ក្រុងវ៉ាស៊ីនតោនៈ ភាគច្រើន​នៃ​សេដ្ឋវិទូ​រំពឹងថា អាមេរិក​នឹង​ជួបប្រទះ​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ក្នុងពេល ២ ​ឆ្នាំ​ខាងមុខ​។ នេះ​បើ​យោង​តាម​ការអង្កេត​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

សមាគមជាតិ​សម្រាប់​សេដ្ឋវិទូ​ធុរកិច្ច (NABE) បាន​រកឃើញ​ថា ឥឡូវ​មាន​អ្នកជំនាញ​តិចតួច​ណាស់​ដែល​គិតថា ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​បន្ទាប់​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ធៀប​នឹង​ការអង្កេត​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ខែកុម្ភៈ​។

សមាគម NABE បាន​អនុវត្ត​ការស្ទង់មតិ​គោលនយោបាយ​របស់​ខ្លួន ខណៈ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​វាយប្រហារ​ធនាគារកណ្តាល​អាមេរិក ដោយ​ទាមទារ​ឲ្យ​ធនាគារកណ្តាល​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ថែម​ទៀត​មុន​ពេល​មានការ​ទម្លាក់​អត្រា​ការប្រាក់​គោល​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា​។

លោក Constance Hunter ដែល​ជា​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន KPMG និង​ជា​ប្រធាន NABE ថ្លែងថា​៖ «​ការឆ្លើយតប​ការអង្កេត​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​នឹង​បន្ត​កើតមានឡើង​តាមរយៈ​ការផ្លាស់ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​»​។

NABE បាន​ឲ្យ​ដឹង​ថា​មាន​តែ ២ ​ភាគរយ​ប៉ុណ្ណោះ​នៃ​អ្នក​ឆ្លើយ​សំណួរ​ចំនួន ២២៦ បច្ចុប្បន្ន​បាន​មើលឃើញ​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ធៀប​នឹង ១០ ​ភាគរយ​ក្នុង​ការអង្កេត​នៅ​ខែ​កុម្ភៈ​។

លោក Hunter បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​សង្ខេបនៃ​ការអង្កេត​នេះ​ថា ទោះជា​យ៉ាង​ណា អ្នកឆ្លើយ​សំណួរ​យល់ឃើញ​ផ្សេង​គ្នា​ទាក់ទង​នឹង​ថា តើ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​នឹង​កើត​មាន​នៅ​ឆ្នាំ​ ២០២០ ឬ ២០២១? ការអង្កេត​នេះ​បង្ហាញ​ថា ៣៨ ​ភាគរយ​រំពឹងថា​នឹង​មាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ ខណៈ ៣៤ ​ភាគរយ​រំពឹង​ថា​នឹងមិន​កើតមាន​ឡើយ​រហូត​ដល់​ឆ្នាំ ២០២១​។

សេដ្ឋវិទូ​កាន់តែ​ច្រើន​បាន​ប្តូរ​ការ​ទស្សន៍ទាយ​ពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​របស់ខ្លួន​ទៅ​ឆ្នាំ​ ២០២១ វិញ​។

អង្កេត​នេះ​បាន​បង្ហាញ​ថា ៤៦ ភាគរយ​រំពឹង​ថា​យ៉ាង​ហោចណាស់ ធនាគារកណ្តាល​នឹង​មាន​ការទម្លាក់​ការប្រាក់​ម្តង​ទៀត​នៅ​ឆ្នាំ​នេះ​ខណៈ ១ ភាគ ៣ មើល​ឃើញ​ថា​ការប្រាក់​នេះ​នឹង​រក្សា​នៅ​កម្រិត​ដដែល​ក្នុង​ឆ្នាំ​នេះ​៕ KC