ក្រុង​វ៉ាស៊ីនតោនៈ សេដ្ឋកិច្ច​​ចែក​រំលែក​ (Sharing economy)​ ដែល​​​ជា​ទម្រង់​សេដ្ឋកិច្ច​នៃ​ការ​ប្រតិបត្តិការ​ទិញ​លក់​ទំនិញ និង​សេវាកម្ម​តាម​​អ៊ីនធឺណិត កំពុង​ក្លាយ​ជា​និន្នាការ​​ទូទៅ​មួយ ដោយ​មាន​ការ​រំពឹង​ថា​នឹង​​ចុះ​​បញ្ជី​ក្នុង​ផ្សារហ៊ុន​ពី​សំណាក់​ក្រុមហ៊ុន​ផ្ដល់​សេវា​សេដ្ឋកិច្ច​​ចែក​រំលែក​នេះ ដូចជា​ ក្រុមហ៊ុន Uber ​ក្រុមហ៊ុន Lyft និង​ក្រុមហ៊ុន Airbnb ពោល​គឺ​​ជា​​សញ្ញា​ដែល​បង្ហាញ​ថា និន្នាការ​នេះ​កំពុង​កើន​សម្ទុះ និង​ជះ​ឥទ្ធិពល​ដល់​វិស័យ​ជា​ច្រើន។​

ក្រុមហ៊ុន​ផ្តល់​សេវា​តាម​​អនឡាញ​ដែល​​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ទាំង​នេះ គឺ​ជា​កម្លាំង​រំខាន​មួយ​រួច​​ទៅ​ហើយ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​សេដ្ឋកិច្ច​ ហើយ​​​អ្នកវិភាគ​​​ឲ្យ​ដឹង​ថា ការ​ចុះ​បញ្ជី​លក់​​ភាគហ៊ុន​សាធារណៈ​​របស់​ក្រុមហ៊ុន​ទាំង​នេះ អាច​ជា​របត់​​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ ដែល​ទំនង​ជា​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​កាន់​តែ​ច្រើន​ថែម​ទៀត​។​

កំណើន​​​​ការ​ផ្តល់​សេវា​តាម​តម្រូវការ​ទាំង​នេះ កំពុង​កាត់​បន្ថយ​អារម្មណ៍​នៃ​ការ​ចង់​មាន​​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​​​​​លំនៅឋាន រថយន្ត និងទំនិញ​ផ្សេង​ទៀត ហើយ​វា​ក៏​កំពុង​ផ្លាស់​ប្តូរ​ទស្សនា​ទាន​កម្លាំង​ពលកម្ម​ និង​ការងារ​​​ផង​ដែរ​ដែល​បណ្ដាល​ឲ្យ​មាន​ការ ​ពិភាក្សា​គ្នា​យ៉ាង​ខ្លាំង​អំពី​ថា តើ​ការ​ផ្លាស់​ប្តូរ​នេះ​ល្អ​ ឬ​អាក្រក់?​

ក្រុមហ៊ុន Lyft ដែល​​ផ្ដល់​សេវា​ហៅ​តាក់ស៊ី​ជិះ​ឈាន​មុខ​គេ​របស់​អាមេរិក និង​ជា​គូ​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន Uber ​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ ដែល​​ប្រកាស​ពី​ការ​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​លើក​ដំបូង (IP​O) របស់​ខ្លួន​ដើម្បី​ស្វែងរក​ការ​ពង្រីក​​ក្រុមហ៊ុន​ដែល​បច្ចុប្បន្ន​មាន​តម្លៃ​​ជាង​ ១៥​ ពាន់​លាន​ដុល្លារ​នេះ។​

មាន​ការ​កើន​ឡើង​ចំនួន​​ក្រុមហ៊ុន​បង្កើត​ថ្មី​រួច​ហើយ​ក្នុង​វិស័យ​សេវាកម្ម​ចែក​រំលែក​នេះ ដូច​ជា​សេវា​រថយន្ត​ជិះ​បែប​​​ចែក​រំលែក​ កង់ ម៉ូតូស្គូធឺ លំនៅឋាន និង​សេវា​ជា​ច្រើន​ទៀត​។ វិស័យ​ជួល​ការិយាល័យ​​ក៏​កំពុង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ផង​ដែរ​តាមរយៈ​ការ​ជួល​ទីឃ្លា​ការិយាល័យ​រួម​​គ្នា​ដូចជា​សេវា​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ WeWork ដែល​នៅ​ពេល​នេះ​មាន​តម្លៃ​ប្រហែល​ ៤៥ ​ពាន់​លាន​ដុល្លារ​។​

លោក Arun Sundararajan សាស្ដ្រាចារ្យ​​ប្រចាំ​​សាកល​វិទ្យាល័យ​ក្រុង​​ញូវយ៉ក ដែល​តាម​ដាន​វិស័យ​នេះ​បាន​​ថ្លែង​ថា៖ «​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​សម្រាប់​​សេវា​សេដ្ឋកិច្ច​ចែក​រំលែក​​តែ​ប៉ុណ្ណោះ»។​

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា យើង​​នឹង​មើល​ឃើញ​ក្រុមហ៊ុន​ធំៗ​ដែល​ផ្តល់​សេវា​ប្រកប​ដោយ​វិជ្ជាជីវៈ​សម្រាប់​ប្រភេទ​សេវា​ថែរក្សា​សុខភាព​មួយ​ចំនួន ហើយ​​ប្រហែល​ជា​សេវា​​សម្រាប់​ថាមពល​ជំនួស​​ផង​ដែរ»។​

ការ​ចំណាយ​សម្រាប់​សេវា «តាម​តម្រូវ​ការ​»​ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​នានា​​ដូចជា​ក្រុមហ៊ុន Uber ក្រុមហ៊ុន Airbnb និង​ក្រុមហ៊ុន​ឌីជីថល​ផ្សេង​ទៀត បាន​កើន​ឡើង ​៥៨ ភាគរយ​កាល​​ពី​ឆ្នាំ ២០១៧ ដល់​ ៧៥,​៧ ​ពាន់​​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​​អតិថិជន​​ជាង ​៤១​ លាន​នាក់​។ នេះ​បើ​យោង​តាម​ការ​អង្កេត​មួយ​ដោយ​ក្រុមហ៊ុន​​ Rockbridge Associates។​

ទោះ​ជា​យ៉ាង​ណា ​លោក Charles Colby ស្ថាបនិក​ក្រុមហ៊ុន Rockbridge បាន​បង្ហាញ​ការ​ប្រុងប្រយ័ត្ន​ថា កំណើន​នេះ​​​អាច​ធ្លាក់ចុះ​​​វិញ។​

លោក​​ថ្លែង​ថា៖ «​ខ្ញុំ​មិន​មើល​ឃើញ​ក្រុមហ៊ុន​ទាំង​នេះ​​ថា ​ជា​ក្រុមហ៊ុន [ដែល​​ជោគជ័យ] ​បន្ទាប់​ពី​ក្រុមហ៊ុន Amazon ​ឬ​ក្រុមហ៊ុន Apple ​នោះ​ទេ ដោយសារ​​ក្រុមហ៊ុន​ទាំង​នេះ​កំពុង​ចូល​​ក្នុង​​ទីផ្សារ​ដែល​​ចង្អៀត ហើយ​នឹង​ចាប់​ផ្ដើម​ជួប​ប្រទះ​ការ​ប្រកួត​ប្រជែង​ពី​​ក្រុមហ៊ុន​ផ្ដល់​សេវា​​​តាម​បែប​​ប្រពៃណី​ធម្មតា ដែល​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​​នោះ​ គឺ​​ពិត​ជា​មាន​សមត្ថភាព​ប្រកួត​ប្រជែង»។​

ក្រុមហ៊ុន​ផ្តល់​សេវា​​​សេដ្ឋកិច្ច​ចែក​រំលែក​ ក៏​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​ផង​ដែរ។ ​ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន​ Lyft បាន​ប្រឈម​​នឹង​ការ​តវ៉ា​ប្រឆាំង និង​បញ្ហា​ពី​ប្រតិបត្តិករ​តាក់ស៊ី​ធម្មតា ហើយ​និយតករ​​មួយ​ចំនួន​បាន​ហាម​ឃាត់​ ឬ​ដាក់​កម្រិត​លើ​សេវា​ចែក​រំលែក​តាក់ស៊ី​ជិះ។ ​ក្រុមហ៊ុន Airbnb ក៏​ត្រូវ​បាន​រារាំង​ផង​ដែរ​​​​ក្នុង​ទីផ្សារ​មួយ​ចំនួន ក្នុង​គ្រា​ដែល​មាន​​​ការ​ត្អូញត្អែរ​ជុំវិញ​ការ​រំខាន​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​ និង​វិស័យ​សណ្ឋាគារ។​

តើ​រថយន្ត​ឯកជន ​នឹង​បាត់​អស់?

ក្នុង​វិស័យ​ដឹក​ជញ្ជូន ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា និន្នាការ​សេវា​ចែក​រំលែក​​នេះ​​កំពុង​​ផ្លាស់​ប្តូរ​​យ៉ាង​រហ័ស ដែល​​នឹង​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ដល់​​​រូបភាព​ទីក្រុង​ ស្រប​ជា​​មួយ​នឹង​ចក្ខុ​វិស័យ​​របស់​​ក្រុមហ៊ុន​នានា​ ដូចជា​​ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន Lyft ដើម្បី​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​តម្រូវការ​​​រថយន្ត​កម្ម​សិទិ្ធ​​ឯកជន។​

ក្រុមហ៊ុន​ស្រាវជ្រាវ​ RethinkX បាន​ព្យាករ​ថា ចំនួន​រថយន្ត​នៅ​អាមេរិក​នឹង​ធ្លាក់ចុះ​ជាង​ ៨០ ​ភាគរយ​ត្រឹម​ឆ្នាំ ​២០២០ ហើយ​ ​៩៥ ភាគរយ​នៃ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​ប្រើប្រាស់​​​រថយន្ត​អគ្គិសនី​ស្វ័យ​​​បើកបរ​​ដែល​ផ្តល់​​សេវាកម្ម​តាម​តម្រូវ​ការ​វិញ​។​

ដោយ​មាន​លទ្ធភាព​ទទួល​បាន​មូលធន​ពី​​តំបន់​ហិរញ្ញវត្ថុ​ Wall Street ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​សេដ្ឋកិច្ច​ចែក​រំលែក​អាច​មាន​លទ្ធភាព​​​​​រីកលូត​លាស់​កាន់​តែ​ធំ និង​បង្ហាញ​អំណាច​របស់​ខ្លួន​កាន់​តែ​ច្រើន​ក្នុង ការ​រំខាន​​ដល់​សេវា​បែប​ប្រពៃណី​​​។

ការ​បោះ​ផ្សាយ IPO ទាំង​នេះ​បង្ហាញ​​ថា ​ក្រុមហ៊ុន​ផ្តល់​សេវា​​សេដ្ឋកិច្ច​ចែក​រំលែក «ត្រៀម​ខ្លួន​រួច​​ហើយ​​សម្រាប់​ពេលវេលា​ដ៏​សំខាន់​​»។ នេះ​បើ​យោង​តាម​លោក Saif Benjaafar នាយក​ផ្នែក​គំនិត​ផ្តួចផ្តើម​ស្តីពី​សេដ្ឋកិច្ច​ចែក​រំលែក​នៃ​​សាកល​វិទ្យាល័យ Minneota''s Initiative។​

លោក​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន Lyft និង​ក្រុមហ៊ុន Uber បាន​បង្ហាញ​ពី​ភាព​រស់រាន​​​ផ្នែក​ប្រតិបត្តិការ​នៃ​គំរូ​អាជីវកម្ម​នេះ ពោល​គឺ​មាន​សមត្ថភាព​​​ប្រតិបត្តិ​ក្នុង​ទីផ្សារ​ទ្រង់ទ្រាយ​ធំ និង​ទីផ្សារ​​​​ផ្សេងៗ។ អ្វី​ដែល​នៅ​មើល​ឃើញ​​​នោះ​គឺ​ថា តើ​គេ​អាច​ប្រើប្រាស់​សមត្ថភាព​​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​នេះ​បាន​ដល់​កម្រិត​ណាស់​​​នៅ​ពេល​នេះ​​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​​​ផ្នែក​​ហិរញ្ញវត្ថុ​»។​

លោក​ Benjaafar ​កត់​សម្គាល់​​ថា ​ការ​ខាតបង់​របស់​ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន Lyft បាន​កើន​ឡើង ខណៈ​ដែល​​​ក្រុមហ៊ុន ​Airbnb ទទួល​បាន​​ប្រាក់​ចំណេញ។ ក្រុមហ៊ុន​ទាំង​នេះ​មាន​ទស្សនា​ទាន​ដូច​គ្នា​។​

លោក​​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ​ថា​ ​​ក្រុមហ៊ុន​ទាំង​នេះ «​បាន​បង្ហាញ​ពី​ភាព​​រស់រាន​នៃ​អាជីវកម្ម ដែល​ត្រូវ​​បាន​បង្កើត​ឡើង​ពី​ទស្សនា​ទាន​​នៃ​ការ​ទុក​ចិត្ត​គ្នា​​ក្នុង​ចំណោម​មនុស្ស​​ដែល​មិន​ស្គាល់​គ្នា​សោះ»។​

លោក​បាន​បញ្ជាក់​ថា​៖ «​ពួក​គេ​ក៏​បាន​បង្ហាញ​ផង​ដែរ [...] ​អំពី​​របៀប​ដែល​កំណើន​ដ៏​រហ័ស​​នេះ​អាច​ត្រូវ​សម្រេច​បាន​​ពី​ការ​ប្រើប្រាស់​ទ្រព្យ​សកម្ម​តិចតួច ហើយ​ជំនួស​មក​​វិញ​​​បើ​ប្រើ​​​ទ្រព្យ​សកម្ម​ ដែល​មាន​​ស្រាប់​​ដែល​​នៅ​សល់​​ទំនេរ និង​ដែល​លើស​តម្រូវការ និង​ការ​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​​ឯករាជ្យ និង​ការ​ជួល​កម្លាំង​ពលកម្ម​​តាម​តម្រូវ​ការ​»៕ AFP/LA