល​។

ប្រជាជន​ក្នុងប្រទេស​ចិន​បាន​ត្រឡប់​ទៅ​ទិញ​អីវ៉ាន់ ធ្វើដំណើរ និង​ការបរិភោគ ដែល​ផ្ទុយស្រឡះ​ពី​ប្រជាជន​ជាច្រើន​ក្នុង​ពិភពលោក​។

ប៉ុន្តែ​ការព្រួយបារម្ភ​រយៈពេល​វែង​ជុំវិញ​ការងារ និង​ការកើតឡើង​វិញ​នៃ​វីរុស​ក្នុងប្រទេស​ចិន កំពុង​ទាញ​ទម្លាក់​ទំនុកចិត្ត​អ្នកប្រើប្រាស់ ទោះបី​រដ្ឋាភិបាល​មានបំណង​បង្កើន​តម្រូវការ​ក្នុងប្រទេស​របស់ខ្លួន​ក្តី​។

លោក Lu Ting ប្រធាន​អ្នក​សេដ្ឋកិច្ច​នៅ​ធនាគារ​វិនិយោគ Nomura បាន​លើកឡើង​ថា​៖ «​ប្រទេស​ចិន​បាន​កសាង​ការងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន​តាមរយៈ​ការបិទ​ប្រទេស ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ការតាមដាន​ចំនួន​ប្រជាជន និង​ការជំរុញ​សារពើពន្ធ​»​។

លោក​បាន​បន្ថែមថា​៖ «​កត្តា​ផ្សេងៗ​ទៀត ដូចជា កំណើន​នាំចេញ និង​ការងើបឡើង​តម្រូវការ​បន្ទាប់ពី​ទឹកជំនន់​ក៏​ជំរុញ​សកម្មភាព​ក្នុង​ខែកញ្ញា​ដែរ​»​។

ប៉ុន្តែ​ចិន​មិនមែន​រួចផុត​ទាំងស្រុង​ពី​ហានិភ័យ​នៃ​រលក​ទី​ ២ ​នៃ​ជំងឺ​កូវីដ​១៩​នោះទេ ដែល​អាច​បណ្តាល​ឱ្យ​តម្រូវការ​ទំនង​ជា​បាត់បង់​ខ្លះ ហើយ​ភាពតានតឹង​រវាង​អាមេរិក និង​ចិន​អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការនាំចេញ​របស់​ចិន និង​ការវិនិយោគ​។

អ្នកនាំពាក្យ​នៃ​ការិយាល័យ​ស្ថិតិ​ជាតិ​អ្នកនាង Liu Aihua បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទោះបី​ជា​សេដ្ឋកិច្ច​ចិន​បាន​បន្ត​ងើប​ឡើងវិញ​ក៏ដោយ រូបភាព​សកល​នៅតែ​ស្រអាប់​នៅឡើយ​ជាមួយ​អស្ថិរភាព និង​ភាពមិន​ច្បាស់លាស់​។

អ្នកនាង​បាន​បញ្ជាក់ថា សម្ពាធ​ដ៏ខ្លាំង​ក្នុងការ​ទប់ស្កាត់​ករណី​វីរុស​ឆ្លង​ពី​បរទេស និង​ការការពារ​ពី​ការកើត​ឡើងវិញ​វីរុស​នៅក្នុង​ប្រទេស​។

ទន្ទឹម​នឹងនោះ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តំបន់​ទីក្រុង​បាន​ធ្លាក់ចុះ​បន្ថែមទៀត​ដល់​ ៥,៤ ​ភាគរយ​ក្នុង​ខែកញ្ញា ទោះបី​ជា​កំណើន​វិនិយោគ​ងាក​ទៅ​រក​សញ្ញា​វិជ្ជមាន​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០២០ ក្ដី​៕ RR