ក្រុងប៉ារីសៈ ការវិភាគ​ថ្មី​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ការប្រែប្រួល​អាកាសធាតុ​អាច​ធ្វើឲ្យ​ខាតបង់​ដោយ​ផ្ទាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ចំនួន ៧,៩ ពាន់​ពាន់​លាន​ដុល្លារ​ នៅត្រឹម​ពាក់កណ្ដាល​សតវត្សរ៍​នេះ ដោយសារ​កំណើន​ភាពរាំងស្ងួត ទឹកជំនន់ និង​បរាជ័យ​ដាំ​ដំណាំ រារាំង​កំណើន និង​គំរាមកំហែង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​។

សន្ទស្សន៍​ភាពធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (CC-RI) របស់​អង្គភាព​ព័ត៌មាន​សេដ្ឋកិច្ច (EIU) បាន​វាស់វែង​ការត្រៀមខ្លួន​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ចំនួន ៨២ ក្នុង​ពិភពលោក និង​បាន​រកឃើញ​ថា​ដោយ​ផ្អែកលើ​និន្នាការ​បច្ចុប្បន្ន ផលវិបាក​ដោយសារ​តែ​ការឡើង​កម្ដៅ​នឹង​កាត់បន្ថយ ៣ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (G- DP) ​ត្រឹម​ឆ្នាំ​ ២០៥០​។

ការវិភាគ​របស់​អង្គភាព​នេះ​ដែល​វាយតម្លៃ​ការ​ប្រឈម​ដោយផ្ទាល់​របស់​ប្រទេស​នីមួយៗ​ទៅ​នឹង​ការខាត់បង់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ នាំ​មក​នូវ​ព្រឹត្តិការណ៍​អាកាសធាតុ​កាន់តែ​ញឹកញាប់​ជាង​នេះ​ដែល​បាន​រកឃើញថា ទ្វីប​អាហ្វ្រិក​ស្ថិតក្នុង​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដោយ ៤,៧ ​ភាគរយ ​នៃ GDP របស់​ទ្វីប​នេះ​ស្ថិត​ក្នុង​ភាពមិន​ច្បាស់លាស់​។

ជាទូទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ក្រីក្រ​មិនមាន​ភាពធន់​ខ្លាំង​ជាង​ប្រទេស​អ្នក​មាន​ទេ​។

លោក John Ferguson នាយក​ផ្នែក​វិភាគ​ប្រចាំ​ប្រទេស​នៃ​អង្គភាព EIU បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ជា​បញ្ហា​របស់​អ្នកមាន​»​។

ប្រទេស​កាន់តែ​មាន​ពិតជា​អាចមាន​ភាព​ធន់​កាន់តែខ្លាំង​ចំពោះ​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដូច្នេះ​ការណ៍​នេះ​ពិតជា​គំរាមកំហែង​ដល់​គន្លង​កំណើន​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយសារ​តែ​ប្រទេស​ទាំងនោះ​ព្យាយាម​តាម​ឲ្យ​ទាន់​ប្រទេស​អភិវឌ្ឍន៍​»​។

លោក​បន្ថែម​ថា​៖ «​នៅពេល​យើង​កំពុង​ដោះស្រាយ​រួច​ហើយ​ជាមួយ​នឹង​វិសមភាព​ទូទាំង​ពិភពលោក​នោះ សម្រាប់​ផលប៉ះពាល់​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ប្រឈម​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​ទំហំ​ខ្លាំង​ជាង​មុន​»​។

ក្នុងចំណោម​ប្រទេស​ដែល​ត្រូវបាន​វាយតម្លៃ ប្រទេស​អង់ហ្គោឡា រង់ចាំតែ​ការខាតបង់​ខ្លាំង​ជាងគេ ដែល​ខាតបង់​រហូតដល់ ៦,១ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

ការសិក្សា​នេះ​បានលើក​ឡើង​ពី​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​គុណភាព ព្រមទាំង​បញ្ហា​ប្រឈម​ទៅ​ភាពរាំងស្ងួត​ធ្ងន់ធ្ងរ សំណឹក​ដី និង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​ដោយសារ​ស្ថានភាព​ភូមិសាស្ដ្រ​។

របាយការណ៍​បាន​ឲ្យ​ដឹងថា ការ​សឹករេចរឹល​ដី​នៅក្នុង​ប្រទេស​អង់ហ្គោឡា​នឹង​បង្ហាញ​ឧបសគ្គ​សេដ្ឋកិច្ច «​យ៉ាងខ្លាំង​» ដោយសារ​ថា កសិកម្ម​គឺជា​វិស័យ​ដែល​ផ្ដល់​ការងារ​ឈានមុខ​គេ​របស់​ប្រទេស​នេះ​។

ប្រទេស ​នីហ្សេរីយ៉ា (​ដែល​ផលិតផល​ក្នុងស្រុក​សរុប​មាន (៥,៩ ​ភាគរយ​) ​អេហ្ស៊ីប (៥,៥ ភាគរយ​) បង់ក្លាដែស (៥,៤ ​ភាគរយ​) និង​វ៉េណេស៊ុយអេឡា (៥,១ ​ភាគរយ​) គឺជា​ប្រទេស​ងាយ​ទទួលរងគ្រោះ​ដោយសារ​អាកាសធាតុ​ខ្លាំង​បំផុត​បន្ទាប់ពី​អង់ហ្គោឡា​ដែល​បានកំណត់​អត្តសញ្ញាណ​នៅក្នុង​ការវិភាគ​នេះ​។

ការវិភាគ​នេះ​បន​ឲ្យ​ដឹង​ទៀតថា ការកើនឡើង​កម្តៅ​មានន័យថា សេដ្ឋកិច្ច​ពិភពលោក​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ២៥០ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៥០ ខណៈ​ដែល​បើ​គ្មាន​ផលប៉ះពាល់​បរិយាកាស​ទេ សេដ្ឋកិច្ច​នេះ​នឹង​កើនឡើង​ដល់ ២៥៨ ​ពាន់​ពាន់​លាន​ដុល្លារ​។

សហរដ្ឋអាមេរិក​ដែល​នៅតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​បើ​គិត​តាម​អត្រា​ទីផ្សារ​ត្រូវ​បាន​ព្យាករ​ថា​ជា​ប្រទេស​មួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ផលប៉ះពាល់​តិច​បំផុត​។ EIU បាន​កត់សម្គាល់​ថា គោលនយោបាយ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ការដើរ​ថយក្រោយ​បណ្តោះអាសន្ន​ក្នុង​ការប្រយុទ្ធ​នឹង​ការប្រែប្រួល​បរិយាកាស​។

EIU បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស ​រុស្ស៊ី​ ត្រូវ​បាន​ព្យាករ​ថា​នឹង​បាត់បង់​សេដ្ឋកិច្ច ៥ ​ភាគរយ​នៃ ផ.ស.ស នៅ​ត្រឹម​ឆ្នាំ​ ២០៥០ ហើយនឹង «​រងគ្រោះ​ខ្លាំង​ជាង​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​បរិយាកាស​»​។ ការណ៍​នេះ​នឹង​នៅតែ​ជាការ​លើកឡើង​ពិតប្រាកដ​មួយ ទោះ​ជា​ការកើនឡើង​អត្ថប្រយោជន៍​កសិកម្ម​ដែល​អាច​កើត​មាន​ត្រូវបាន​លើក​យក​មក​ពិចារណា​ក្តី​៕ LA