ក្រុមហ៊ុនសែលកាត នៅថ្ងៃទី១៤ ខែឧសភា នេះបានដាក់ឱ្យដំណើរ ការសេវាកម្ម Covid-19 Vault នៅក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរក្សាទុកនូវព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់ពួកគេ តាមប្រព័ន្ធឌីជីថល។
សេវាកម្មថ្មីនេះ បង្ហាញវត្តមានឡើង ស្របពេលដែលបណ្តាសហគមន៍ គ្រួសារប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើន កំពុងទទួលរងនូវផលប៉ះពាល់ ដោយសារការបិទខ្ទប់ និងការដាក់បម្រាមគោចរ នាពេលបច្ចុប្បន្ននេះ។
នៅប៉ុន្មានសប្តាហ៍ខាងមុខ សេវាកម្មនេះ នឹងត្រូវបានពង្រីកបន្ថែម ដោយមានដាក់បញ្ចូលនូវលទ្ធផលតេស្តជំងឺកូវីដ១៩ ក៏ដូចជាមុខងារតាមដាន និងស្វែងរកប្រភពចម្លងដ៏ពេញលេញផងដែរ។
សេវាកម្ម Covid-19 Vault ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរនូវទីកន្លែងដែលមានសុវត្ថិភាពខ្ពស់ដើម្បីរក្សាទុកព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់ពួកគេ ក៏ដូចជាផ្តល់នូវទំនុកចិត្តខ្ពស់ ខណៈដែលពួកគេកំពុងព្យាយាមរក្សាសុខសុវត្ថិភាពផ្ទាល់ខ្លួន និងការពារខ្លួនទៅនឹងការប៉ះពាល់ជាមួយនឹងមេរោគកូវីដ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា Covid-19 Vault គឺជាសេវាកម្មដំបូងគេបង្អស់មួយនៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចរក្សាទុកនូវព័ត៌មានសុខភាពតាមប្រព័ន្ធអេឡិចត្រូនិចនៅលើកម្មវិធីទូរស័ព្ទ ហើយជាពិសេសនោះ សេវាកម្មនេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់តែម្តង។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖«សេវាកម្មនេះ មានលក្ខណៈស្រដៀងទៅនឹងសេវាកម្មសុខភាពអេឡិកត្រូនិក ដែលកំពុងដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក និងផ្នែកខ្លះទៀតនៃទ្វីបអឺរ៉ុប ដែលអ្នកប្រើប្រាស់អាចប្រើព័ត៌មានឌីជីថលរបស់ពួកគេនេះ នៅតាមអាកាសយានដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀតជាច្រើនផងដែរ»។
«សេវាកម្មរបស់យើង បានបង្ហាញឱ្យឃើញច្បាស់នូវភាពប៉ិនប្រសព្វរបស់កូនខ្មែរ ក្នុងការបង្កើតសេវាកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់។ ក្រុមហ៊ុនសែលកាត នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ហើយពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជា រហូតដល់រួចផុតពីវិបត្តិមួយនេះ»។
«ពួកយើងបានឃើញការផ្លាស់ប្តូរដ៏ពុំគួរឱ្យជឿនៃការចាប់ផ្តើមទទួលយកប្រព័ន្ធឌីជីថល ក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដនេះ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ពេលនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត ក្នុងការជំរុញសេវាកម្មសុខភាពអេឡិចត្រូនិកនៅកម្ពុជា»។
Covid-19 Vault គឺជាមុខងារថ្មីបំផុតមួយ ភ្ជាប់មកជាមួយនៅក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak របស់សែលកាត ដែលជាកម្មវិធីផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ នូវមុខងារដូចគ្នាទៅនឹងកម្មវិធីពេញនិយមកម្រិតសកលអមដោយការប្រើប្រាស់នូវភាសាខ្មែរ រួមជាមួយនឹង ការបម្លែងទិន្នន័យជាកូដសុវត្ថិភាពទាំងស្រុង និងការរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាពបំផុតនៅក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះ ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យ ហើយថែមទាំងមិនមានការគិតថ្លៃចំពោះការទាញយក ឬការប្រើប្រាស់កម្មវិធីដើម្បីតេចេញជាសំឡេង ជួបសន្ទនាតាមវីដេអូ ចែករំលែកឯកសារ ផ្ញើរូបស្ទីកគ័រ និងការចុះឈ្មោះដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួន នោះឡើយ។
លោក វ៉ាតសុន មានប្រសាសន៍ថា៖«អ្វីដែលអ្នកត្រូវការនោះគឺ ទូរស័ព្ទមួយគ្រឿង ស៊ីមកាតមួយ និងគម្រោងទិន្នន័យទូទៅរបស់ប្រតិបត្តិករមួយណាក៏បាន។ ប៉ុន្តែប្រសិនបើអ្នកជាអតិថិជនរបស់សែលកាត យើងនឹងមានផ្តល់ជូននូវទិន្នន័យ 2GB ជារៀងរាល់ខែ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ពួកយើងចំពោះអ្នក»។
លោកបានបន្ថែមថា ក្រុមហ៊ុន សែលកាត នឹងបន្តរក្សា ក៏ដូចជាពង្រឹងសេវាកម្មបណ្តាញលំដាប់ពិភពលោករបស់ខ្លួន តាមរយៈការរៀបចំឱ្យក្រុមវិស្វករចូលទៅកាន់តំបន់ក្រហម និងតំបន់ពណ៌លឿងទុំ ដើម្បីផ្តល់ការថែទាំទៅលើការផ្តល់ សេវា រួមជាមួយនឹងការដំឡើង នូវទីតាំងបណ្តាញថ្មីៗ។
សែលកាត បានដំឡើងទីតាំងថ្មីៗនៅតាមស្រុកចំនួន ៩២ ចាប់តាំងពីខែមករាមក ដែលនេះគឺជាផ្នែកមួយនៃផែនការពង្រីកបណ្តាញសេវាក្នុងទំហំទឹកប្រាក់ចំនួន ៥០ លានដុល្លារ សម្រាប់ឆ្នាំនេះ។
«ក្រុមហ៊ុនសែលកាត នឹងបន្តនវានុវត្តិន៍ ក៏ដូចជាស្វែងរកនូវមធ្យោបាយនិងបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយគាំទ្រដល់ ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមទស្សនវិស័យរបស់លោកប្រធានអ្នកឧកញ៉ា គិត ម៉េង ចំពោះការសម្រេចឱ្យបាននូវឌីជីថលនីយកម្មនៅក្នុងប្រទេសកម្ពុជា»។
កម្មវិធី Pouk Mak App ត្រូវបានដាក់ជូនឱ្យទាញយកសម្រាប់ប្រើប្រាស់ ទាំងនៅលើហាង Play Store របស់ Android និងហាង App Store របស់ iOS ។ បន្ទាប់ពីចំណាយពេលពីរបីនាទីសម្រាប់ការចុះឈ្មោះ ហើយអ្នកប្រើប្រាស់អាចចូលទៅកាន់ Setting ហើយចុចលើ COVID-19 VAULT បន្ទាប់មកចុចស្កេន និងរក្សាទុកព័ត៌មានអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ ជាការស្រេច៕