
លោក ប៉ែន សុផល (អង្គុយ) លោក Tassilo Brinzer ក្នុងវេទិកា Tall Building កាលពីថ្ងៃម្សិលមិញ។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ ការរីកចម្រើនរបស់វិស័យសំណង់បានជំរុញឲ្យអគារខ្ពស់ៗនៅប្រទេសកម្ពុជាកើនឡើងដល់ជាង ១ ០០០ អគារ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ ដែលភាគច្រើននៃសំណង់អគារថ្មីៗត្រូវបានគេមើលឃើញមាននៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានលើកឡើងនៅក្នុង «វេទិកាស្តីពីអគារខ្ពស់» (Tall Buildings Forum) ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជាកាលពីថ្ងៃម្សិលមិញថាគិតត្រឹមរយៈពេល ៥ ខែ ឆ្នាំ ២០១៨ នេះអគារកម្ពស់ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន ៥៣ អគារដែលបានដាក់ឲ្យប្រើប្រាស់ដែលធ្វើឲ្យចំនួនអគារខ្ពស់ៗបានកើនឡើងដល់ ១ ០៤៩ អគារ។
លោកបន្តថាក្នុងចំណោមអគារខ្ពស់ៗដែលត្រូវបានសាងសង់នារយៈពេលចុងក្រោយនេះភាគច្រើនស្ថិតនៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជធានីភ្នំពេញ។ លោកបានថ្លែងថា៖ «បច្ចុប្បន្នមានសំណង់ខ្ពស់ៗបានលេចឡើងយ៉ាងច្រើននៅកម្ពុជា ពិសេសនៅក្នុងប៉ូលអភិវឌ្ឍន៍រាជធានីភ្នំពេញ ខណៈនារយៈពេលចុងក្រោយនេះខេត្តព្រះសីហនុក៏ចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍន៍លឿនផងដែរ»។
លោក Tassilo Brinzer អនុប្រធាន EuroCham បាននិយាយថាការកើនឡើងចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ និងបច្ចេកវិទ្យាកាន់តែរីកចម្រើនបានធ្វើឲ្យមានសំណង់ខ្ពស់ៗលេចឡើងជាបន្តបន្ទាប់នៅកម្ពុជាក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ។
លោកនិយាយថា៖ «ការកើនឡើងនៃតម្លៃដីធ្លីនៅក្នុងតំបន់សំខាន់ៗ ស្របពេលបច្ចេកទេសក្នុងការសាងសង់កាន់តែរីកចម្រើននោះ គេសង្កេតឃើញមានសំណង់ខ្ពស់ៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់នៅកម្ពុជា»។
លោកបន្តថាការកើនឡើងនៃវិស័យសំណង់របស់កម្ពុជាទាមទារឲ្យការសាងសង់ត្រូវអនុវត្តទៅតាមស្តង់ដារកាន់តែខ្ពស់។ លោកមានប្រសាសន៍ថា៖ «តាមរយៈវេទិកានេះយើងនឹងទទួលបាននូវបទពិសោធថ្មីៗជាច្រើនពីអ្នកជំនាញអំពីការវិវឌ្ឍនៃបច្ចេកវិទ្យានៅក្នុងវិស័យសំណង់ដែលមានដូចជា ការសាងសង់អគារខ្ពស់ៗ ការឌីហ្សាញ និងសម្ភារសម្រាប់ការសាងសង់ជាដើម»។
បើតាមលោក ប៉ែន សុផល ការអភិវឌ្ឍអគារខ្ពស់ៗក៏បានជួយធ្វើឲ្យការប្រើប្រាស់ដីកាន់តែមានប្រសិទ្ធភាពខ្ពស់ ជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមកាត់បន្ថយការបំផ្លាញបរិស្ថានជាដើម។
អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បាននិយាយថា ខេត្តព្រះសីហនុបានក្លាយជាតំបន់ដែលមានភាពទាក់ទាញទាំងសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិនចិនដែលជាមូលហេតុជំរុញឲ្យមានការរីកចម្រើនខ្លាំងខាងវិស័យសំណង់។ លោកថ្លែងថា៖ «សំណង់អគារកំពុងលេចឡើងជាបន្តបន្ទាប់នៅក្នុងខេត្តព្រះសីហនុដែលភាគច្រើនជាអគារខុនដូ សណ្ឋាគារ និងកាស៊ីណូ»៕LA