ទីក្រុងញូវយ៉កៈ សេតវិមាន​កាលពី​ថ្ងៃអាទិត្យ​បាន​ផ្លាស់ប្តូរ​កលល្បិច​ជាថ្មី​លើ​ការជំរុញ​សេដ្ឋកិច្ច​អាមេរិក​រង​ការវាយប្រហារ​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដោយពេល​នេះ​ជំរុញ​តំណាងរាស្ត្រ​ឱ្យ​គាំទ្រ​ផែនការ​ដើម្បី​ជួយ​អាជីវកម្ម​ខ្នាតតូច​នៅ​ប៉ុន្មាន​សប្តាហ៍​មុនពេល​ការបោះឆ្នោត​ប្រធានាធិបតី​។

ការផ្លាស់ប្តូរ​នេះ​កើតមានឡើង​បន្ទាប់ពី​ទាំង​គណបក្ស​សាធារណរដ្ឋ​របស់លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បដិសេធ​ដោយហេតុផល​ផ្សេងៗ​គ្នា ចំពោះ​ការបង្កើន​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​ចំនួន​ ១,៨ ​ពាន់​ពាន់​លាន​ដុល្លារ​ដែល​ស្នើឡើង​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។

ក្នុង​លិខិត​ផ្ញើ​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃ​អាទិត្យ ប្រធាន​បុគ្គលិក​ប្រចាំ​សេតវិមាន លោក Mark Meadows និង​រដ្ឋមន្ត្រី​រតនាគារ​ជាតិ លោក Steven Mnuchin បាន​ជំរុញ​ឱ្យ​គាំទ្រ​ចំពោះ​ច្បាប់​នេះ​ដែល​អនុញ្ញាត​ឱ្យប្រើ​ទឹកប្រាក់​ ១៣០​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​មិនបាន​ប្រើប្រាស់​ពី​ផែនការ​គាំទ្រ​មុន​ដែល​អាចដាក់​ទិសដៅ​ជាថ្មី​។

ថវិកា​ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម ជាពិសេស​ក្រុមហ៊ុន​សហគ្រាស​ធុនតូច និង​មធ្យម​ដែល​ប្រឈម​ធ្លាក់ចុះ​ចំណូល ខណៈ​ពេល​ដែល​ការចរចា​សម្រាប់​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ​។

លិខិត​នោះបាន​ឱ្យដឹង​ថា​៖ «​ឥឡូវនេះ​ជា​ពេលវេលា​សម្រាប់​ពួកយើង ដើម្បី​ធ្វើ​ការងារ​រួមគ្នា និង បោះឆ្នោត​បន្ទាន់​គាំទ្រ​ច្បាប់ ដើម្បី​អនុញ្ញាត​ឱ្យ​ពួកយើង ចំណាយ​មូលនិធិ​ពី​កម្មវិធី​គាំពារ​ការបើក​ប្រាក់បៀវត្សរ៍ ដែល​មិនបាន​ប្រើប្រាស់ ខណៈ​ដែល​យើង​បន្តធ្វើ​ការងារ​សំដៅ​ទៅ​រក​កញ្ចប់​ថវិកា​ច្រើនជាង​នេះ​»​។

វា​ដូច​មិន​ទំនង​ដែល​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទទួល​យក​ការស្នើសុំ​ដែលមាន​រយៈពេល​ប្រហែល​ ៣ ​សប្តាហ៍​ទៀត រហូត​ដល់​បោះឆ្នោត​នៅ​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា​ និង​ពេលដែល​លោក​ ត្រាំ ​តាម​ពីក្រោយ​គូប្រជែង​លោក​ Joe Biden ក្នុង​ការបោះឆ្នោត​ស្ទង់មតិ​។

ប្រធាន​រដ្ឋសភា លោកស្រី Nancy Pelosi ដែល​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល បាន​បដិសេធ​រួចទៅហើយ​នូវ​គំនិត​ណាមួយ​នៃ​វិធានការ​ដែល​បាន​ដៅ​ដោយ​និយាយថា លោកស្រី ចង់​គាំទ្រ​សេដ្ឋកិច្ច​ធំ​ទូលាយ​ដែល​លោកស្រី​ជឿថា​នឹង​ជំរុញ​សកម្មភាព​។

យុទ្ធសាស្ត្រ​ថ្មី​របស់​សេតវិមាន​កើតមានឡើង​បន្ទាប់ពី​ ១ ​សប្តាហ៍​ដែល​លោក​ ត្រាំ និង​ក្រុម​របស់លោក​បាន​ប្តូរ​កលល្បិច​រវាង​ការកាត់បន្ថយ​ការជជែក ត្រឡប់​ទៅរក​តុ​ចរចា និង​វិធានការ​ដែល​បាន​ដៅ​ទុក ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​ទេ​។

សេតវិមាន​កាលពី​ថ្ងៃ​សុក្រ​បាន​បន្ថែម​ការផ្តល់​របស់​ខ្លួន​ដោយ​ស្នើ​នូវ​កញ្ចប់​ទឹកប្រាក់​ ១,៨ ​ពាន់​ពាន់​លាន​ដុល្លារ ពេល​ដែល​លោក​ ត្រាំ​ ខ្លួនឯង និយាយ​ថា លោក​ពេញចិត្ត​សូម្បី​កញ្ចប់​ថវិកា​ធំ​ជាង​នេះ​។

វីរុស​កូរ៉ូណា​បាន​វាយប្រហារ​សេដ្ឋកិច្ច​អាមេរិក​យ៉ាងខ្លាំង​ដោយ​ប្រជាជន​ជិត​ ១១ ​លាន​នាក់​បាត់បង់​ការងារ ហើយ​ប្រជាជន​សរុប​ ២៥ ​លាន​នាក់ បើ​ជួបប្រទះ​នូវ​ការធ្លាក់ចុះ​ប្រាក់ចំណូល និង​ពឹង​ផ្អែកលើ​ជំនួយ​ពី​វិស័យ​សាធារណៈ​។

អាជីវកម្ម​ធុន​តូច​ជាច្រើន​ប្រឈម​បញ្ហា​លំហូរ​សាច់ប្រាក់ ដែល​គំរាមកំហែង​ដល់​ការរស់រាន ខណៈ​ដែល​ក្រុមហ៊ុន​ធំៗ​បានចាប់ផ្តើម​កាត់បន្ថយ​បុគ្គលិក ដែល​អ្នកជំនាញ​យល់ស្រប​ថា នឹង​ពិបាក​គ្រប់គ្រង បើ​គ្មាន​ការជំរុញ​ពី​រដ្ឋាភិបាល​សហព័ន្ធ​៕ RR