ក្រុងតូក្យូៈ កំណើន​សេដ្ឋកិច្ច​ជប៉ុន​បាន​ថមថយ​ល្បឿន​យ៉ាងខ្លាំង​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការបារម្ភ​អំពី​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​ ៣ របស់​ពិភពលោក​មួយ​នេះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

សេដ្ឋកិច្ច​ជប៉ុន​បាន​កើនឡើង ០,១ ភាគរយ ​នៅក្នុង​រយៈពេល​ពី​ខែ​កក្កដា និង​ខែកញ្ញា​ដែល​ធ្លាក់ចុះ​ពី​កំណើន ០,៤ ភាគរយ​ដែល​បាន​មើលឃើញ​កាលពី​អំឡុង​ត្រីមាស​ទី​​ ២ និង​ទាប​ជាង​ខ្លាំង​ធៀប​នឹង​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ​។

រដ្ឋាភិបាល​ឲ្យ​ដឹងថា ការធ្លាក់​ចុះ​ការនាំចេញ​ក្នុង​គ្រា​ដែល​បន្ត​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​បាន​ដាក់​សម្ពាធ​លើ​កំណើន​តម្រូវការ​ក្នុងស្រុក​។

ក្រុមអ្នកវិភាគ​បាន​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣ នឹង​មាន​កម្រិត​ល្បឿនខ្លាំង​ជាង​នេះ ដោយសារ​តែ​អតិថិជន​បាន​ប្រញាប់ប្រញាល់​ទិញ​ទំនិញ​មុនពេល​មាន​ការបង្កើន​ពន្ធ​លើ​ទំនិញប្រើប្រាស់​ពី ៨ ​ភាគរយ​ដល់ ១០ ​ភាគរយ​នៅ​ថ្ងៃទី​ ១ ខែ​តុលា​។

យោងតាម​ទិន្នន័យ​ផ្លូវការ​ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន ការចំណាយ​គ្រួសារ​របស់​ជប៉ុន​បាន​កើនឡើង ៩,៥ ភាគរយ​កាលពី​ខែ​កញ្ញា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​អតិថិជន​ប្រញាប់ប្រញាល់​ក្នុង​ការបញ្ចប់​ការទិញ​គ្រឿងសង្ហារិម និង​ទំនិញ​មាន​តម្លៃ​ខ្ពស់​ផ្សេងទៀត​មុនពេល​មាន​ការដំឡើង​ពន្ធ​លើ​ទំនិញ​ប្រើប្រាស់​។

ប៉ុន្តែ​លោក Kentaro Arita សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ Mizuho បាន​ប្រាប់​ទីភា្នក់ងារ​ព័ត៌មាន AFP ថា​៖ «​ការទិញ​ទំនិញ​ច្រើន​ឡើងៗ​មុនពេល​ពន្ធ​កើនឡើង មិន​ខ្លាំង​នោះ​ទេ ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​ជប៉ុន​មិន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​រក្សា​ការ​ស្ទុះ​ងើបឡើង​វិញ​ប្រកប​ដោយ​ស្ថិរភាព​ឡើយ​»​។

លោក​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ជប៉ុន​នឹង​ដើរ​បញ្ច្រាស់​ពី​នេះ​វិញ​នៅ​ត្រីមាស​ទី​ ៤ ដោយសារតែ​ការប្រើប្រាស់​យឺត បន្ទាប់ពី​ការបង្កើន​ពន្ធ​។

លោក Arita ព្យាករ​ថា ការនាំចេញ​ខ្សោយ​មួយផ្នែក​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ក្តីបារម្ភ​ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន ប៉ុន្តែ​ប្រសិនបើ​ការដំឡើង​ពន្ធ​នាំចូល​ជុំ​ទី ​៤ (​ដោយ​អាមេរិក​) ត្រូវបាន​ពន្យារពេល​ដូច​ដែល​បាន​រំពឹងទុក​នោះ ការនាំចេញ​នឹង​ទំនង​ជា​កើនឡើង​។

ការធ្លាក់ចុះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​ការធ្លាក់ចុះ​ដល់​កម្រិត​ទាប​ខ្លាំង​មុន​ស្ទុះ​ងើបឡើង​វិញ ដែល​អាច​ផ្ដល់​ភាពខ្លាំង​ដល់​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី ៤​។

រដ្ឋាភិបាល​របស់​លោក ស៊ីនហ្សូ អាបេ បាន​ពន្យា​ពេល​ពីរដង​រួច​មក​ហើយ​ក្នុងការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ប្រើប្រាស់​នេះ​ដោយសារ​ក្តីបារម្ភ​ថា វា​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ដែល​ផុយស្រួយ​របស់​ប្រទេស​នេះ​។

ប៉ុន្តែ​បើទោះ​ជា​មាន​ការរំពឹង​ថា​នឹងមាន​ការពន្យារពេល​ដំឡើង​ពន្ធ​លើ​ទំនិញប្រើប្រាស់​នេះ​ក្តី ក៏​ការដំឡើង​នេះ​នៅ​តែ​ធ្វើឡើង​ទៅ​តាម​ផែនការ​នៅ​ថ្ងៃទី​ ១ ខែ​តុលា​។

មាន​ការភ័យខ្លាច​ដែលថា វិធានការ​ដំឡើង​ពន្ធ​នេះ​អាច​បង្ក​ឲ្យ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នោះ បាន​ថយចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​រដ្ឋាភិបាល​ជប៉ុន​ទទូច​ថា ការដំឡើង​ពន្ធ​នេះ​មាន​ភាពចាំបាច់​ដើម្បី​ផ្តល់​មូលនិធិ​ដល់​អាទិភាព​គោលនយោបាយ​សំខាន់ៗ​។

ប៉ុន្តែ​បើ​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​វិញ ការដំឡើង​ពន្ធ​បាន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ជប៉ុន​។

ការដំឡើង​ពន្ធ​លើ​ទំនិញ​ប្រើប្រាស់​ថ្មី​បំផុត​ពី ៣ ​ភាគរយ​ដល់ ៥ ភាគរយ​ក្នុង​ឆ្នាំ​ ១៩៩៧ និង​ក្រោយ​ដល់ ៨ ភាគរយ​នៅ​ឆ្នាំ​ ២០១៤ បាន​បង្ក​ឲ្យ​មាន​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​បន្ទាប់ពី​ការដំឡើង​ពន្ធ​នេះ​ម្តងៗ​។

ទោះបី​ជា​យ៉ាងណា​លោក Naoya Oshikubo សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Sumitomo Mitsui Trust Asset Management បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​ចាកចេញ​ពី​ព្យុះភ្លៀង​នេះ​នៅ​ឆ្នាំក្រោយ ខណៈពេល​ដែល​ប្រទេស​នេះ​ទំនង​ជា​ទទួល​បាន​ការជំរុញ​ពី​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​៕ LA