ក្រុង​សិង្ហបុរីៈ សេដ្ឋកិច្ច​របស់​សិង្ហបុរី​ទំនង​ជា​កំពុង​ថមថយ​សម្ទុះ​នៅ​ឆ្នាំ​នេះ ដោយ​នៅ​ត្រីមាស​ទី​ ២ សេដ្ឋកិច្ច​បាន​កើនឡើង​ទាប​ជាង​ត្រីមាស​មុន ហើយ​មាន​ការ​រំពឹងទុក​នឹង​មាន​ឧបសគ្គ​ធំៗ​បន្ថែម​ទៀត​នៅ​ឆមាស​ទី​ ២ ឆ្នាំ​នេះ​ ខណៈ​ដែល​វិស័យ​ផលិតកម្ម​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្លាំង​។

សេដ្ឋកិច្ច​របស់​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​មួយ​នេះ​បាន​កើនឡើង ៣,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​ទាប​ជាង​កំណើន ៤,៥ ​ភាគរយ​ដែល​ទទួល​បាន​នៅ​ត្រីមាស​ទី​ ១​។ នេះ​បើ​យោង​តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម (MTI) ដែល​ចេញ​ផ្សាយ​ពី​ថ្ងៃ​ពុធ​។

តួលេខ​នេះ​មិន​ត្រូវ​គ្នា​នឹង​ការរំពឹង​ទុក​របស់​ទីផ្សារ​នោះ​ឡើយ​ដោយ​ក្រុម​សេដ្ឋវិទូ​បាន​ព្យាករ​ថា​នឹង​ទទួល​បាន​កំណើន ៤,១ ​ភាគរយ​។

ដោយ​ទប់ទល់​នឹង​ស្ថានភាព​ទូទៅ​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ក្រសួងពាណិជ្ជកម្ម​បាន​រក្សា​ការ​ព្យាករ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (​ផ.ស.ស​) របស់​ខ្លួន​ពី ២,៥ ​ភាគរយ​ដល់ ៣,៥ ​ភាគរយ​នៅ​ឆ្នាំ​នេះ​។ ការ​ព្យាករ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ទទួល​បាន​កំណើន ៣,៦ ​ភាគរយ​កាលពី​ឆ្នាំ​មុន​។

ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​នៅ​ឆមាស​ទី​ ២ ឆ្នាំ​នេះ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​បាន​កត់សម្គាល់​ថា ហានិភ័យ​នៃ​ការធ្លាក់ចុះ និង​ភាព​មិន​ច្បាស់លាស់​បាន​កើនឡើង​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​។

លោក Loh Khum Yean លេខាធិការ​អចិន្រៃ្តយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​៖ «​មាន​ហានិភ័យ​នៃ​ការកើនឡើង​ជម្លោះ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដែល​អាច​ឈាន​ទៅ​រក​វដ្ដ​ដ៏អាក្រក់​នៃ​វិធានការ​សងសឹក​ទៅវិញ​ទៅមក​រវាង​អាមេរិក និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ផ្សេង​ទៀត​»៕ ANN/LA