ភ្នំពេញៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ៣ ​ខែ​ចុង​ក្រោយ​នេះ​ដែល​ជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ឲ្យ​ឃើញ​ថា ផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩ បាន​ថមថយ​ចុះ​ខ្លះ​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​មន្ត្រី​សមាគម​។

ការរៀបចំ​ឥណទាន​ឡើងវិញ​ជា​ការអនុវត្តតាម​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​បាន​ដាក់ចេញ​កាលពី​ខែ​មីនា​ឆ្នាំនេះ​ស្ដីពី​ការរៀបចំ​ឥណទាន​ឡើងវិញ ដែល​ជា​វិធានការ​ឆ្លើយតប​កាត់បន្ថយ​ផលប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​ក្នុង​អំឡុងពេល​ការរាលដាល​កូវីដ​ ១៩​។

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែ​មីនា​ដល់​ថ្ងៃទី​ ៩ ខែ​សីហា មាន​អតិថិជន ២៦៦ ៨១៨ នាក់​ ដែល​រងផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩ បាន​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ ក្នុង​នោះ​អតិថិជន ២៥០ ៩០៥ ​នាក់​ ស្មើនឹង​ ៩០ ​ភាគរយ ​ត្រូវ​បាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សម្រេច​អនុម័ត​រៀបចំ​ឥណទាន​ឡើងវិញ​ដែល​មាន​ទំហំ​ឥណទាន​សរុប ​១ ២៣២ ​លាន​ដុល្លារ​។

លោក​បន្ថែមថា ការស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​របស់​អតិថិជន​មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ខែ​មិថុនា​ដោយ​ជា​មធ្យម​អតិថិជន ២០ ០០០ ​នាក់ ​ក្នុង​ ១ ​សប្តាហ៍​ បាន​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ខ្លាំង​កាលពី​ខែ​មេសា និង​ខែ​ឧសភា ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​ត្រឹម ១០ ០០០ ​នាក់​ កាលពី​ខែ​មិថុនា និង​បន្ត​ធ្លាក់​មក​នៅ​ពី ២ ០០០ ទៅ ៣ ០០០ នាក់​ គិត​ត្រឹម​ចុង​សប្តាហ៍​ទី​ ២ ក្នុង​ខែសីហា ​នេះ​។

លោក​ថ្លែងថា​៖​ «​យើង​អាច​សន្និដ្ឋាន​ថា ផលប៉ះពាល់​នៃ​កូវីដ​ ១៩ មាន​ការថមថយ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​អតិថិជន​មួយចំនួន​ក៏បាន​សុំ​បង់​ទាំង​ដើម ទាំង​ការប្រាក់​ជាធម្មតា​ផងដែរ​»​។

លោក ប៊ុន មុនី អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិថី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​លោក​ក៏មាន​ចំនួន​ថយចុះ​នៃ​អ្នកស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ លោក​បន្តថា គិត​ចាប់ពី​ខែកក្កដា មក​គ្រឹះស្ថាន​របស់​លោក​បាន​បញ្ចេញ​ទុន​ជា​មធ្យម​ពី ១០០ ០០០-១៥០ ០០០ ​ដុល្លារ​ ក្នុង​​ ១ ​ខែ​។ អំឡុងពេល​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ខ្លាំង​គ្រឹះស្ថាន​របស់​លោក​មិនអាច​បញ្ចេញ​ទុន​បាន​នោះទេ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​មាន​អតិថិជន​ថ្មីៗ​ជាច្រើន​មក​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​របស់​យើង​យក​ទៅ​ពង្រីក​អាជីវកម្ម និង​ចាប់ផ្តើម​អាជីវកម្ម​ថ្មី ដូច្នេះ​យើង​អាច​បញ្ចេញ​ទុន​បាន​ជា​ហូរហែ​ចាប់ពី​ពេល​នេះ​ទៅ​»​។

បើ​យោងតាម​លោក តុងងី សព្វថ្ងៃឥណទាន​ដែល​ប្រឈម​ហានិភ័យ​ក្នុង​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ពី​​ ១ ​ភាគរយ ដល់​ ២ ​ភាគរយ​ក្នុង​អំឡុងពេល​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​វា​មិនទាន់​ដល់​កម្រិត​គួរ​បារម្ភ​ទេ​។

របាយការណ៍​ CMA បង្ហាញថា ត្រឹម​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២០ ប្រាក់កម្ចី​សរុប​របស់​វិស័យ​នេះ​រួមមាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​មាន​ចំនួន ៧ ២៦២ ​លាន​ដុល្លារ​ជាមួយ​អតិថិជន ជាង ២,១៨ លាន​នាក់ ខណៈ​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន ៣ ៦១៨ លាន​ដុល្លារ​ដោយមាន​អ្នក​ដាក់​ប្រាក់​បញ្ញើ ចំនួន​ ២,៨៧ លាន​នាក់​៕ LA