ភ្នំពេញៈ​ អាជីវកម្ម​បង្កើត​ថ្មី​ឈ្មោះ​​ «សំចត» ដែល​ផ្តល់​សេវា​ចត​​យានជំនិះ​តាម​កម្មវិធី​ទូរស័ព្ទ (Mobile App​) នឹង​ដាក់​ឲ្យ​ដំណើរការ​អំឡុង​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​គំនិត​អាជីវកម្ម​នេះ​ទើប​ទទួល​ជ័យលាភី​ នៅ​ក្នុង​កម្មវិធី​ Smart Star​t Young Innovator Program​ របស់​ក្រុមហ៊ុន​ Smart កាល​ពី​សប្តាហ៍​មុន​​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាបនិក​កម្មវិធី​​ «សំ​ចត» កាល​ពី​ថ្ងៃ​អាទិត្យ​។

Smart Start គឺ​ជា​កម្មវិធី​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​មួយ​ដែល​មាន​គោល​បំណង​ផ្តល់​ឱកាស​ឲ្យ​កូន​ខ្មែរ​ ដែល​មាន​ទេព​កោសល្យ​ និង​សមត្ថភាព​ដើម្បី​អភិវឌ្ឍ​គំនិត​ច្នៃ​ប្រឌិត​អំពី​វិស័យ​បច្ចេកវិទ្យា​ និងឌីជីថល​របស់​ពួក​គេ​។

កញ្ញា ​នី ច័ន្ទ​ភិជ្ជ​មៀន សហ​ស្ថាបនិក​ «សំចត» បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ កម្មវិធី​ថ្មី​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​​​នៅ​​ឆ្នាំ​នេះ ​ដោយ​សង្ឃឹម​ថា នឹង​ផ្ដល់​អត្ថ​​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​យានយន្ត​​ក្នុង​ការ​ទទួល​បាន​សេវា​ចំណត​​ងាយ​ស្រួល​ និង​​យ៉ាង​រហ័ស​ជាង​​មុន​តាម​រយៈ​វិស័យ​បច្ចេក​វិទ្យា​។

កញ្ញា​បញ្ជាក់​ថា ​​ម្ចាស់​ទី​ចំណត​ ដែល​ភ្ជាប់​ជា​មួយ​កម្មវិធី​នេះ​នឹង​​​អាច​គ្រប់គ្រង​​ស្ថិតិ​​​ចំណត​យានយន្ត ​និង​អាច​​​គ្រប់គ្រង​សាច់​ប្រាក់​​បាន​ងាយ​ស្រួល​ជាង​មុន​ ដោយ​ចំណាយ​​មនុស្ស​ធ្វើ​ការ​តិច​ជាង​មុន។

កញ្ញា ​ច័ន្ទ​ភិជ្ជ​មៀន​ ដែល​មាន​វ័យ​ ​២២ ​ឆ្នាំ​បាន​ថ្លែង​ថា​៖ «​ដោយ​សារ​តែ​សម័យ​នេះ​ជា​សម័យ​បច្ចេកវិទ្យា​ យើង​ចង់​ធ្វើ​បដិវត្តន៍​របៀប​ដែល​​មនុស្ស​ចត​យានយន្ត ដោយ​​​ផ្លាស់​ប្តូរ​ពី​របៀប​ធម្មតា​​ ដែល​ពឹង​ផ្អែក​លើ​សំបុត្រ​មក​ប្រើ​កម្មវិធី​តាម​ទូរស័ព្ទ​វិញ​»។

កញ្ញា​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជា​អាជីវកម្ម​មួយ​ដែល​មាន​​ទំហំ​ធំ​។ វា​នឹង​ក្លាយ​​ជា​កម្មវិធី​​ដែល​ផ្តល់​​សេវា​ចត​យានយន្ត​ដោយ​​ប្រើប្រាស់​បច្ចេកវិទ្យា​ដំបូង​គេ​បង្អស់​នៅ​​​កម្ពុជា​»។​

«​សំចត» ​មិន​ទាន់​បាន​សហការ​ជា​​​ដៃគូ​ជា​មួយ​ទីតាំង​ចំណត​ណា​មួយ​នៅ​ឡើយ​ទេ​ រហូត​មក​ដល់​ពេល​នេះ​ ដោយ​សារ​តែ​​ក្រុម​នេះ​ទើប​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​បង្ហាញ​គំនិត​ ដល់​​ដៃគូ​ជាប់​ពាក់ព័ន្ធ។ ​កញ្ញា ច័ន្ទ​ភិជ្ជ​​មៀន​ ​បាន​​ឲ្យ​ដឹង​ថា «សំចត» នឹង​ទាក់ទង​ទីតាំង​ចំណត​នៅ​តាម​សាលា​រៀន និង​នៅ​ទី​ផ្សារ​នានា​​ ដើម្បី​ភ្ជាប់​ជា​មួយ​​កម្មវិធី​នេះ​នៅ​ជំហាន​ដំបូង​ ហើយ​នឹង​ព្យាយាម​​ពង្រីក​ភាព​ជា​ដៃ​គូ​ជា​មួយ​​ទីតាំង​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ​​។

ទោះបី​យ៉ាង​នេះ​ក្តី ​កញ្ញា​​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ទីតាំង​ចំណត​​មួយ​ចំនួន​ បាន​​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ជា​មួយ​គំនិត​អាជីវកម្ម​នេះ​ និង​ទទួល​ស្គាល់​​ថា កម្ម​វិធី​បង្កើត​​ក្នុង​ស្រុក​នេះ ​នឹង​ជួយ​សម្រួល​មធ្យោបាយ​ដែល​ពួក​គេ​ធ្វើ​​អាជីវកម្ម​។ ការ​ទូទាត់​តាម​សេវា​នេះ​​​នឹង​ធ្វើ​ឡើង​ជា​សាច់​ប្រាក់​នៅ​ពេល​​ចាប់​ផ្ដើម​​​ដំបូង​ ប៉ុន្តែ​​នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ពេល​ក្រោយ​។​

គំនិត​អាជីវកម្ម​របស់​ «សំចត» ស្ថិត​ក្នុង​ចំណោម​​ក្រុមគំ​និត​ ៤ ​ផ្សេង​ទៀត​ ដែល​​ត្រូវ​បាន​ជ្រើសរើស​​ ​ប្រកួត​ប្រជែង​​របស់​ SmartStart Young Innovator Program Cycle 2 នៅ​តង់​ចុង​ក្រោយ​។ តាំង​​​ពី​ខែ​មិថុ​នា ឆ្នាំ​មុន​ម្ល៉េះ​ ដែល​ «​សំ​ចត»​ និង​ស្ថាបនិក​របស់​គំនិត​អាជីវកម្ម​ ៤ ​ផ្សេង​ទៀត បាន​ទទួល​ប្រាក់​ ៤ ០០០ ដុល្លារ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​​កម្មវិធី​​អភិវឌ្ឍ​អាជីវកម្ម​រយៈ​ពេល​ ៦ ខែ ជា​មួយ Impact Hub មុន​នឹង​ធ្វើ​​ការ​ប្រកួត​ប្រជែង​ចុង​ក្រោយ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន «​សំ​ចត» ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ទទួល​​បាន​ជយ​លាភី និង​ទទួល​បាន​ការ​ឧបត្ថម​ទាំង​ស្រុង​ក្នុង​ «ដំណើរ​បច្ចេកវិទ្យា​» នៅ​ប្រទេស​ សិង្ហបុរី ​ដើម្បី​ធ្វើ​ទស្សនកិច្ច​​ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ​និង​ Microsoft។​

លោក​ Thomas Hundt អគ្គ​នាយក​​​ក្រុមហ៊ុន​ Smart Axiata បាន​ឲ្យ​​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា ​គំនិត​ផ្ដួច​ផ្ដើម​របស់​ «​សំ​ចត» បង្ហាញ​ថា បរិយាកាស​អាជីវកម្ម​​​​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​​​កម្ពុជា កំពុង​​រីក​ចម្រើន​ និង​ត្រូវ​បាន​ជំរុញ​ដោយ​ទេពកោសល្យ​ដ៏​អស្ចារ្យ​។

​​​លោក​ថ្លែង​ថា​៖ «​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ចក្ខុ​វិស័យ​រួម​របស់​យើង​នៃ​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយ​ស្ថិរភាព​របស់​​កម្ពុជា​»៕LA