
ក្រាហ្វិកបង្ហាញពីចំណែកសេវាភតិសន្យាហិរញ្ញវត្ថុតាមវិស័យ និងកំណើនចំនួនអតិថិជន និងកម្ចី។ រូបថត NBC
ភ្នំពេញៈ លោក ឆៃ ហោ បានចាប់ផ្តើមមានបន្ទុកសងកម្ចីជាលើកដំបូងកាលពីឆ្នាំ ២០១៤ នៅពេលលោកទទួលកម្ចីបង់រំលស់ម៉ូតូថ្មី ១ គ្រឿងតម្លៃជាង ២ ០០០ ដុល្លារសម្រាប់មធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ។
លោកបានបំពេញកាតព្វកិច្ចសងត្រឡប់ទៀងទាត់ ហើយកត្តានេះបានធ្វើឲ្យលោកមានលទ្ធភាពអាចទទួលសេវាកម្ចីបង់រំលស់ជាបន្តបន្ទាប់។
បុគ្គលិកក្រុមហ៊ុនឯកជនវ័យ ៣១ ឆ្នាំរូបនេះបានពង្រីកទៅកាន់ប្រភេទកម្ចីផ្សេងៗទៀតរៀងរាល់បញ្ចប់ការសងត្រឡប់ប្រភេទកម្ចីនីមួយៗ។ ការទិញទូរទស្សន៍ ម៉ាស៊ីបោកខោអាវ ម៉ាស៊ីនត្រជាក់ ទូរស័ព្ទដៃ និង សម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀតសុទ្ធសឹងប្រើប្រាស់កម្ចីបង់រំលស់ដែលធ្វើឲ្យស្ថានភាពនៃការរស់នៅប្រចាំថ្ងៃរបស់លោកមានភាពទំនើបជាងមុន។ ប៉ុន្តែលោកត្រូវរងកាតព្វកិច្ចរ៉ាប់រងបំណុលជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ពេលបើកប្រាក់ខែម្តងៗខ្ញុំត្រូវចំណាយប្រហែល ៣០ ភាគរយនៃចំណូលសរុបដើម្បីបង់រំលស់សម្ភារដែលទិញប្រើប្រាស់»។
លោកបន្តថា៖ «ខ្ញុំគិតថា [កម្ចីបង់រំលស់] មានផលល្អច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកមានប្រាក់ចំណូលតិចដែលចង់បានផលិតផលយកមកប្រើប្រាស់មុនពេលមានលុយគ្រប់»។
លោក ឆៃ ហោ ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនជាង ៦ ម៉ឺននាក់ផ្សេងទៀតដែលកំពុងរ៉ាប់រងសងត្រឡប់កម្ចីទិញសម្ភារផ្សេងៗពីក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដែលជាក្រុមហ៊ុនផ្តល់កម្ចីបង់រំលស់។ សេវាកម្មកម្ចីបង់រំលស់បានកើនឡើងយ៉ាងខ្លាំងនៅកម្ពុជា ពិសេសទីក្រុងភ្នំពេញដែលបានរួមចំណែកធ្វើឲ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើប្រាស់សម្ភារ ទំនើបជាងមុនក្នុងស្ថានភាពប្រចាំថ្ងៃតែទន្ទឹមនឹងនេះដែរវាក៏បានបង្កជាក្តីបារម្ភដល់សម្ពាធផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនផងដែរ ប្រសិនបើអ្នកទទួលសេវានេះប្រើប្រាស់មិនចំគោលដៅ។
យោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា (NBC) មានក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១១ នៅដំណាច់ឆ្នាំ ២០១៧ ដោយមានទ្រព្យសកម្មសរុបរហូតដល់ ១៧៤ លានដុល្លារ។ ខណៈភតិសន្យាហិរញ្ញវត្ថុសរុបមានទំហំតែ ៤ លានដុល្លារនៅឆ្នាំ ២០១៣ វិស័យនេះអភិវឌ្ឍយ៉ាងរហ័ស ហើយនៅដំណាច់ឆ្នាំ ២០១៧ ភតិសន្យាហិរញ្ញវត្ថុសរុបមានទំហំ ១២៩ លានដុល្លារ។ វិស័យនេះបម្រើអតិថិជនចំនួន ៦៤ ២៥២ នាក់។
លោក ងែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានថ្លែងកាលពីម្សិលមិញថា ភតិសន្យាហិរញ្ញវត្ថុគឺជាវិស័យថ្មី ប៉ុន្តែវារីកចម្រើនខ្លាំងដែលផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ប្រតិបត្តិករហិរញ្ញវត្ថុ និងជម្រើសសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
ទោះយ៉ាងណាលោកផ្ដល់ការប្រុងប្រយ័ត្នថា ខណៈការយល់ដឹងអំពីហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជានៅមានកម្រិតទាបនោះមានក្តីបារម្ភថា ប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់សម្ភារប្រើប្រាស់ដែលនឹងជាផលប៉ះពាល់អវិជ្ជមាន ដោយសារភាគច្រើននៃទំនិញប្រើប្រាស់ប្រចាំថ្ងៃជាទំនិញនាំចូល។
លោកថ្លែងថា៖ «ប្រជាជនកម្ពុជាវ័យក្មេងជាច្រើនប្រើប្រាស់សេវាហិរញ្ញវត្ថុសម្រាប់ទំនិញប្រើប្រាស់ សម្រាប់ជីវិតទំនើបហើយបើចំណែកដ៏ធំនៃភតិសន្យានេះត្រូវបានប្រើសម្រាប់ទំនិញសម្ភារប្រើប្រាស់ វាមិនមែនជាសញ្ញាល្អនោះទេ»។
ប៉ុន្តែលោកបន្ថែមថា ភតិសន្យាហិរញ្ញវត្ថុនឹងផ្ដល់លទ្ធផលវិជ្ជមាន ប្រសិនបើវាត្រូវបានប្រើសម្រាប់ទ្រព្យផលិតកម្ម។
លោកបន្តថា៖ «ម្ចាស់អាជីវកម្មបានជួបឧបសគ្គកង្វះមូលធនក្នុងការទិញឧបករណ៍បន្ថែម ដូច្នេះបើមានភតិសន្យាហិរញ្ញវត្ថុក្នុងការផ្ដល់គ្រឿងយន្ត និងឧបករណ៍សម្រាប់ការផលិតអាជីវកម្ម វានឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន»។
លោកស្រី ជា សិរី អគ្គនាយកនៃធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា កំណើនសេវាភតិសន្យា អនុញ្ញាតឲ្យអតិថិជន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម (SME) ប្រើប្រាស់ចលនទ្រព្យដែលជាធម្មតាគឺឧបករណ៍គ្រឿងយន្ត ឬ អេឡិចត្រូនិក ទោះបីជាពួកគេមិនមានប្រាក់បង់មុនក៏ដោយ។
ក្រុមហ៊ុនភតិសន្យានឹងទិញទ្រព្យពីអ្នកលក់ហើយក្រោយមក «ជួល» ទ្រព្យនេះទៅឲ្យអតិថិជន។ អតិថិជននឹងត្រូវបង់ប្រាក់ថ្លៃជួលប្រចាំខែទៅឲ្យក្រុមហ៊ុនភតិសន្យាសម្រាប់ទ្រព្យនោះក្នុងរយៈពេលមួយដែលបន្ទាប់មកអតិថិជនមានជម្រើសទិញទ្រព្យនោះនៅក្នុងតម្លៃដែលសេសសល់ ឬអាចជ្រើសរើសមិនទិញបាន។
ក្រុមហ៊ុនមិនទំនងជាទិញទ្រព្យដែលគ្មានប្រយោជន៍ ហើយជួលទ្រព្យនោះទៅឲ្យអតិថិជននោះទេ ព្រោះប្រសិនបើចុងបញ្ចប់នៃកិច្ចសន្យាជួលអតិថិជនមិនចង់ទិញទ្រព្យនោះ នៅពេលនោះក្រុមហ៊ុននឹងរក្សាទុកទ្រព្យដែលគ្មានប្រយោជន៍នេះដែលមិនអាចលក់ចេញបាន។
លោកស្រីថ្លែងថា៖ «កំណើនសកម្មភាពភតិសន្យាមិនមែនថា មិនមានប្រយោជន៍ទេ»។ លោកស្រីបន្តថា៖ «ការជួលមិនដូចកម្ចីទេ ក្រុមហ៊ុនភតិសន្យាមានការគ្រប់គ្រងពេញលេញលើទីកន្លែងដែលប្រាក់ត្រូវចំណាយ ដោយសារក្រុមហ៊ុនគឺជាអ្នកដែលទិញទ្រព្យ»។
អ្នកស្រី សុខ សុភារដ្ឋ មន្ត្រីរដ្ឋបាលនៅក្រុមហ៊ុន I-Finance Leasing Plc បានថ្លែងថា សេវារបស់ក្រុមហ៊ុនអ្នកស្រី មានភាពពេញនិយមក្នុងចំណោមប្រជាជនកម្ពុជាដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។
អ្នកស្រីបានថ្លែងថា ក្រុមហ៊ុន I-Finance ផ្ដោតលើការផ្ដល់សេវាតម្លៃសមរម្យ ដែលមានសារៈសំខាន់ចំពោះប្រជាជនកម្ពុជា។ អ្នកស្រីបានបន្តថា ក្រៅពីការគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន អតិថិជនភាគច្រើនរបស់ក្រុមហ៊ុន I-Finance គឺជាសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការហិរញ្ញប្បទានលើផលិតផលនានា ដូចជាឧបករណ៍អេឡិចត្រូនិក រថយន្តដឹកទំនិញសម្រាប់សេវាដឹកជញ្ជូន ព្រមទាំងរ៉ឺម៉កម៉ូតូសម្រាប់សេវាតាក់ស៊ី។
អ្នកស្រីមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ ក្រុមហ៊ុន I-Finance បានជួយគាំទ្រប្រជាជនកម្ពុជាជាង ៥ ០០០ នាក់ ហើយនឹងបន្តគាំទ្របន្ថែមទៀត»៕
ងាកត្រឡប់ទៅលោក ឆៃ ហោ វិញដែលប្រើប្រាស់ភតិសន្យាទៀងទាត់ ដើម្បីប្រើទំនិញជាច្រើនដូចជា ម៉ូតូ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះអ្នកដែលទិញទំនិញដោយប្រើប្រាស់ភតិសន្យាហិរញ្ញវត្ថុ គួរតែប្រុងប្រយ័ត្នពីលទ្ធភាពក្នុងការទូទាត់ប្រចាំខែ។
លោកថ្លែងថា៖ «ខ្ញុំមានមិត្តម្នាក់ដែលប្រើប្រាស់ម៉ូតូពីក្រុមហ៊ុនភតិសន្យា ប៉ុន្តែមិនមានលទ្ធភាពទូទាត់ប្រចាំខែ ដោយសារវិបត្តិហិរញ្ញវត្ថុគ្រួសារ។ បន្ទាប់មកគាត់បានប្រគល់ម៉ូតូនេះឲ្យក្រុមហ៊ុនវិញនៅពាក់កណ្ដាលពេលនៃការជួល»៕ LA