
ភ្នំពេញៈ ក្រុមហ៊ុនសោម៉ាគ្រុប និងក្រុមហ៊ុន CP intertrade របស់ថៃកាលពីថ្ងៃពុធបានចុះកិច្ចព្រមព្រៀងវិនិយោគ២០លានដុល្លារក្នុងការបង្កើតរោងម៉ាស៊ីនកិនស្រូវមួយនៅខេត្តកំពង់ស្ពឺ។
អ្នកជំនាញក្នុងឧស្សាហកម្មស្រូវអង្ករបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះជាការរួមចំណែកពង្រឹងទីផ្សារនាំចេញអង្កររបស់កម្ពុជា។
លោក សុខ ពុទ្ធិវុធ អគ្គនាយក ក្រុមហ៊ុន សោម៉ាគ្រុប បានលើកឡើងថា ការវិនិយោគនេះនឹងផ្តោតលើការនាំចេញអង្ករក្រអូប។លោកបន្តថា៖ «យើងនឹងផ្តោតទៅលើការនំាចេញប្រភេទអង្ករក្រអូបដោយសារប្រទេសកម្ពុជាមានសក្តានុពលយ៉ាងខ្លាំងលើប្រភេទអង្ករនេះ។យើងសង្ឃឹមថាការវិនិយោគរួមគ្នានេះនឹងជួយជំរុញឲ្យអង្ករកម្ពុជាកាន់តែមានឈ្មោះបោះសំឡេងថែមទៀតក្នុងទីផ្សារអន្តរជាតិ»។
តាមប្រភពពីក្រុមហ៊ុនបានឲ្យដឹងថារោងម៉ាស៊ីនកិនស្រូវនេះនឹងចាប់ផ្តើមសាងសង់នៅខែមីនានិងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០១៣។ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនទាំងពីរមិនបានបង្ហាញចំណែកភាគហ៊ុនដែលខ្លួនកាន់កាប់រៀងៗនោះទេ។
លោក គឹម សាវុធ ប្រធានសហព័ន្ធអ្នកនំាចេញអង្ករកម្ពុជាស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនថ្មីនេះដោយបញ្ជាក់ថាការផ្តោតសំខាន់លើការនំាចេញអង្ករក្រអូបជាការវិនិយោគដ៏ឆ្លាតវៃក្នុងមុខជំនួញស្រូវអង្ករ។ លោកថ្លែងថាអង្ករកម្ពុជាប្រឈមនឹងការប្រកួតប្រជែងខាងតម្លៃជាមួយប្រទេសជិតខាងពិសេសវៀតណាម។ លោកបន្តថា៖ «សម្រាប់គុណភាព និង តម្លៃអង្ករក្រអូប កម្ពុជាពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទល់នឹងប្រទេសជិតខាង។លោក គឹម សាវុធ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញ។
កម្ពុជាស្ថិតនៅចន្លោះប្រទេសនាំចេញអង្ករធំៗពីរនៅក្នុងតំបន់ គឺថៃ និងវៀតណាម។
លោកស្រី ចន្ធី អ្នកជំនាញខាងវិស័យកសិកម្មការវិនិយោគថ្មីនេះនឹងជួយកាត់បន្ថយការហូរចេញស្រូវក្រអូបទៅប្រទេសជិតខាងនិងជំរុញឲ្យកសិករបង្កើនការដាំដុះស្រូវប្រភេទនេះកាន់តែច្រើនដើម្បីបានតម្លៃខ្ពស់។ លោកបន្តថា៖ «កសិករមានស្រូវក្រអូបគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទៅក្រុមហ៊ុនកិនស្រូវ។យ៉ាងណាក៏ដោយក្រុមហ៊ុនគួរមានយុទ្ធនាការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការផលិតស្រូវប្រភេទក្រអូបដើម្បីឲ្យកសិករជំរុញការផលិតកាន់តែច្រើន»។
កាលពីពាក់កណ្តាល២០១១ក្រុមហ៊ុនសោម៉ាគ្រុបបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនមួយក្នុងគម្រោងវិនិយោគរោងចក្រកែច្នៃអង្ករនៅខេត្តតាកែវ។
លោក សុខ ពុទ្ធិវុធ បានឲ្យដឹងថាសម្រាប់ទីផ្សារអន្តរជាតិនៅពេលដែលគេចង់ទិញអង្ករមានតម្លៃថោកគេនឹងនឹកដល់ប្រទេសវៀតណាមខណៈប្រទេសថៃជាគោលដៅផ្គត់ផ្គង់អង្ករក្រអូបដែលនេះជាការលំបាកមួយសម្រាប់កម្ពុជាដែលនៅចន្លោះប្រទេសទាំងពីរនេះ។លោកបានបន្តថា៖ «យើងផ្តោតទៅលើអង្ករក្រអូបហើយចង់បង្វែរទិសអង្ករនេះឲ្យមានគុណភាពខ្ពស់»៕