ក្រុងម៉ានីលៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ប្រទេស​ថៃ​អាច​នឹង​កើនឡើង​ដល់ ៤ ភាគរយ​ក្នុង​ឆ្នាំ​នេះ និង ៤,១ ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​វិនិយោគ​សាធារណៈ និង​ឯកជន និង​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​។

ក្នុង​របាយការណ៍​មួយ​ស្តីពី​និន្នាការ​សេដ្ឋកិច្ច និង​ចក្ខុវិស័យ​ដែល​មាន​ឈ្មោះ​ថា «​ការអភិវឌ្ឍ​អាស៊ី​៖ តំបន់​អាស៊ីអាគ្នេយ៍​» ធនាគារ ADB បាន​ឲ្យ​ដឹង​ថា ការវិនិយោគ​សាធារណៈ​អាច​នឹង​ស្ទុះ​ងើប​ឡើង​វិញ បន្ទាប់ពី​លទ្ធផល​ការងារ​មិន​សូវ​ល្អ​កាលពី​ឆ្នាំ​មុន​ដោយសារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ ៩០០ ពាន់​លាន​បាត (​ប្រហែល ២៨,៨៦ ពាន់​លាន​ដុល្លារ​) ស្ថិត​ក្រោម​ផែនការ​សកម្មភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឆ្នាំ​ ២០១៧ សម្រាប់​ការអភិវឌ្ឍ​ផ្លូវ​ដែក​ទៅវិញ​ទៅមក​ការពង្រីក​បណ្តាញ​ដឹកជញ្ជូន​យ៉ាង​ឆាប់​រហ័ស និង​ការពង្រីក​ផ្លូវ​ហាយវ៉េ​។

ភាគច្រើន​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​ចំណាយ​ប្រាក់​ច្រើន​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ក្នុង​ឆ្នាំ ​២០១៨ និង​ ២០១៩​។ ការវិនិយោគ​សាធារណៈ​ដែល​បាន​កើនឡើង ២៨,៤ ភាគរយ​នៅ​ឆ្នាំ​ ២០១៥ និង ៩,៥ ភាគរយ​នៅ​ឆ្នាំ​ ២០១៦ បាន​ធ្លាក់​ចុះ ១,២ ភាគរយ​កាលពី​ឆ្នាំ​មុន ដោយសារ​ច្បាប់​លទ្ធកម្ម​ថៃ​របស់​រដ្ឋាភិបាល​បាន​បង្ក​ឲ្យ​មាន​ការ​ពន្យារពេល​ដំណើរការ​លទ្ធកម្ម និង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​។

សេចក្តី​រាយការណ៍​ដដែល​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា គម្រោង​ធំៗ​ចំនួន ៥ នៅ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC) ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន​នឹង​អាច​ត្រូវ​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ​ដោយ​មាន​ការអនុវត្ត​ភ្លាមៗ​តាមរយៈ​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ឯកជន (PPP)៕ BP