The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេវា​​បដិសណ្ឋារកិច្ច​ស្នាក់នៅ​ក្នុង​ផ្ទះ​​ប្រជាជន​មូលដ្ឋាន​​នៅ​វៀតណាម ​​កំពុង​ទទួល​បាន​ប្រជាប្រិយភាព

សេវា​​បដិសណ្ឋារកិច្ច​ស្នាក់នៅ​ក្នុង​ផ្ទះ​​ប្រជាជន​មូលដ្ឋាន​​នៅ​វៀតណាម ​​កំពុង​ទទួល​បាន​ប្រជាប្រិយភាព

Content image - Phnom Penh Post
ភ្ញៀវ​ទេសចរ​កំពុង​ចាកចេញ​ពី​ផ្ទះ Sapa Homestay Ta May នៅ​ស្រុក Sapa ខេត្ត Lao Cai ប្រទេស ​វៀតណាម​​។ រូបថត AFP

សេវា​​បដិសណ្ឋារកិច្ច​ស្នាក់នៅ​ក្នុង​ផ្ទះ​​ប្រជាជន​មូលដ្ឋាន​​នៅ​វៀតណាម ​​កំពុង​ទទួល​បាន​ប្រជាប្រិយភាព

ក្រុង​ហាណូយៈ ចំនួន​អ្នក​ដំណើរ​ទាំង​​សម្រាប់​គោល​បំណង​អាជីវកម្ម និង​​​​​ទេសចរណ៍​ទៅ​កាន់​​​​ប្រទេស ​វៀតណាម​​ បាន​កើនឡើង​យ៉ាង​ខ្លាំង​​ក្នុង​រយៈពេល​ថ្មីៗ​នេះ និង​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​​ដែល​ជួយ​ឲ្យ​​​ចំនួន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បាន​​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​នេះ​។​

យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​ កាល​ពី​ឆ្នាំ​មុន​អ្នក​ដំណើរ​​អន្តរជាតិ​​ចំនួន ១៥,​៦ ​លាន​នាក់​បាន​ទៅ​ដល់​វៀតណាម​ ដែល​ខ្ពស់​ជាង​ឆ្នាំ ២០១៧ ចំនួន ២,៧ ​លាន​នាក់​។ អ្នក​ដំណើរ​​អន្តរជាតិ​​ជិត​ ៧,៣​ លាន​នាក់ ​បាន​ទៅ​ដល់​​វៀតណាម​​ក្នុង​រយៈពេល​ ៥ ខែ​ដំបូង​​ក្នុង​ឆ្នាំ​នេះ​។​

អ្នក​ដំណើរ​ជា​​​ច្រើន​ជ្រើស​​យក​​ការ​ជួល​ (Rental) និង​ការ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ស្រុក​ផ្ទាល់ (Homestay) ដោយសារ​​ពួក​គេ​យល់​ថា វា​មាន​តម្លៃ​ទាប​ជាង​​ស្នាក់នៅ​​​​សណ្ឋាគារ។​

ក្រៅ​ពី​នេះ វា​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​​បទ​ពិសោធ​រស់នៅ​ជាមួយ​​ប្រជាជន​មូលដ្ឋាន​ និង​បាន​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​មួយ ជា​ពិសេស​ក្នុង​ចំណោម​​ភ្ញៀវទេសចរ​​វ័យ​ក្មេង​ដែល​ចង់​ធ្វើ​ដំណើរ និង​ស្វែងរក​វប្បធម៌ និង​ការ​ញ៉ាំ ការ​រស់នៅ និង​ការងារ​ ជាមួយ​ការ​ទទួល​ភ្ញៀវ​ដោយ​ការ​ស្នាក់​​ក្នុង​ផ្ទះ​របស់​អ្នក​ស្រុក។​

ដោយសារ​អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់​ខ្លួន ទេសចរណ៍​ Homestay​ ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​​កាន់​តែ​ខ្លាំង​​ផង​​ដែរ​ពី​​​​ភ្ញៀវ​ទេសចរ​បរទេស​ និង​ប្រជាជន​វៀតណាម​​​ផ្ទាល់​​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​ភ្ញៀវ​ទេសចរ​វ័យ​ក្មេង។​

ជា​លទ្ធផល​ ការ​ស្នាក់នៅ​ក្នុង​ផ្ទះ​អ្នក​​ស្រុក​នេះ (Homestay)​​ និង​គំរូ​អាជីវកម្ម​ជួល​ផ្ទះ​សម្រាប់​វិស្សមកាល (vacation rental business model) កំពុង​កើន​ឡើង​​។​

ការ​មើល​ឃើញ​សក្ដានុពល​របស់​វិស័យ​​នេះ ​ប្រជាជន​វៀតណាម​ជា​ច្រើន​​កំពុង​ជួសជុល​ផ្ទះ​របស់​ពួក​គេ​ និង​ប្រែក្លាយ​ផ្ទះ​ទាំង​នោះ​ឲ្យ​ទៅ​ជា​កន្លែង​ស្នាក់នៅ​ដែល​ផ្តោត​ទិសដៅ​លើ​ភ្ញៀវ​ទេសចរ​វ័យ​ក្មេង​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​បរទេស​។​

យោង​តាម​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ អាជីវកម្ម​ផ្ទះ​ Homestay​ បាន​កើត​មាន​ឡើង​​រយៈពេល​ ២-៣ ឆ្នាំ ​មក​ហើយ ប៉ុន្តែ​​ទើប​តែ​ទទួល​បាន​​ប្រជាប្រិយ​ភាព​​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ​២ ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​។​

របាយការណ៍​មួយ​ពី​រដ្ឋបាល​ជាតិ​ទេសចរណ៍​វៀតណាម​ (VNAT) បាន​​​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ​២០១៧ ​វៀតណាម​​មាន​ Homestay ​​ចំនួន ១,​៧៦ ​កន្លែង​ដោយ​មាន​ ១២,​៩៤ ​លាន​បន្ទប់។​ ផ្ទះ​ទាំង​នោះ​ស្មើ​នឹង ​ ១០,១​ ភាគរយ ​​នៃ​កន្លែង​ជួល​ស្នាក់នៅ​​សរុប​របស់​​​​វៀតណាម។​

ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​ជា​ច្រើន​ជំទាស់​នឹង​តួលេខ​ទាំង​នេះ ដោយ​​​​លើក​ឡើង​ថា តួលេខ​នេះ​មិន​មាន​​លក្ខណៈ​ពេញ​លេញ​ទេ ហើយ​តួលេខ​ពិត​មាន​​ខ្ពស់​ខ្លាំង​ជាង​នេះ។​​

យោងតាម​​​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ AirDNA តួលេខ​​ផ្ទះ Homestay ​នៅ​ទីក្រុង​ហាណូយ​ បាន​កើន​ឡើង​ដល់​ ១១,​២០០ កន្លែង​​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​មុន ខណៈ​ដែល​ទីក្រុង​ហូជីមិញ មាន​ចំនួន​ជាង​ ២០ ០០០​ កន្លែង បន្ទាប់​ពី​ការ​កើន​ឡើង​លឿន​​ខ្លាំង​​នៅ​ឆ្នាំ​មុនៗ។​

គិត​ត្រឹម​ខែ​សីហា ឆ្នាំ ​២០១៨ ទីក្រុង​​ទាំង ​២ នេះ ​មាន​អចលនទ្រព្យ​ចំនួន​ ២១ ៩៩៤ ដែល​ដាក់​ជួល​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ Airbnb ដែល​​​ជា​ក្រុមហ៊ុន​កក់​ផ្ទះ​ស្នាក់នៅ​តាម​អនឡាញ។​ ការ​ជួល​ជា​មធ្យម​​​មាន​តម្លៃ​​ប្រហែល​ ៣៦ ដុល្លារ​ ក្នុង ​១ បន្ទប់ ​ក្នុង ​១ យប់​នៅ​ទីក្រុង​ហាណូយ​ និង​ ៤៤ ដុល្លារ​នៅ​ទីក្រុង​ហូជីមិញ​។​

Content image - Phnom Penh Post
ភ្ញៀវ​ទេសចរ​បរទេស​ចាកចេញ​ពី​ត្រង់សេ Vinh Moc ដែល​មាន​ជម្រៅ ៣០ ​ម៉ែត្រ។ AFP

លោក Trinh Thanh Hung ម្ចាស់​វីឡា​មួយ​នៅ​ទីក្រុង​ហូជីមិញ ដែល​លោក​ដាក់​ជួល​សម្រាប់​ជា​​ការ​ស្នាក់នៅ​​ក្នុង​វដូវ​​វិស្សមកាល​ បាន​ឲ្យ​ដឹង​ថា លោក​រក​បាន​ប្រាក់​ចំណូល​ ២០០ ​លាន​​ដុង (​៨ ៥៦៤ ដុល្លារ) ក្នុង ​១ ខែ​។​

លោក​បន្ត​ថា ការ​ជួល​បន្ទប់​មួយ​នៅ​ក្នុង​វីឡា​នេះ​​មាន​តម្លៃ​​ពី ​១,២ ​ទៅ ១,៦ លាន​ដុង (​ពី ៥១ ទៅ ៥៨ ដុល្លារ) ក្នុង ១ ថ្ងៃ​។

លោកស្រី​ Phan Thi Man Chi ម្ចាស់​​ផ្ទះ​ជួល​ Nam Thi Homestay នៅ​ក្រុង Cai Be ខេត្ត​ Tien Giang បាន​​ឲ្យ​ដឹង​ថា ​អ្នកស្រី​រក​បាន​ប្រាក់​ចំណូល​បាន​​ប្រហែល ​២០ លាន​ដុង ​ក្នុង ​១ ខែ។ តម្លៃ​ជា​មធ្យម​របស់​បន្ទប់​មួយ​គឺ ៩០០ ០០០ ទៅ ៩០០ ០០១ លាន​ដុង ក្នុង ១ យប់​។​

ផ្ទះ Homestay កំពុង​មាន​​ភាព​ពេញ​​និយម​យ៉ាង​រហ័ស​ ដោយសារ​​ការ​អភិវឌ្ឍ​ផ្ទះ​ឲ្យ​ក្លាយជា​ផ្ទះ​ Homestay នេះ​មាន​ការ​លំបាក​​តិចតួច​ចំពោះ​​​ម្ចាស់​ផ្ទះ ជា​ពិសេស​​បើ​ពួក​គេ​មាន​​វ័យ​ក្មេង និង​មាន​សមត្ថភាព​ខាង​បច្ចេកវិទ្យា​។​

ពួក​គេ​អាច​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​​ងាយ​ស្រួល​នូវ​សេវា​របស់​ពួក​គេ​​​ដោយ​មិន​ចំណាយ​ប្រាក់​នៅ​លើ​បណ្ដាញ​​ទំនាក់ទំនង​សង្គម និង​នៅ​លើ​គេហទំព័រ​ជា​ច្រើន​ផ្សេង​ទៀត​។​

អ្នក​អង្កេត​ទីផ្សារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ភាព​ជោគជ័យ​របស់​ផ្ទះ Ho-mestay​ និង​លំនៅឋាន​វិស្សមកាល​ ពឹង​ផ្អែក​លើ​ទីផ្សារ​ឌីជីថល ​ហើយ​ដូច្នេះ​វា​មិន​គ្រាន់​តែ​ជា​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ការ​ទទួល​យក​បច្ចេកវិទ្យា​ផង​ដែរ។​

កត្តា​នេះ​បង្ហាញ​​ពី​មូលហេតុ​​ដែល​​​​​​វិនិយោគិន​លើ​ផ្ទះ Homestay ​គឺ​ជា​ប្រជាជន​វ័យ​ក្មេង ដែល​មិន​បារម្ភ​ពី​​​​​បច្ចេកវិទ្យា​ចុង​ក្រោយ​។​

តើ​អាជីវកម្ម​នេះ ​ពិត​ជា​ទទួល​បាន​ប្រាក់​ចំណេញ​មែន​ឬ?

អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​ជា​ច្រើន​​មាន​​គំនិត​ថា វា​អាច​ទទួល​បាន​ប្រាក់​ចំណេញ​​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​​មិនមែន​ក្នុង​រយៈពេល​វែង​ទេ​ ដោយសារ​​​​គំរូ​អាជីវកម្ម​នេះ​ភាគ​ច្រើន​ផ្តល់​សេវា​ចំពោះ​​តែ​ភ្ញៀវ​ទេសចរ​បែប​​ផ្សង​ព្រេង ដែល​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​តែងតែ​​ផ្លាស់ប្តូរ​ភ្លាមៗ។

យោង​តាម​ក្រុមហ៊ុន​ Vina Retail ​ប្រជាជន​វ័យ​ក្មេង​ជា​ច្រើន​ហាក់​គិត​ថា វា​ជា​រឿង​សាមញ្ញ​ដែល​មាន​ផ្ទះ​ ​ឬ​អាផាតមិន​ហើយ​ដាក់​​ជួល​វា​​​បើ​ទោះ​ជា​​​​គំរូ​អាជីវកម្ម​នេះ​ពាក់ព័ន្ធ​នឹង​​កតា្ត​ផ្សេងៗ​​ជា​ច្រើន​ក្តី​ ហើយ​​បើ​ពួក​គេ​មិន​អាច​ធ្វើ​ការងារ​នេះ​ដោយ​ប្រុងប្រយ័ត្ន​ទេ ពួក​គេ​អាច​​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ។

តាម​ពិត ក្រុម​វិនិយោគិន​វ័យ​ក្មេង ​ជា​ច្រើន​បាន​ទទួល​រង​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ និង​ថែម​ទាំង​រង​សម្ពាធ​ខ្លាំង​ទៀត​ផង​ ដោយសារ​តែ​ការ​ចំណាយ​ដែល​មិន​រំពឹង​ទុក​ និង​ខ្វះ​អ្នក​ជួល​។​

អ្នកស្រី​ Nguyen Thuy Trang ដាក់​​ជួល​ផ្ទះ​មួយ​ដែល​មាន​សួនច្បារ​នៅ​ជិត​ព្រៃ​ក្នុង​សង្កាត់​ឆ្នេរ​សមុទ្រ Can Gio ​ក្នុង​តម្លៃ​ ៨,៥​ លាន​ដុង (​៣៦៤ ដុល្លារ) ក្នុង ១ ខែ​។​

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ដំណើរការ​អាជីវកម្ម​នេះ​ដោយ​ខ្លួន​ឯង និង​គ្រាន់​តែ​ជួល​អ្នក​សម្អាត​ប៉ុណ្ណោះ​ ដូច្នេះ​​ការ​ចំណាយ​មិន​ខ្ពស់​នោះ​ទេ។​ ប៉ុន្តែ​វា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​អ្នកស្រី​​​ក្នុង​ការ​ស្វែងរក​ភ្ញៀវ​ក្នុង​អំឡុង​រដូវ​ភ្លៀង ដែល​មាន​រយៈពេល​ជិត​ ៦ ខែ​ក្នុង ​១ ​ឆ្នាំ​។​

អ្នកស្រី​ថ្លែង​ថា៖ «​ខ្ញុំ​ត្រូវ​តែ​ស្វែងរក​មធ្យោបាយ​មួយ​ ដើម្បី​ប៉ះប៉ូវ​វា​ក្នុង​អំឡុង​​រដូវ​ប្រាំង»។​

លោក Hung ដែល​ជា​ម្ចាស់​វីឡា​បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​លើ​ការ​ដំណើរការ​ផ្ទះ​សម្រាប់​វិស្សមកាល មាន​​កម្រិត​ខ្ពស់​ខ្លាំង​ណាស់។ ប្រាក់​ឈ្នួល​បុគ្គលិក​របស់​លោក​គឺ ២០ លាន​ដុង​ក្នុង ​១ ខែ​ ខណៈ​ដែល​ប្រាក់​ចំណូល​របស់​លោក​អាច​មាន​កម្រិត​ទាប​រហូត​ដល់ ​៣០​ លាន​ដុង ​​ក្នុង​អំឡុង​​រដូវ​​មិន​មាន​ភ្ញៀវ​ច្រើន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មីនា។​

ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា តម្រូវការ​​មាន​កម្រិត​ខ្ពស់​ខ្លាំង​នៅ​ពេល​នេះ​ហើយ​ដូច្នេះ​ទីផ្សារ​នេះ​ទំនង​ជា​នឹង​រីក​ចម្រើន​ក្នុង​រយៈពេល​ពី​ ៣ ទៅ ៥​ ឆ្នាំ ​ខាង​មុខ ប៉ុន្តែ​វា​ស្ថិត​នៅ​រប៉ាត់រប៉ាយ​ហើយ​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​អភិវឌ្ឍ។

ក្រុម​អ្នក​ជំនាញ​បន្ត​ថា ប្រាក់​ចំណេញ​​ក្នុង​អាជីវកម្ម​នេះ​មិន​ខ្ពស់​ទេ ធៀប​នឹង​សេវា​ស្នាក់នៅ​បែប​ប្រពៃណី​នានា​ ដូចជា​សណ្ឋាគារ​ និង​សណ្ឋាគារ​បែប​ខុនដូ៕ ANN/LA​

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។