ភ្នំពេញៈ ការ​ប្រែ​ក្លាយ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ផ្នែក​ឌីជីថល​ស្រប​​ពេល​ការ​រីក​ចម្រើន​នៃ​បដិវឌ្ឍ​ឧស្សាហកម្ម​​​ទី​៤ (​ឧស្សាហកម្ម ​៤.០) អាច​នឹង​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​សម្រេច​​​បាន​ផែនការ​ប្រែ​ក្លាយ​កម្ពុជា​ជា​​ប្រទេស​ចំណូល​ខ្ពស់​នា​ពេល​ខាងមុខ។ នេះ​បើ​​តាម​ការ​លើក​ឡើង​​របស់​អ្នក​​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​។

ថ្លែង​​ក្នុង​សនិ្នសីទ​ចក្ខុ​វិស័យ​​កម្ពុជា​ឆ្នាំ ២០១៩ ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​រៀបចំ​ដោយ វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​ប្រធាន​បទ «​ប្រែ​ក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​ឧស្សាកម្ម​ ៤.០»​ លោក​ ម៊ី​កល្យាណ​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ CDRI បាន​លើក​ឡើង​ថា ​ការ​ពិភាក្សា​ស្តីអំ​ពី​បច្ចេកវិទ្យា​ ឌីជីថល​​នៅ​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ គ្រាន់​តែ​ដើម​​ឆ្នាំ ២០១៩ នេះ​ មាន​សន្និសីទ​ចំនួន​ ៣ រួច​ទៅ​ហើយ​ដែល​រៀបចំ​ឡើង​ដើម្បី​ពិភាក្សា​អំពី​បច្ចេកវិទ្យា​ឌីជីថល។

លោក​ថ្លែង​ថា​៖ ​«​ជា​មួយ​នឹង​ការ​រីក​ចម្រើន​ឧស្សាហកម្ម​ ៤.០ ការ​ប្រែ​ក្លាយ​ផ្នែក​ឌីជីថល​អាច​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​ថ្មី​មួយ​ ដែល​កម្ពុជា​ត្រូវ​ការ ដើម្បី​សម្រេច​ចក្ខុ​វិស័យ​រយៈពេល​វែង​ក្លាយជា​ប្រទេស​មាន​​ចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ និង​ដើម្បី​ធ្វើ​សមាហរណកម្ម​កាន់​តែ​ជ្រាលជ្រៅ​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភព​លោក»។

សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស ​កម្ពុជា ​ឆ្នាំ ២០១៩ មាន​គោលដៅ​ជា​ទូទៅ​ដើម្បី​ប្រមូល​មតិយោបល់​របស់​អ្នក​ដឹក​នាំ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ វិស័យ​ឯកជន សហគមន៍​ស្រាវជ្រាវ​ និង​ភាគី​ពាក់ព័ន្ធ​ ស្តីពី​ការ​ប្រែ​ក្លាយ​ឆ្ពោះ​ទៅ​ឧស្សាហកម្ម​៤.០ ដើម្បី​ជួយ​​ដល់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​កំណើន​ និង​ការ​អភិវឌ្ឍ​​ក្នុង​​រយៈ​ពេល​វែង។

ការ​ផ្តោត​លើ​កម្រិត​ជឿន​លឿន​​ផ្នែក​បច្ចេកវិទ្យា នវានុវត្តន៍ និង​គុណភាព​អប់រំ បាន​កើន​ឡើង​​ក្នុង​ដំណាក់​កាល​ជា​​បន្ត​បន្ទាប់​នៃ​យុទ្ធសាស្រ្ត​ចតុកោណ​​របស់​រដ្ឋាភិបាល។ សកម្មភាព​សំខាន់ៗ​មក​ទល់​សព្វ​ថ្ងៃ​រួមមាន​​ការ​កសាង​​ផែនការ​មេ​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT) កម្ពុជា​ឆ្នាំ ២០២​០ ការ​តាក់តែង​ផែនការ​មេ​នៃ​រដ្ឋាភិបាល​​អេឡិចត្រូនិក​កម្ពុជា ការ​​​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​​ទិន្នន័យ​ និង​ការ​លើក​កម្ពស់​ក្រប​ខ័ណ្ឌ​ច្បាស់​សម្រាប់​ប្រព័ន្ធ​អេកូ​ឌីជីថល។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ បាន​ចូលរួម​ ក្នុង​ពិធី​បើក​សន្និសីទ​នេះ​កាល​ពី​ម្សិលមិញ​។ លោក​បាន​លើក​ឡើង​ថា​ បច្ចេកវិទ្យា​ឌីជីថល​អាច​ជួយ​ជំរុញ​កំណើន​ និង​ប្រសិទ្ធភាព។ បច្ចេកវិទ្យា​ឌីជីថល​រួមមាន​ទូរស័ព្ទ​ស្មាតហ្វូន​ បច្ចេកវិទ្យា​ពពក (Cloud Computing) បច្ចេកវិទ្យា​ប្រើ​រ៉ូបូត បច្ចេកវិទ្យា Block Chain ជា​ដើម​ បាន​​កំពុង​ផ្តល់​លទ្ធភាព​ខ្ពស់​ក្នុង​​ការ​បង្កើន​ការ​តភ្ជាប់​រវាង​មនុស្ស​ និង​មនុស្ស​ បង្កើត​ឡើង​នូវ​​ធុរកិច្ច​ថ្មីៗ​ ជាមួយ​នឹង​គំនិត​ថ្មីៗ សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ កាត់​បន្ថយ​របាំង​ចូល​ទីផ្សារ​ បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃ​ប្រឌិត​ថ្មីៗ និង​បង្កើត​សកម្មភាព​សហគ្រិន។ ​

លោក​ថ្លែង​ថា​៖​ «​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ពី​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ប្រទេស​​ដែល​ពឹង​ផ្នែក​សំខាន់​លើ​វិស័យ​ឧស្សាកម្ម​ និង​សេវាកម្ម​»។

លោក​បាន​​​បន្ត​ថា​៖ ​​«​ដើម្បី​ទាញ​​យក​អត្ថ​ប្រយោជន៍​ពី​​សេដ្ឋកិច្ច​ឌីជីថល​ឱ​បាន​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​រឹងមាំ​សម្រាប់​រយៈពេល​​វែង»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ នៅ​ដើម​ឆ្នាំ ​២០១៩ នេះ​ លោក​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (ឧត្តម​ក្រុម​​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ) ឲ្យ​បង្កើត​ក្រុម​ការងារ​រៀបចំ​ក្រប​ខ័ណ្ឌ​គោល​សេដ្ឋកិច្ច​ឌីជីថល​ ក្នុង​គោល​បំណង​ចាប់​​យក​ឱកាស​ពី​វិទ្យាសាស្រ្ត និង​​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ដោយ​ផ្តោត​​លើ​កត្តា​សំខាន់ៗ​ដូច​ជា ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​វិស័យ​ឌីជីថល ការ​បង្កើត​ថ្នាល​ឌីជីថល និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធុរកិច្ច​ឌីជីថល​ និង​ការ​លើក​កម្ពស់​ឌីជីថលូបនីយកម្ម​រដ្ឋាភិបាល​ សហគ្រិនភាព​ និង​ទិន្នន័យ​បើក​ចំហ​៕