ក្រុងបាងកកៈ ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ថៃ ត្រូវ​បាន​រំពឹង​ថា ​នឹង​កើន​ឡើង​ ៤ ភាគរយ​នៅ​ឆ្នាំនេះ​ បន្ទាប់​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​ជា​បន្ត​ ក្នុង​ការ​- ប្រើ​ប្រាស់ ​និង​ការ​វិនិយោគ ​ប៉ុន្តែ​សមត្ថភាព​ប្រកួត​ប្រជែង ​និង​ការ​ទទួល​យក​ការ​​ផ្លាស់​ប្តូរ​ឌីជីថល​របស់​ប្រទេស​នេះ នៅតែ​ជា​បញ្ហា​ប្រឈម​ទៅថ្ងៃ​មុខ។ នេះ​បើ​យោង​តាម​ឧប​នាយក​រដ្ឋមន្ដ្រី លោក Somkid Jatusripitak ។

លោក​ថ្លែង​ក្នុង​អំឡុង​សុន្ទរកថា​បើក​កម្មវិធី​ក្នុង​ពិព័រណ៍ (Money Expo) លើក​ទី​ ១៨ ឆ្នាំ​២០១៨ ​ថា​៖ «ខ្ញុំ​មាន​​ទំនុក​ចិត្ត​ថា ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ​(GDP) នឹង​កើន​ឡើង​ដល់​ ៤ ​ភាគរ​យ​នៅ​ឆ្នាំ​នេះ​ ដែល​នឹង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ១ ទសវត្សរ៍​ ដែល​សេដ្ឋ​កិច្ច​របស់​ប្រទេស​​កើន​ឡើង​ដល់​ ៣ ​ដង​នេះ»។

លោក​ថ្លែង​ថា៖ «យើង​កំពុង​ស្ថិត​​ក្នុង​អំឡុង​ពេល​អន្តរកាល ហើយ​រដ្ឋាភិបាល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​អន្តរកាល​នេះ​ដោយ​រលូន។ សេដ្ឋកិច្ច​កំពុង​កើន​ឡើង​បណ្ដើរៗ ទោះបី​ជា​កំណើន GDP មិន​អាច​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ក៏ដោយ ​ប៉ុន្តែ​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច ៤ ភាគរយ នឹង​ជួយ​លើក​កម្ពស់ និង​ជំរុញ​ប្រទេស​ថៃ​ឆ្ពោះ​ទៅ​មុខ»។

លោក​បន្តថា៖ «ការ​ស្ទុះ​ងើប​ឡើង​វិញ​ បាន​បង្ហាញ​តាម​រយៈកំណើន​ក្នុង​សូចនាករ​សេដ្ឋកិច្ច​មួយ​ចំនួន​ ដូចជា​ការ​ប្រើ​ប្រាស់ ​និង​ការ​វិនិយោគ​ឯកជន ខណៈ​សន្ទស្សន៍​ផ្សារ​ហ៊ុន​ថៃ នៅតែ​មាន​ចក្ខុវិស័យ​កំណើន​ដ៏ល្អ ​ទោះ​បីជា​ការ​កែ​តម្រូវ​នៅ​ពេល​ថ្មីៗ​ក៏​ដោយ។

លោក​បញ្ជាក់​ថា ការ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​ក្នុង​ស្រុក នឹង​ល្អ​សម្រាប់​ការ​នាំ​ចេញ និង​ផលិត​ផល​កសិកម្ម។

លោក​បន្ថែម​ថា លោក​នៅ​មាន​សុទិដ្ឋិនិយម​ពី​កំណើន​ការ​នាំ​ចេញ​ ៨ ​ភាគរយ​ឆ្នាំ​នេះ។

ថៃ ​បាន​បង្ហាញ​កំណើន​ដ៏រឹង​មាំ​របស់​ខ្លួន​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ក្នុង​ចំនួន ៣,៩​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​ ២០១៧ ដែល​បាន​ជំរុញ​ដោយ​ការ​នាំ​ចេញ ​និង​ទេសចរណ៍​ដ៏​រឹង​មាំ។ កំណើន GDP បាន​កត់​ត្រា​ក្នុង​ចំនួន ៣,៣ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ពីឆ្នាំ​ ២០១៦ ។

លោកស្រី Jingyan Chen សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន​បាន​ថ្លែង​ថា ប៉ុន្តែ​ការ​រួម​បញ្ចូល​គ្នា​ នៃ​កំណើន​ប្រាក់​ចំណូល​ខ្សោយ ​និង​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប បាន​បង្កើន​ការ​ពឹង​ផ្អែក​លើ​បំណុល ធ្វើ​ឲ្យ​ការ​កាត់​បន្ថយ​បំណុល​គ្រួសារ​ពិបាក​ក្នុង​រយៈពេល​ខ្លី។

លោក​ស្រី Jingyan Chen ថ្លែង​ថា៖ «បន្ទុក​បំណុល​កាន់​តែ​ខ្ពស់ នឹង​ទំនង​ជា​បន្ត​ធ្វើ​ឲ្យ​ប្រើប្រាស់​ឯក​ជន​ចុះ​ខ្សោយ។ ខណៈ​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ទូទាំង​ប្រទេស​ កាល​ពី​ខែ​មេសា ពី​ ២ ទៅ​ ៧ ភាគរយ គឺជា​ព័ត៌មាន​គួរ​ឲ្យ​ស្វាគមន៍ ដែល​យើង​សង្ស័យ​ថា ចំណែក​ដ៏ច្រើន​នេះ នឹង​សង​បំណុល​បាន​ ដូច្នេះ​វា​បាន​កម្រិត​ផល​ប៉ះពាល់​លើ​ការ​ចំណាយ និង​សេដ្ឋកិច្ច​ពិត»។

លោក Somkid Jatusripitak ថ្លែង​ថា ទោះ​បី​ជា​កំណើន GDP របស់​ប្រទេស​ ថៃ​ នឹង​កើន​ឡើង​ដល់​ ៤ ​ភាគរយ​នៅ​ឆ្នាំ​នេះ​ ក៏​ដោយ ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​ប្រទេស​នេះ​ផង​ដែរ​ ដូចជា​ ការ​ទទួល​យក​ជា​អន្តរជាតិ សមត្ថភាព​ប្រកួត​ប្រជែង​ និង​ការ​ប្រែប្រួល​ទៅ​តាម​សម័យ​ឌីជីថល ទាក់ទង​នឹង​ធនាគា​ការ​ធានា​រ៉ាប់​រង និង​ទីផ្សារ​មូលធន៕LA