ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ដំណើរការសាកល្បងសេវាកាណូតដឹកអ្នកដំណើរសាធារណៈនៅមុនខែមេសា ឆ្នាំ ២០១៨ ដើម្បីភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹកពីភាគខាងជើងទៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ចាប់ផ្តើមពីសង្កាត់ព្រែកព្នៅ ទៅក្រុងតាខ្មៅ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងកាលពីម្សិលមិញ។
លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹង កាលពីម្សិលមិញថា រយៈចម្ងាយនៃដំណើរការសេវាកាណូតដឹកអ្នកដំណើរនាពេលដំបូងនេះ អាចត្រូវការផែបណ្តែតទឹក ៦ ទីតាំង ហើយក្រុមការងារគម្រោងនេះកំពុងសាងសង់ផែបណ្តែតទឹក ដើម្បីដាក់ដំឡើងរចនាសម្ព័ន្ធសម្រាប់គាំទ្រសេវាកាណូតនេះ ដោយរំពឹងថា នឹងរួចរាល់ដើម្បីដាក់ឲ្យដំណើរការនៅមុនពិធីចូលឆ្នាំខ្មែរ ២០១៨។
ខណៈទីតាំងពិតប្រាកដនៃផែបណ្ដែតទឹកនេះកំពុងត្រូវបានជ្រើសរើសនោះ លោក សុរិយា បានថ្លែងកាលពីម្សិលមិញថា ផែនការដំបូងរួមមាន ផែបណ្ដែតទឹកនៅព្រែកព្នៅ ឫស្សីកែវ ផ្សាររាត្រី អរិយក្សត្រ ព្រះមុនីវង្ស និងក្រុងតាខ្មៅ។
លោកបន្ថែមថា ក្រសួងទទួលបានការសហការជាមួយកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដែលនឹងគ្រប់គ្រងប្រតិបត្តិការកាណូត។
លោកថ្លែងថា៖ «តំណាងមកពី PPAP បញ្ជាក់ថា នឹងមានកាណូត២អាចដាក់ឲ្យដំណើរការសម្រាប់ប្រតិបត្តិការដំបូង»។
លោកបន្ថែមថា ចំនួនកាណូត និងផែបណ្ដែតទឹក នឹងពង្រីកនៅពេលអនាគតដោយផ្អែកលើតម្រូវការពិតប្រាកដពីសាធារណជន ខណៈក្រសួងគ្រោងនឹងពង្រីកសេវានេះក្នុងរយៈពេលវែង។
លោកថ្លែងថា៖ «យើងរំពឹងថា មន្ដ្រីរាជការ និងកម្មករនៅតាមរោងចក្រមួយចំនួន [នៅជិតទន្លេ] នឹងប្រើប្រាស់សេវានេះ ហើយយើងសង្ឃឹមថា វានឹងជួយកាត់បន្ថយបញ្ហាការកកស្ទះចរាចរណ៍»។
មិនទាន់មានព័ត៌មានលម្អិតស្ដីពីពេលវេលាដឹកជញ្ជូន តម្លៃ ព្រមទាំងចំនួនអ្នកដំណើរដែលកាណូតនេះអាចត្រូវបានផ្ទុកនោះទេ ខណៈដែលល្បឿនកាណូតនេះមិនបានដឹងផងដែរ។
យ៉ាងណាក៏ដោយ យោងតាមគំនូសព្រាងដែលបង្ហាញពីកាណូតសម្រាប់ផ្ដល់សេវាដឹកជញ្ជូនសាធារណៈដែលចេញផ្សាយលើទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាណូតនេះមានប្រវែង ១៤,៤ ម៉ែត្រ និងទទឹង ៣,៩០ ម៉ែត្រ ដែលអាចផ្ទុកមនុស្សបាន ៤៨ នាក់។
ទោះបីជាការដឹកជញ្ជូនតាមផ្លូវទឹកជាសាធារណៈអាចកាត់បន្ថយបន្ទុកលើការដឹកជញ្ជូនតាមផ្លូវគោកក៏ដោយ ក៏លោក សុរិយា បានថ្លែងថា ជោគជ័យរបស់ផែនការនេះអាចមានការបារម្ភទាក់ទងនឹងឥរិយាបថរបស់ប្រជាជនកម្ពុជា ដោយសារភាគច្រើនចង់ធ្វើដំណើរលើមធ្យោបាយផ្ទាល់ខ្លួនជាងការដឹកជញ្ជូនសាធារណៈ។
យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទបានពីទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផែនការទាំងមូលសម្រាប់ប្រតិបត្តិការកាណូតនេះនឹងមានផែបណ្តែតទឹក ១៥កន្លែង ដែលតភ្ជាប់ទន្លេសាបចាប់ពីព្រែកព្នៅ ដល់ទន្លេបាសាក់ នៅក្រុងតាខ្មៅ ទន្លេមេគង្គលើ និង ទន្លេមេគង្គក្រោម ដែលស្ថិតក្នុងដែនដីរដ្ឋបាលទីក្រុងភ្នំពេញ៕ LA