ក្រុងប៉េកាំងៈ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បានបង្ហាញ​សញ្ញា​នៃ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ប្រទេស​នេះ​បាន​ចេញ​ផ្សាយ​ទិន្នន័យ​ចុះខ្សោយ​សម្រាប់​ទិន្នផល​ឧស្សាហកម្ម ការវិនិយោគ និង​ការលក់រាយ ចំពេល​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​ជាមួយ​អាមេរិក​។

ទិន្នផល​ឧស្សាហកម្ម​បាន​កើនឡើង ៤,៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៅ​ខែ​សីហា​ ដែល​ធ្លាក់​ចុះមក​នៅត្រឹម​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល ១៧ ​ឆ្នាំ និង​ធ្លាក់ចុះ​ពី ៤,៨ ភាគរយ​ កាលពី​ខែ​កក្កដា​។

តួលេខ​នេះ​មាន​កម្រិត​ក្រោម​ការរំពឹងទុក​របស់​អ្នកវិភាគ​ដោយ​ការស្ទង់មតិ​របស់​ក្រុម​អ្នកវិភាគ​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែលថា កំណើន​នេះ​នឹង​មាន​ ៥,២ ​ភាគរយ​។

លោក Fu Linghui អ្នកនាំពាក្យ​នៅ​ការិយាល័យ​ជាតិ​ស្ថិតិ​ដែល​ចេញ​ផ្សាយ​ទិន្នន័យ​នេះ​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ត្រូវតែ​ដឹងថា អស្ថិរភាព និង​ភាពមិន​ច្បាស់លាស់​អន្តរជាតិ​កំពុង​កើនឡើង​យ៉ាងខ្លាំង និង​ថា​បញ្ហា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​នៅក្នុង​ស្រុក​នៅតែ​មាន​ភាពលេចធ្លោ​នៅ​ឡើយ ហើយ​សម្ពាធ​ធ្លាក់​ចុះ​លើ​សេដ្ឋកិច្ច​កំពុង​កើនឡើង​»​។

កំណើន​ការលក់​រាយ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ៧,៥ ​ភាគរយ​ដោយ​ថយចុះ​ ០,១ ​ភាគរយ ធៀប​នឹង​កំណើន​នៅ​ខែ​កក្កដា និង​ការធ្វើឲ្យ​ប៉ះពាល់​ដល់​គោលបំណង​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​បង្កើន​ការប្រើប្រាស់​ក្នុងស្រុក​។

ការវិនិយោគ​លើ​ទ្រព្យសកម្ម​ថេរ​បាន​មើលឃើញ​កំណើន ៥,៥ ​ភាគរយ​ នៅ​រយៈពេល ៨ ខែ​ដំបូង​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន តែ​ធ្លាក់ចុះ ០,២ ​ភាគរយ​ ធៀប​នឹង​កំណើន​ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ដែល​រួមទាំង​ការធ្លាក់ចុះ​បន្តិច​ក្នុង​ការវិនិយោគ​អចលនទ្រព្យ​ដ៏សំខាន់​។

ទិន្នន័យ​ទាំង ៣ នេះ​មិន​ឆ្លើយតប​ទៅ​នឹង​ការរំពឹងទុក​របស់​អ្នកវិភាគ​នោះទេ ដោយ Bloomberg ព្យាករ​ថា​ការលក់រាយ​កើនឡើង ៧,៩ ​ភាគរយ ហើយ​ការវិនិយោគ​កើនឡើង ៥,៧ ​ភាគរយ​។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​ ចិន​ បាន​ធ្លាក់​ចុះមក​នៅត្រឹម ៦,២ ​ភាគរយ​ នៅ​ត្រីមាស​ទី​ ២ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ដែល​ជា​ល្បឿនខ្សោយ​បំផុត​នៅក្នុង​រយៈពេល​ជិត ៣ ​ទសវត្សរ៍​។

លោកនាយក​រដ្ឋមន្ដ្រីរ​បស់​ប្រទេស ​ចិន លី ខឺឈាំង ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើង​នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រុស្ស៊ី​ដែល​ត្រូវបាន​ចេញផ្សាយ​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​ថា​៖ «​សម្រាប់​ប្រទេស​ ចិន ដើម្បី​រក្សា​កំណើន ៦ ​ភាគរយ ឬ​លើសពី​នេះ​គឺ​ពិបាក​បំផុត​ក្នុង​បរិបទ​នៃ​ស្ថានការណ៍​អន្តរជាតិ​ដ៏ស្មុគស្មាញ និង​ក្នុង​គ្រា​ដែល​មាន​មូលដ្ឋាន​ប្រៀបធៀប​ខ្ពស់ ហើយ​អត្រា​នេះ​ស្ថិត​ក្នុង​ភាព​នាំមុខ​គ្នា​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​នានា​ក្នុង​ពិភពលោក​»៕ LA