The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេវា​ទេសចរណ៍​កំពុង​ត្រៀម​រៀបចំ​ទទួល​ទេសចរ​នៅ​ចុង​ឆ្នាំ

សេវា​ទេសចរណ៍​កំពុង​ត្រៀម​រៀបចំ​ទទួល​ទេសចរ​នៅ​ចុង​ឆ្នាំ

សេវា​ទេសចរណ៍​កំពុង​ត្រៀម​រៀបចំ​ទទួល​ទេសចរ​នៅ​ចុង​ឆ្នាំ

131223_12b
ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្តកន្លងមក

ភ្នំពេញៈ អ្នក​ប្រកប​អាជីវកម្ម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅ​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ស្វាគមន៍​ភ្ញៀវ​ក្នុង​ឱកាស បុណ្យ​ឆ្លង​ឆ្នាំ​ដែល​ខិតជិត​មក​ដល់។

គេ​រំពឹង​ថា នឹង​មាន​កំណើន​អ្នក​ទេសចរ​ក្រៅ​ស្រុក​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រដូវ​វិស្សមកាល​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នៅក្នុង​វិស័យ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា និង​ជា​ម្ចាស់​សណ្ឋាគារ អលមិន មាន​ប្រសាសន៍​ថា ពិតជា​មាន​កំណើន​ក្នុង​ការ​កក់​ទាំង​ផ្នែក​ម្ហូបអាហារ និង​បន្ទប់​ស្នាក់នៅ​បើ​ធៀប​កាលពី​ឆ្នាំ​មុន។ ជាក់ស្តែង សណ្ឋាគារ​របស់​លោក​ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​រួច​ហើយ។ លោក​មាន​ប្រសាសន៍​ថា​៖ «​បើ​ទោះ​បី​ជា​ខាង​សមាគម​សណ្ឋាគារ​កម្ពុជា​មិន​បាន​រៀបចំ​កម្មវិធី ពិសេស​មួយ​រួម​គ្នា​ដើម្បី​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ តែ​សមាជិក​ម្នាក់ៗ​បាន និង​កំពុង​ត្រៀម​ខ្លួន​រៀបចំ​កម្មវិធី​ក្នុង​ឆ្នាំ​នេះ​ហើយ​»។

កម្មវិធី ដែល​លោក​សំដៅ​ដល់​នោះ​រួម​មាន ការ​តុបតែង​សណ្ឋាគារ​ដោយ​ដើមឈើ គ្រិស្តស្មាស់ ការ​ផ្តល់​ជា​ការ​បញ្ចុះតម្លៃ ការ​ចាប់​រង្វាន់​ផ្តល់​ជា​កាដូ ការ​ប្រគំតន្ត្រី និង​ការ​រៀបចំ​ពិធី​ជប់លៀង​រាត្រី​សមោសរ ជាដើម​។

ភ្ញៀវ​ដែល​លោក​ទទួល​បាន​គឺ​មាន​មកពី អឺរ៉ុប អាស៊ី និង​ភ្ញៀវ​ជា​អាណិកជន​ខ្មែរ​ត្រឡប់​មក​ទស្សនា​ប្រទេស​កម្ពុជា​វិញ​។

ជា ម្ចាស់​សណ្ឋាគារ អលមិន និង​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ​នោះ​លោក លូ ម៉េង ក៏​កំពុង​ត្រៀម​កម្មវិធី​មួយ​ចំនួន​សម្រាប់​ស្វាគមន៍​ភ្ញៀវ​នៅ​ថ្ងៃ​ឆ្លង ឆ្នាំ​ផង​ដែរ​។ លោក​ថា​៖​«​យើង​នឹង​មាន​ពិធី countdown នៅ​ភោជនីយដ្ឋាន​របស់​យើង​មួយ​នៅ​ទីតាំង​មាត់ទន្លេ​។ យើង​ក៏​ត្រៀម​បង្ហាញ​មុខម្ហូប​ថ្មី និង​ស្រា​សំាប៉ាញ​ល្អៗ​ផង​ដែរ​»។

បើ តាម​ការ​ឲ្យ​ដឹង​ពី​លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ផ្នែក​ទេសចរណ៍ បាតុកម្ម​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ក្នុង​ស្រុក​មាន​ផលប៉ះពាល់​តិចតួច​ដល់​ការ​ចូល​ទស្សនា​នៃ​ភ្ញៀវ​ក្រៅ​ស្រុក​មក​កម្ពុជា​។

លោក​ថា៖ « យើង​ឃើញ​តួលេខ​មិន​មាន​ការ​ថយ​ចុះ​ច្រើន​ទេ​»។ ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន World Express Tour and Travel ដែរ​នោះ លោក ហូ វណ្ឌី បញ្ជាក់​ថា ក្រុមហ៊ុន​លោក​នៅ​តែ​ទទួល​បាន​ការ​កក់​ពី​ភ្ញៀវ​ក្រៅ​ស្រុក​ចូល​មក កម្ពុជា ដែល​ភាគច្រើន​ជា​ភ្ញៀវ វៀតណាម ចិន និង​កូរ៉េ​។

អគ្គនាយិកា នៃ​ក្រុមហ៊ុន La Route Angkor Travel & Tours ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​លោកស្រី​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​កញ្ចប់​សេវា​ទេសចរណ៍ នៅ​កម្ពុជា តាំងពី​ខែ​កក្កដា​មក​ម៉េ្លះ​។ ក្នុង​កញ្ចប់​សេវាកម្ម​នោះ រួម​មាន ការ​បញ្ចុះ​ថ្លៃ​សម្រាប់​ភ្ញៀវ​ជា​ក្រុម ការ​រៀបចំ​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ កាដូ​ពិសេស និង​ការ​ពិសា​អាហារ​ពេល​ល្ងាច​ជាដើម​។ កញ្ចប់​សេវាកម្ម​នេះ​គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវបរទេស​មក​ទស្សនា កម្ពុជា​កាន់តែ​ច្រើន​។

លោកស្រី​បន្ត​ថា​៖ «​យើង​ទទួល​បាន​ការ​កក់​ច្រើន​ពី​ភ្ញៀវ​ដែល​កើន​ប្រហែល​៥០​ភាគរយ​។ ភ្ញៀវ​យើង​ភាគច្រើន​មកពី​អឺរ៉ុប បារាំង អូស្ត្រាលី ចិន និង​កូរ៉េ​»​។

លោក ទិត្យ ចន្ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា ខាង​ក្រសួង​ទេសចរណ៍​មិន​បាន​រៀបចំ​កម្មវិធី​អ្វី​ជាពិសេស​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រៅ​ស្រុក​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​នេះ​ទេ​។

ទោះ ជា​យ៉ាង​ណា លោក​បន្ត​ថា​៖ «​ក្រសួង​តែង​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​បាន​ផ្សាយ​នៅ​លើ​ប៉ុស្តិ៍ ទូរទស្សន៍។ វា​បាន​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​រួច​ហើយ​»​។

ទិន្នន័យ ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ក្នុង​រយៈពេល ១០​ខែ​ដំបូង​នៅ​ឆ្នាំ​២០១៣​នេះ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​មាន​៣,៥ លាន​នាក់ ជា​តួលេខ​ដែល​កើន​១០,៥ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​៕

អត្ថបទគួរចាប់អារម្មណ៍