ក្រុង​ម៉ិកស៊ីកូៈ សេដ្ឋកិច្ច​របស់​​ប្រទេស ​ម៉ិកស៊ិក ​បាន​ធ្លាក់​ចុះ ០,២ ភាគរយ ​នៅ​ត្រីមាស​ទី១ ឆ្នាំ​មុន ដែល​ជា​ការ​ចាប់​ផ្តើម​ដ៏​​លំបាក​មួយ​សម្រាប់​លោក​ប្រធានាធិបតី​ថ្មី Andres Manuel Lopez Obrador។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​​របស់​រដ្ឋាភិបាល។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ​បង្កើន​​ប្រផ្នូល​នៃ​ការ​កើត​មាន​ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច ដែល​ជា​ការ​គំរាម​កំហែង​ដល់​ការ​សន្យា​របស់​លោក​ប្រធានាធិបតី ថា​នឹង «ផ្លាស់​ប្តូរ» ​ម៉ិកស៊ិក និង​សម្រេច​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច ៤ ភាគរយ។

តួលេខ​​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​សម្រាប់​ត្រីមាស​ទី១ នេះ មាន​អត្រា​ដូច​គ្នា​ទៅ​នឹង​តួលេខ​បឋម​ដែល​ត្រូវ​បាន​ចេញ​​ផ្សាយ​កាល​ពី​ខែ​មេសា ដែល​បាន​បង្ក​ឲ្យ​ក្រុម​អ្នក​វិភាគ​មាន​ការ​ភ្ញាក់​ផ្អើល និង​បាន​ជំរុញ​​​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​កើត​​មាន​ការ​ដើរ​​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​របស់​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី២ ក្នុង​តំបន់​អាមេរិកឡាទីន​នេះ ពោល​​គឺ​មាន​ន័យ​ថា មាន​​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​រយៈពេល​ ២ ឬ​ច្រើន​ត្រីមាស​ជាប់​គ្នា។

សេដ្ឋកិច្ច​របស់​ម៉ិកស៊ិក​ទទួល​​បាន​កំណើន​សូន្យ​ភាគរយ​នៅ​ត្រីមាស​ទី៤ ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​​ស្ថិតិ​ជាតិ (INEGI)។

លោក Lopez Obrador បាន​​និយាយ​សម្រាល​ទិន្នន័យ​សេដ្ឋកិច្ច​នេះ។

លោក​បាន​ប្រាប់​សន្និសីទ​មួយ​​ថា «នៅ​មាន​ពេល​នៅ​ឡើយ» ដើម្បី​សម្រេច​បាន​គោលដៅ​​របស់​លោក​ក្នុង​ការ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ២ ភាគរយ​នៅ​ឆ្នាំ ២០១៩។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ហ៊ាន​ភ្ញាល់។ ខ្ញុំ​មិន​ចុះ​ចាញ់​ឡើយ។ សូម​ចាំ​មើល​ចុះ​ថា តើ​ឆ្នាំ​នេះ​នឹង​ចប់​យ៉ាង​ដូចម្តេច?»។

នៅ​ខែ​មេសា ធនាគារ​កណ្តាល​ម៉ិកស៊ិក​បាន​ទម្លាក់​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩ ចំនួន ៤ ភាគរយ​មក​នៅ​​​ពី ១,១ ទៅ ២,១ ភាគរយ។

លោក Lopez បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ម៉ិកស៊ិក​ឆ្នាំ​មុន៕ AFP/KA