The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សេវាកម្ម​ភោជនីយដ្ឋាន​ចិន​នៅ​កម្ពុជា​កំពុង​កើន​ឡើង

សេវាកម្ម​ភោជនីយដ្ឋាន​ចិន​នៅ​កម្ពុជា​កំពុង​កើន​ឡើង

សេវាកម្ម​ភោជនីយដ្ឋាន​ចិន​នៅ​កម្ពុជា​កំពុង​កើន​ឡើង

ភ្នំពេញៈ ភោជនីយដ្ឋាន​ថ្មី​មួយ​ឈ្មោះ​ឡោវ ទីហ្វាង ដែល​វិនិយោគ​អស់​ទឹក​ប្រាក់​៤​លាន​ដុល្លារ​របស់​ពាណិជ្ជករ​ចិន បាន​បើក​ដំណើរ​ការ​សាក​ល្បង​កាល​ពី​សប្តាហ៍​មុន​។

ភោជនីយដ្ឋាន​ដ៏​ធំ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ទល់​មុខ​ស្ថានទូត​ចិន​។

ការ​វិនិយោគ​លើ​ភោជនីយដ្ឋាន​ថ្មី​នេះ​មិន​មែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ ប៉ុន្តែ​វា​កើត​មាន​ឡើង​ស្រប​គ្នា​ទៅ​នឹង​កំណើន​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​។

តំណាង​ភោជនីយដ្ឋាន​នេះ​បាន​ឲ្យ​ដឹង​ថា​ការ​បង្កើត​ឡើង​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ជន​ជាតិ​ចិន​និង​កំណើន​តម្រូវ​ការ​ម្ហូប​អាហារ​បែប​ចិន​នៅ​កម្ពុជា។

លោក យី ហ្វៃ ដែល​ជា​មេ​ចុង​ភៅ​ប្រចំា​ភោជនីយដ្ឋាន​បាន​ឲ្យ​ដឹង​ថា៖ «យើង​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ជន​ជាតិ​ចិន​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​ហើយ​ទើប​យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​នេះ ហើយ​សង្ឃឹម​ថា​វា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​»។

តួលេខ​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា​ទេសចរ​កូរ៉េ​ខាង​ត្បូង​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កើន​ឡើង​២៤​ភាគរយ​ស្មើ​នឹង ៦១១​០០០​នាក់​ខណៈ​ដែល​ទេសចរ​ចិន​កើន​ឡើង​៥៦,៥​ភាគ​រយ​ដែល​មាន​ចំនួន​៣៣៥​០០០​នាក់ ហើយ​កំណើន​ទេសចរ​ជប៉ុន​គឺ​៨​ភាគ​រយ​គឺ​កើន​ដល់​២៤៤ ០០០​។

ភោជនីយដ្ឋាន ឡោវ ទីហ្វាង នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៣​។

បច្ចុប្បន្ន​ភោជនីយដ្ឋាន​នេះ មាន​បម្រើ​ជូន​នូវ​មុខ​ម្ហូប​ចិន​អាហារ​សមុទ្រ និង ម្ហូប​បែប​ផ្សេងៗ​ទៀត​សរុប​ប្រមាណ​ជាង​២០០​មុខ និង​បាន​ផ្តល់​ការ​ងារ​២៥០​នាក់​ទាំង​ជន​ជាតិ​ចិន​និង​ខ្មែរ​។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា​ដែល​មាន​សមាជិក​ប្រមាណ​៨០​សណ្ឋាគារ ហើយ​ដែល​លោក​ខ្លួន​ឯង​ផ្ទាល់​មាន​ភោជនីយដ្ឋាន​បែប​ចិន​ចំនួន​៣​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ការ​វិនិយោគ​ដែល​មាន​ទឹក​ប្រាក់​ច្រើន​នេះ​ជា​ការ​បង្ហាញ​អំពី​ភាព​រឹង​មាំ​នៃ​តម្រូវ​ការ​សេវាកម្ម​ភោជនីយដ្ឋាន​និង​ឱកាស​សម្រាប់​អាជីវកម្ម​ក្នុង​វិស័យ​នេះ។

លោក​បាន​ថ្លែង​ថា​៖​«​ភោជនីយដ្ឋាន​នេះ​ប្រាកដ​ជា​មាន​ការ​សិក្សា​យ៉ាង​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ ដូច្នេះ​ពួក​គេ​ប្រាកដ​ជា​ឃើញ​មាន​សក្តានុពល​ក្នុង​វិស័យ​នេះ​ជា​មិន​ខាន​»។

លោក វង្ស សំអាង អ្នក​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ពី​វិនិយោគិន​របស់​ប្រទេស​ណា​មួយ​តែង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ចំនួន​នៃ​ការ​វិនិយោគ​របស់​ប្រទេស​នោះ​និង​ចំនួន​ភ្ញៀវ​ទេសចរ​។​លោក​បាន​លើក​ឡើង​ថា៖ «​នៅ​ពេល​វិនិយោគិន​ពី​ប្រទេស​ណា​មួយ​ចូល​មក​គេ​តែង​ចង់​បាន​ការ​រស់​នៅ​ដែល​មាន​វប្បធម៍​និង​ទំនៀម​ទម្លាប់​ស្រដៀង​នឹង​ការ​រស់​នៅ​នៃ​ប្រទេស​កំណើត​របស់​ពួគេ។​ដូច្នេះ ការ​មាន​ភោជនីយដ្ឋាន ឬ សណ្ឋាគារ​ជា​ជន​ជាតិ​ដូច​ពួក​គេ​កាន់​តែ​ច្រើន​វា​បាន​ជួយ​គាំទ្រ​ឲ្យ​ការ​ទាក់​ទាញ​ផ្នែក​វិនិយោគ​កាន់​តែ​មាន​ប្រសិទ្ធភាព​»។

កាល​ពី​ឆ្នាំ​២០១២​ចិន​ជា​ប្រទេស​វិនិយោគ​ធំ​លំដាប់​លេខ​២​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​។

លោក អាង គឹម​អៀង​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កំណើន​ចិន​ជា​លក្ខណៈ​Charter Flight មក​កម្ពុជា​មាន​កាន់​តែ​ច្រើន៕

អត្ថបទគួរចាប់អារម្មណ៍