ភ្នំពេញៈ សេរ៉ាឡេអូន ដែលជាប្រទេសអនុតំបន់អាហ្វ្រិកសាហារ៉ាគ្រោងនឹងនាំចូលអង្ករពីកម្ពុជាដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ខណៈតំណាងឧស្សាហកម្មបានឲ្យដឹងថានឹងមានទីផ្សារថ្មីមួយសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា។
ការចាប់អារម្មណ៍នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោក Ernest M. Ndomahina ឯកអគ្គរាជទូតសេរ៉ាឡេអូនប្រចាំនៅប្រទេស ចិន និងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីល្ងាចថ្ងៃពុធក្នុងដំណើរទស្សនកិច្ចមកកម្ពុជា។
លោក Ernest M. Ndomahina បានឲ្យដឹងថា ដោយសារវិស័យកសិកម្មរបស់សេរ៉ាឡេអូននៅតែប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមិនល្អដើម្បីគាំទ្រដល់វិស័យនេះប្រទេសនេះត្រូវការនាំចូលអង្ករបន្ថែមពីបណ្ដាប្រទេសក្រៅ ដើម្បីឆ្លើយតបនឹងការប្រើប្រាស់ក្នុងស្រុកជារៀងរាល់ឆ្នាំ។ លោកថ្លែងថា៖ «ពេលនេះកម្ពុជាកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ហើយដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងរកទីផ្សារកសិកម្មរបស់កម្ពុជា ជាពិសេសដើម្បីសិក្សាអំពីលទ្ធភាពលើការនាំចូលអង្ករទៅសេរ៉ាឡេអូន»។
លោក ប៉ាន សូរស័ក្ដិ បានស្វាគមន៍ពីបំណងចង់ទិញអង្ករពីកម្ពជានេះ។ លោកបានជំរុញពាណិជ្ជករ ឬក្រុមហ៊ុននាំចូលពីសេរ៉ាឡេអូន សិក្សាលទ្ធភាពលើការនាំចូលមុនពេលសម្រេចបានកិច្ចព្រមព្រៀងស្ដីពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ហើយពួកគេក៏អាចសន្ទនាដោយផ្ទាល់ជាមួយពាណិជ្ជករក្នុងស្រុកផងដែរ។
លោក លន យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថាកម្ពុជាពុំទាន់មានទីផ្សារនាំចេញអង្ករទៅប្រទេស សេរ៉ាឡេអូន នៅឡើយទេរហូតមកទល់ពេលនេះ។ លោកថ្លែងថា៖ «វាជាដំណឹងល្អដែលប្រទេសនេះ មានបំណងទិញអង្ករពីកម្ពុជា វានឹងក្លាយជាទីផ្សារថ្មី ១ ទៀតរបស់យើង»។
ទោះបីយ៉ាងនេះក្តីកម្ពុជាបាននាំអង្ករទៅប្រទេសមួយចំនួននៅតំបន់អាហ្វិ្រករួចទៅហើយ រួមមាន ហ្គាណា កាប៉ុង តូហ្គូ កូតឌីវ័រ កេនយ៉ា និងអាយវ៉ូរី ដែលក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ នេះការនាំចេញអង្ករទៅប្រទេសទាំងនេះសម្រេចបានជិត ៣០ ០០០ តោន។ លោកថ្លែងថា៖ «និន្នាការទីផ្សារអង្ករកម្ពុជានៅតំបន់ចាប់ផ្តើមមានទីផ្សារល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែក្នុងបរិមាណតិចតួចនៅឡើយ»។
កម្ពុជាបាននាំចេញអង្ករចំនួន ៥១៤ ១៤៩ តោន ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ កើនឡើង ៣,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ដែលមាន ៤៩៧ ២៤០ តោន។
ប្រទេស ចិន គឺជាទីផ្សារនាំមុខគេ ដោយមានបរិមាណ ១៩៥ ២៤២ តោន សហភាពអឺរ៉ុប មាន ១៧៤ ៣៩៧ តោន និងតំបន់អាស៊ាន មាន ៦៩ ២៣៩ តោន ក្រៅពីនោះមាននាំចេញទៅអាហ្វ្រិក និងទិសដៅមួយចំនួនទៀត៕LA