ភ្នំពេញៈ ចំនួន​ភ្ញៀវ​ធ្វើដំណើរ​តាម​កាណូត​សាធារណៈ​បាន​ធ្លាក់ចុះ​ប្រមាណ​ ៥ ​ភាគរយ​ នា​ដើមឆ្នាំ​ ២០២០ នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះបី​រដ្ឋាភិបាល​បានប្រកាស​បន្ត​មិន​យកប្រាក់​ពី​កម្មករ​រហូតដល់​ដើមខែ​កញ្ញា ឆ្នាំ​ ២០២១ ក៏ដោយ​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​។

ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ សាលា​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៨ បាន​បង្កើត​សេវា​កាណូត​សាធារណៈ​មួយ​ដែល​ចេញដំណើរ​ពី​ស្ថានីយ​ឫស្សីកែវ​ឆ្ពោះ​ទៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​ប្រើប្រាស់​កាណូត​ចំនួន ៤ គ្រឿង និង​ត្រូវ​ចំណាយពេល​ ៤៥ ​នាទី ​ក្នុង​ការធ្វើ​ដំណើរ​។

លោក អ៊ាន សុឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ចំនួន​ភ្ញៀវ​ធ្វើដំណើរ​តាម​កាណូត​សាធារណៈ ពី​ស្ថានីយ​ឫស្សីកែវ​ទៅ​កាន់​ក្រុង​តាខ្មៅ​ក្នុង​ ១ ថ្ងៃ​ អាចមាន​ប្រមាណ ២០០ ​នាក់​ ដោយ​ធ្លាក់​ចុះ​ប្រមាណ ៥ ​ភាគរយ​ បើ​ធៀប​នឹង​ដើមឆ្នាំ ​២០១៩​។ លោក​បន្តថា ចំនួន​ភ្ញៀវ​ធ្វើដំណើរ​តាម​កាណូត​ធ្លាក់ចុះ​អាច​បណ្តាល​មកពី​កត្តា​ច្រើនយ៉ាង​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​សេវាកម្ម​កាណូត​សាធារណៈ​មិនមាន​ភ្ញៀវ​ច្រើន​គឺ​អាច​បណ្តាល​មកពី​បច្ចុប្បន្ន​យើង​មាន​សេវាកម្ម​រថយន្តក្រុង​ច្រើន ស្រប​ពេល​ការធ្វើ​ដំណើរ​តាមផ្លូវ​គោក​ពី​តាខ្មៅ​មក​ភ្នំពេញ​ក៏មាន​ភាពល្អប្រសើរ​ដែរ​»​។ បើតាម​លោក សុឃីម ក្នុងចំណោម​ភ្ញៀវ​ទាំងអស់នោះ​គឺ​មាន​ជាង ៥០ ​ភាគរយ​ គឺជា​អ្នកជិះ​លេង​កម្សាន្ត​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពី​ចុង​ខែ​សីហា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​មិន​យក​កម្រៃ​សេវា​ចំពោះ​កម្មករ-កម្មការិនី​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​កាណូត​សាធារណៈ​ដោយ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើការងារ​ទៅ​ភ្នាក់ងារ​បម្រើសេវា​របស់​រដ្ឋាករ​។

ជាមួយ​នឹង​ចំនួន​អ្នកជិះ​កាណូត​ដែល​មាន​ចំនួន​ជា​មធ្យម​ប្រហែល ២០០ ​នាក់​ ក្នុង​​ ១ ​ថ្ងៃ​លោក សុខឃីម បាន​ប្រាប់ថា​ជាង​ ៥០ ​ភាគរយ ​គឺជា​អ្នកជិះ​ដោយ​មិនមាន​បង់ប្រាក់ ហេតុនេះ​ចំណូល​គឺ​មិនមាន​ចំនួន​ច្រើន​នោះទេ​។

ទោះយ៉ាងណា​លោក សុខឃីម មិនបាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំណូល​ដែល​ទទួលបាន​កាលពី​ឆ្នាំ ​២០១៩ ​នោះទេ​។

អ្នកស្រី ប៊ុន ចាន់ អាជីវករ​លក់​ភេសជ្ជៈ​នៅក្បែរ​កាណូត​សាធារណៈ​នៅ​ស្ថានីយ​តាខ្មៅ​បាន​និយាយថា ក្រៅពី​ថ្ងៃ​សោរ៍-អាទិត្យ​ចំនួន​អ្នកធ្វើដំណើរ​តាម​កាណូត​ក្នុង​ ១ ​ថ្ងៃ អាចមាន​ចំនួន​ក្រោម​ ១០ ​នាក់​តែប៉ុណ្ណោះ ហើយ​ថ្ងៃ​ខ្លះ​ស្ទើរតែ​មិន​មាន​តែម្តង​។ អ្នកស្រី​បន្តថា ទោះ​ដឹងថា​ការធ្វើ​ដំណើរ​តាម​កាណូត​មាន​ភាពងាយស្រួល​ឆាប់រហ័ស និង​មិន​បង់ប្រាក់​សម្រាប់​កម្មករ-កម្មការិនី តែ​ហាក់​មិន​មាន​នរណា​ចាប់អារម្មណ៍​សោះ​។

អ្នកស្រី​បន្តថា​៖ «​ថ្ងៃ​ខ្លះ​ខ្ញុំ​មិនឃើញ​មាន​អ្នកធ្វើដំណើរ​សោះតែ​ម្តង ដោយ​អ្នក​ដែល​មក​ក្បែរ​ស្ថានីយ​ក្រុង​តាខ្មៅ គឺ​គ្រាន់តែ​ជា​អ្នក​មក​អង្គុយលេង​ប៉ុណ្ណោះ​»​។

បើតាម​អ្នកស្រី ប៊ុន ចាន់ ថ្ងៃ​សោរ៍ អាទិត្យ ឬ​ថ្ងៃបុណ្យ​អាច​មាន​អ្នកជិះ​កាណូត​ច្រើន ហើយ​បើ​តាម​ការសង្កេត​ពី​ភាគច្រើន​ជា​ការជិះ​កម្សាន្ត​។

បច្ចុប្បន្ន​ពេលវេលា​នៃ​ការចេញ​ដំណើរ​របស់​កាណូត​ក៏​ត្រូវបាន​កែសម្រួល​ផងដែរ​។ នេះ​បើតាម​អ្នកស្រី ប៊ុន ចាន់​។

បុគ្គលិក​ផ្នែក​លក់​សំបុត្រ​នៅ​ស្ថានីយ​កាណូត​សាធារណៈ​មួយកន្លែង​បាន​និយាយថា មាន​ភ្ញៀវ​តិចតួច​បំផុត​ដែល​ធ្វើ​ដំណើរ​តាមរយៈ​កាណូត​ដោយ​អ្នកខ្លះ​គិតថា មិនមាន​សុវត្ថិភាព ហើយ​នៅពេល​ទៅដល់​ស្ថានីយ​ឈប់ គេ​ត្រូវ​ចំណាយ​បន្ថែមទៀត​ទៅលើ​ការធ្វើដំណើរ​តាមរយៈ​ម៉ូតូឌុប​បន្តទៅទៀត​។ លោក​បាន​លើកឡើងថា​៖ «​ជិះ​កាណូត​លឿន តែ​គេ​ត្រូវ​រង់ចាំ​យូរ ព្រោះ​មិនមាន​ជើង​ចេញ​ច្រើន​នោះទេ ខណៈ​មាន​កាណូត​តែ​ ៤ ​ប៉ុណ្ណោះ​ដំណើរការ​»​។

បើតាម​បុគ្គលិក​ខាងលើ សំបុត្រ​ធ្វើដំណើរ​មាន​តម្លៃ ២ ០០០ ​រៀល​ សម្រាប់​ការធ្វើ​ដំណើរ​​ ១ ​លើក​៕ LA