ភ្នំពេញៈ សមាគម​លើកកម្ពស់​ស្ករត្នោត​បានបង្ហាញ​ពី​សុទិដិ្ឋ​និយម​ថា ការ​ទទួល​ស្គាល់​ស្ករ​ត្នោត​កំពង់ស្ពឺ​ជា​ផលិតផល​ត្រូវ​បាន​ការពារ ដោយ​សហភាព​អឺរ៉ុប នឹង​ពង្រឹង​ទីផ្សារ​ស្ករ​ត្នោត​របស់​កម្ពុជា ខណៈ​វា​នឹង​នាំយក​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​កសិករ។

លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ដ្រ​កម្ពុជា នឹង​ជួយ​បង្កើន​តម្លៃ​ផលិតផល​នេះ ហើយ​នឹង​ធានា​គុណភាព និង​សុវត្ថិភាព​អាហារ​សម្រាប់​អ្នក​ប្រើប្រាស់ ព្រមទាំង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​កសិករ​ផងដែរ។

ស្ករត្នោត​ខេត្តកំពង់ស្ពឺ ត្រូវបាន​ចុះបញ្ជី​ជា​ផលិតផល​ការពារ​ដោយ EU កាល​ពី​ដើម​ខែ​មេសា កន្លង​មក​នេះ។ កម្ពុជា​បាន​ដាក់​សំណើ​សុំ​ចុះ​បញ្ជី​ឈ្មោះ​ស្ករ​ត្នោត​កំពង់ស្ពឺ ជា​ផលិតផល​សម្គាល់​ភូមិសាស្ដ្រ (GI) ដែល​មាន​ការ​ការពារ​ទៅ​គណៈ​កម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​កាសែត Official Journal របស់ EU។ នេះ​ជា​ផលិតផល GI របស់​កម្ពុជា​ទី ២ ហើយ បន្ទាប់​ពី​ម្រេច​ខេត្ត​កំពត​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៦ មក។

លោក សំ សារឿន បាន​ថ្លែងថា៖ «ការទទួលស្គាល់​ដោយ EU នឹង​ការពារ​ស្ករត្នោត​របស់​យើង​នៅ​លើ​ទីផ្សារ EU ហើយ​វា​នឹង​បង្កើន​ទំនុក​ចិត្ត​ដល់​អតិថិជន​សម្រាប់​សុវត្ថិភាព​អាហារ»។

លោក​បន្តថា៖ «ឈ្មោះ​របស់​យើង​នឹងត្រូវ​រក្សា​ដោយ EU ហើយ​កសិករ​មាន​មោទនភាព ក្នុង​ការ​ផលិត​ស្ករ​ត្នោត»។

លោក​បន្តថា កសិករ​អាច​រកប្រាក់​បាន​យ៉ាងហោចណាស់ ៣ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ស្ករ​ត្នោត GI ដែល​អាច​លក់​បាន​តម្លៃ​ដល់​ទៅ ៥ ០០០ រៀល​ក្នុង ១ គីឡូក្រាម។

សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​មាន​សមាជិក ១៦៨ នាក់ ​ហើយ​រំពឹងថា នឹង​ផលិត​ស្ករ​ត្នោត​បាន ២៥០ តោន​នៅ​ក្នុង​ឆ្នាំ​នេះ។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នាំចេញ​ស្ករត្នោត ១០ ដែល​នាំចេញ​ផលិតផល​នេះ​ទៅ ២០ ប្រទេស ហើយ​ទិសដៅ​សំខាន់ៗ គឺ​ទីផ្សារ​ជប៉ុន កោះ​តៃវ៉ាន់ កូរ៉េខាងត្បូង និង EU។ នេះ​បើ​យោងតាម​សមាគម។ ផលិតផល​នេះ​ក៏​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផងដែរ។

លោក ហុង ហឺ​ន ប្រធាន​សហគម​កសិក​ម្ម​ត្នោត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការ​ទទួល​ស្គាល់​ពី​ទីផ្សារ EU នឹង​ធ្វើ​ឲ្យ​កសិករ​កាន់​តែ​មាន​ឆន្ទៈ​ចង់​ផលិត​បន្ថែម​ទៀត។

លោក​បាន​ថ្លែងថា៖ «យើង​គឺជា​អ្នក​ផលិត​ស្ករត្នោត យើង​មាន​មោទនភាព​ដោយសារ​ការ​ផលិត​ស្ករ​ត្នោត​របស់​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទីផ្សារ EU ហើយ​វា​នឹង​បន្ថែម​តម្លៃ​ដល់​ការ​ផលិត​របស់​យើង»៕