ក្រុងតូក្យូៈ សេដ្ឋកិច្ចរបស់ប្រទេស ជប៉ុន បានកើនឡើងនៅត្រីមាសចុងក្រោយក្នុងឆ្នាំ ២០១៨ ខណៈផលប៉ះពាល់អវិជ្ជមាន ដោយសារតែគ្រោះថ្នាក់ធម្មជាតិជាបន្តបន្ទាប់នៅរដូវក្ដៅបានថយចុះ។ នេះបើយោងតាមទិន្នន័យរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសដែលសេដ្ឋកិច្ចឈានមុខគេទី ៣ របស់ពិភពលោកមួយនេះ បានទទួលអត្ថប្រយោជន៍ពីកំណើនតម្រូវការក្នុងប្រទេស រួមទាំងពីការវិនិយោគក្រុមហ៊ុន និងការចំណាយរបស់គ្រួសារ។
ទិន្នន័យរបស់ខុទ្ទកាល័យគណៈរដ្ឋមន្ដ្រីជប៉ុនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប នៅត្រីមាសចុងក្រោយក្នុងឆ្នាំ ២០១៨ បានកើនឡើង ០,៣ ភាគរយធៀបនឹងត្រីមាសទី ៤ បន្ទាប់ពីការធ្លាក់ចុះ ០,៧ ភាគរយនៅត្រីមាសទី៣។
កំណើននេះមានកម្រិតទាបជាងអត្រា ០,៤ ភាគរយដែលត្រូវបានព្យាករដោយក្រុមអ្នកជំនាញ។
កត្តាធំបំផុតដែលជួយឲ្យមានកំណើននេះ ដែលកើនឡើង ១,៤ ភាគរយនៃអត្រាប្រចាំឆ្នាំ គឺការវិនិយោគក្រុមហ៊ុនរបស់សាជីវកម្ម ដែលបានកើនឡើង ២,៤ ភាគរយ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសទី៣។
ប៉ុន្តែខណៈដែលតម្រូវការក្នុងស្រុកបានកើនឡើង ការនាំចេញដែលថយចុះបានជួយប៉ះប៉ូវមកវិញដោយកត្តាវិជ្ជមានមួយចំនួន។ នេះបើយោងតាមខុទ្ទកាល័យគណៈរដ្ឋមន្ដ្រី។
លោក Yoshiki Shinke ប្រធានសេដ្ឋវិទូប្រចាំវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life Research Institute បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ការប្រើប្រាស់ និងការវិនិយោគបានស្ទុះងើបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះនៅត្រីមាសរាប់ចាប់ពីខែកក្កដាដល់ខែកញ្ញា ដែលបានរងផលប៉ះពាល់ដោយគ្រោះថ្នាក់ធម្មជាតិ»៕ AFP/LA