ភ្នំពេញៈ ធនា​គារ​ពិ​ភព​លោក (WB) កាល​ពី​ម្សិល​មិញ ​​បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​របាយ​ការណ៍​ចុង​ក្រោ​យ​របស់​ខ្លួន​​ស្ដី​ពី​ចក្ខុ​វិ​ស័យ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​​ ដោយ​​រំ​ពឹង​ថា ​សេដ្ឋ​កិច្ច​​​កម្ពុជា​នឹង​​កើន​ឡើង​​​កាន់​តែ​ខ្ពស់​នៅ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន ទោះ​បី​ជា​សេដ្ឋ​កិច្ច​ពិ​ភព​លោក​បន្ត​​ថម​ថយ​សម្ទុះ​​ក៏​ដោយ។

យោង​តាម​របាយ​ការណ៍​​​បច្ចុ​ប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា (Cambodia Economic Update) ​របស់​ធនាគារ​ពិ​ភព​លោក​ ដែល​ចេញ​ផ្សាយ​ ២ ដង​ក្នុង​ ១ ​ឆ្នាំ​​​ និង​​ផ្ដល់​ព័ត៌​មាន​​បច្ចុ​ប្បន្ន​ភាព​​ស្ដី​ពី​ ការ​អភិ​វឌ្ឍ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​រយៈ​​ពេល​​ខ្លី និង​មធ្យម​ អត្រា​កំ​ណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​​នឹង​កើន​ឡើង​ដល់​ ៧,១​ ភាគ​រយ​​ក្នុង​ឆ្នាំ ២០១៨ ដែល​​​ខ្ពស់​ជាង​បន្តិច​ពី​កំ​ណើន​​​កាល​ពី​ឆ្នាំ ២០១៧ ដែល​​មាន ៧ ភាគ​រយ​​​។ កំ​ណើន​នេះ​ត្រូវ​បាន​ជំ​រុញ​ភាគ​ច្រើន​ ដោយ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ​ដែល​ភាគ​ច្រើន​​​គាំ​ទ្រ​​​ដោយ​តម្រូវ​ការ​ខ្លាំង​​​នៅ​អា​មេ​រិក និង​ស​ហ​ភាព​អឺ​រ៉ុប។

ទោះ​បី​ជា​ចក្ខុ​វិ​ស័យ​មាន​វិជ្ជ​មាន​ក៏​ដោយ​ក៏​សេដ្ឋ​វិ​ទូ​របស់​ធនាគារ​ពិ​ភព​លោក​​ព្រ​មាន​ពី​ហា​និ​ភ័យ​ខាង​ក្រៅ​ រួម​ទាំង​ការ​ដក​ចេញ​ការ​អនុ​គ្រោះ​ «ពន្ធ​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អា​វុធ​ (EBA)» ដែល​អាច​កើត​មាន​ឡើង​​សម្រាប់​ប្រ​ទេស​ កម្ពុជា​ និង​ផល​ប៉ះ​ពាល់​រយៈ​ពេល​វែង​ដែល​មិន​អាច​ព្យា​ករ​បាន​ ដោយ​សារ​ជម្លោះ​ពា​ណិជ្ជ​កម្ម​អា​មេ​រិក និង​ចិន។ នៅ​​ក្នុង​ប្រ​ទេស​វិញ ហា​និ​ភ័យ​ជាប់​ទាក់​ទង​នឹង​​វិ​ស័យ​​ហិ​រញ្ញ​វត្ថុ​ គួរ​តែ​ត្រូវ​បាន​យក​មក​ពិ​ចារណា​ ​ដោយ​សា​រ​វិ​ស័យ​នេះ​​​បន្ត​កើន​ឡើង​​ដោយ​​ការ​ពឹង​ផ្អែក​​ខ្លាំង​ទៅ​លើ​​​វិ​ស័យ​សំ​ណង់ និង​អ​ច​ល​ន​ទ្រព្យ។

លោក លី សុដេត សេដ្ឋ​វិ​ទូ​ជាន់​ខ្ពស់​​ប្រ​ចាំ​ធនា​គារ​ពិ​ភព​លោក​ទទួល​បន្ទុក​ប្រ​ទេស​ កម្ពុជា ​​បាន​ថ្លែង​ថា​៖ «​អាទិ​ភាព​សម្រាប់​​​ប្រ​ទេស​ កម្ពុជា​ រួម​មាន​ទាំង​​​ការ​ការ​ពារ​​សុខ​ភាព​​វិ​ស័យ​ហិរ​ញ្ញ​វត្ថុ​ ខណៈ​ដែល​បង្កើន​ទុន​បម្រុង​ ការ​ពង្រឹង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង និង​ការ​បង្កា​​រ​មិន​ឲ្យ​មាន​ការ​កើន​ឡើង​​​​អត្រា​ប្តូរ​ប្រាក់​រៀល​លឿន​​រហ័ស​ ដោយ​សារ​​កំ​ណើន​​​នាំ​ចូល​នៅ​ពេល​ថ្មី​ៗ»។

ធនា​គារ​ពិ​ភព​លោក​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ បាន​កែ​តម្រូវ​ឋានៈ​​​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ ដែល​ដំ​ឡើង​​ពី​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​​កម្រិត​ទាប​ទៅ​ជា​​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​​​មធ្យម​កម្រិត​​ទាប បន្ទាប់​ពី​​ប្រាក់​ចំ​ណូល​ជាតិ​ដុល (GNI) ​ក្នុង​មនុស្ស​ម្នាក់​កាល​ពី​ឆ្នាំ ២០១៥ របស់​ប្រ​ទេស​នេះ​មាន​លើស​ពី​​​​កម្រិត​កំ​ណត់​ ១,០២៦ ដុល្លារ​សម្រាប់​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​ទាប ​ ពោល​គឺ​​​កើន​ឡើង​ដល់ ១,០៧០​ដុ​ល្លារ។

ដោយ​មាន​កំ​ណើន​សេដ្ឋ​កិច្ច​យ៉ាង​រហ័ស​​ជា​មធ្យម​​ចំនួន ៧ ភាគ​រយ​ប្រ​ចាំ​ឆ្នាំ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ចុង​ក្រោយ​ រដ្ឋា​ភិ​បាល​កម្ពុជា​រៀប​ចំ​ផែន​ការ​ថា ប្រ​ទេស​នេះ​​នឹង​សម្រេច​បាន​ឋានៈ​ជា​ប្រ​ទេស​មាន​​ប្រាក់​ចំ​ណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ និង​ក្លាយ​ជា​​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ ២០៥០។

ដើ​ម្បី​សម្រេច​​​ឋានៈ​​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​មធ្យម​កម្រិត​ខ្ពស់​នេះ តួ​លេខ​ប្រាក់​ចំ​ណូល​ជាតិ​ដុល​សម្រាប់​មនុស្ស​ម្នាក់​​ត្រូវ​តែ​លើស​ពី ៣,៨៩៦ ដុល្លារ​​ក្នុង​ ១ ​ឆ្នាំ ដែល​​​ច្រើន​ជាង ​៣ ​ដង​ធៀប​នឹង​ប្រាក់​ចំ​ណូល​ជាតិ​ដុល​​ក្នុង​មនុស្ស​ម្នាក់​​នៅ​ពេល​បច្ចុ​ប្បន្ន​។​

បើ​ទោះ​ជា​​ចក្ខុ​វិ​ស័យ​រយៈ​ពេល​វែង​នៅ​តែ​មាន​ភាព​​វិជ្ជ​មាន​ក្តី ក៏​​លោក​ស្រី​ Inguna Dobraja នា​យក​ប្រ​ចាំ​​ប្រ​ទេស​ កម្ពុជា ​​​របស់​ធនា​គារ​ពិ​ភព​លោក​​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​​កម្ពុជា​​​ចាំ​បាច់​ត្រូវ​អភិ​វឌ្ឍ​មូល​ធន​រូប​វន្ត និង​មូល​ធន​​មនុស្ស​របស់​ខ្លួន​ ដើ​ម្បី​ទទួល​បាន​​ឋានៈ​ជា​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​កាន់​តែ​​​ខ្ពស់​ក្នុង​រយៈ​ពេល​វែង។

លោក​ស្រី​បាន​ថ្លែង​ថា៖ «ដើ​ម្បី​សម្រេច​បំ​ណង​ប្រា​ថ្នា​​​ក្លាយ​ជា​ប្រ​ទេស​​មាន​​ប្រាក់​ចំ​ណូល​មធ្យម​កម្រិត​​ខ្ពស់​​របស់​ខ្លួន ​កម្ពុជា​ចាំ​បាច់​ត្រូវ​​បង្កើន​ការ​វិ​និ​យោគ​របស់​ខ្លួន​លើ​មូល​ធន​​មនុស្ស និង​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ និង​​ទទួល​យក​ការ​កែ​ទម្រង់​នា​នា​​ដែល​អាច​ឲ្យ​មាន​​​កំ​ណើន​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​និរន្តរ​ភាព និង​បរិយា​ប័ន្ន»។

លោក​ស្រី​បាន​មាន​ប្រ​សាសន៍​បន្ត​ថា៖ «​​ការ​ប្រ​មូល​ផ្ដុំ​​ការ​សន្សំ​ប្រាក់​​ក្នុង​ស្រុក​ដ៏​ច្រើន ​ដើ​ម្បី​បង្កើន​ការ​វិ​និ​យោគ​ មាន​សារៈ​សំ​ខាន់​ដើ​ម្បី​ទទួល​​បាន​អ្វី​ដែល​​​ប្រ​ទេស​ អាស៊ី ​​ដែល​មាន​​ប្រតិ​បត្តិ​ការ​ខ្ពស់​​សម្រេច​បាន​​»។

របាយ​ការណ៍​នេះ ក៏​អំ​ពាវ​នាវ​ផង​ដែរ​​​ឲ្យ​មាន​ការ​បំ​ពេញ​កង្វះ​ខាត​​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បន្ថែម​ទៀត​ ដើ​ម្បី​ស្រូប​យក​កំ​ណើន​ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​​ខាង​​ផលិត​កម្ម និង​កែ​ច្នៃ​​កសិ​កម្ម​ ព្រម​ទាំង​​បន្ត​កែ​លម្អ​បរិ​យា​កាស​ពា​ណិជ្ជ​កម្ម​ផង​ដែរ៕ LA