ទីក្រុងប៉េកាំងៈ ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង (Xi Jinping) ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ឲ្យ​មាន​ទស្សនវិស័យ​វែងឆ្ងាយ ដើម្បី​ទប់ទល់​ស្ថានភាព​លំបាក ហានិភ័យ និង​ការប្រឈម​នាពេល​បច្ចុប្បន្ន​ដែល​សេដ្ឋកិច្ច​ចិន​កំពុង​ប្រឈម និង​ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុង​ការអភិវឌ្ឍ​ប្រទេស​។

លោក​ប្រធានាធិបតី​និយាយ​ថា សក្តានុពល​សេដ្ឋកិច្ច​ដ៏ធំ​របស់​ប្រទេស​ចិន​មិន​ផ្លាស់ប្តូរ​នោះទេ បើទោះបី​ការប្រឈម​នៅ​ខាងមុខ​ក៏ដោយ ហើយ​រដ្ឋាភិបាល​មាន​ឧបករណ៍​គោលនយោបាយ​ជាច្រើន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

លោក​ប្រធានាធិបតី ស៊ី ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិបក្ស​​កុម្មុយនីស្ត​របស់​ប្រទេស​ចិន និង​ជា​ប្រធាន​នៃ​គណៈកម្មការ​មជ្ឈិម​យោធា បាន​ធ្វើ​កំណត់​សម្គាល់​បែបនេះ ខណៈ​ចូលរួម​កិច្ចប្រជុំ​ក្រុម​ទីប្រឹក្សានយោបាយ​ពី​ផ្នែក​សេដ្ឋកិច្ច​នៅ​កិច្ចពិភាក្សា អំឡុងពេល​កិច្ចប្រជុំ​លើក​​ទី​ ៣ ​នៃ​គណៈកម្មាធិការ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​។

លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា វា​មាន​សារៈសំខាន់​ដើម្បី​ចាត់វិធានការ​ឲ្យ​សកម្ម ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​ក្នុង​សង្គម​ទាំងមូល និង​ជាពិសេស​ក្នុងចំណោម​អ្នកប្រតិបត្តិ​ទីផ្សារ និង​ដើម្បី​បង្រួបបង្រួម​ស្ថិរភាព​សេដ្ឋកិច្ច​ចិន និង​ការអភិវឌ្ឍ​ល្អ​ក្នុង​រយៈពេល​វែង​។

លោក​ប្រធានាធិបតី​ជីនភីង​បាន​ចង្អុលបង្ហាញ​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​ប្រឈម​សម្ពាធ​កាន់តែ​ធំ ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា ព្រមជាមួយ​បញ្ហា​ដែល​ត្រូវបាន​គេ​រៀបចំ​ឡើង​ដោយមាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ ជា​ប្រព័ន្ធ និង​ការរំខាន​។

ប្រធានាធិបតី​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ ​របស់​ពិភពលោក បាន​បន្ថែម​ថា ប្រទេស​ចិន​ក៏​ប្រឈម​ផងដែរ​នូវ​កត្តា​ប្រឈម​ជាច្រើន​ផ្សេងៗ​ទៀត រួមទាំង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល ការធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ​សកល ភាពឥត​សណ្តាប់ធ្នាប់​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល ការរឹតត្បិត​ការធ្វើដំណើរ​ក្នុង​ពិភពលោក ការដើរថយក្រោយ​ចំពោះ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ការគាំពារ​និយម​នៃ​ប្រទេស​ខ្លះ និង​ហានិភ័យ​ផ្នែក​​ភូមិសាស្ត្រ​នយោបាយ​កើនឡើង​។

លោក​បន្តថា ប្រទេស​ចិន​ត្រូវតែ​បន្ត​ការអភិវឌ្ឍ​របស់​ខ្លួន​បន្ថែមទៀត​ក្នុង​ពិភពលោក​ឥត​ស្ថិរភាព និង​មិន​ប្រាកដ​នេះ​៕ Chinadaily/RR