ភ្នំពេញៈ ទោះបី​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ការរីករាលដាល​ក្នុង​តំបន់ និង​សកលលោក​ក៏​ទីផ្សារ​ស្ករត្នោត GI របស់​កម្ពុជា​មិន​ធ្លាក់​ចុះ​នោះទេ​។ នេះ​បើតាម​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​។

លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​ស្ករត្នោត GI បន្តិចបន្តួច ប៉ុន្តែ​សម្រាប់​ទីផ្សារ​គឺ​នៅតែ​ល្អ​។

លោក​បន្តថា ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ឥណ្ឌា​មួយ​បានមក​បញ្ជា​ទិញ​ស្ករត្នោត​ចំនួន ៥០០ ​គីឡូក្រាម​សម្រាប់​នាំ​ចេញទៅ​ឥណ្ឌា​។

លោក​និយាយថា​៖ «​ឥឡូវ​គេ​ចង់បាន​ស្ករត្នោត ១០ ​តោន​ទៀត ប៉ុន្តែ​យើង​មិនទាន់​មាន​ទេ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​បាន​ធ្វើឱ្យ​យើង​ពិបាក​ចុះទៅ​ផ្ទាល់​ដើម្បី​ជំរុញ​ការផលិត យើង​មិនទាន់​ឆ្លើយតប​តាម​សំណើ​របស់គេ​ទេ តែបើ​ត្រូវការ ២-៣ ​តោន យើង​អាចមាន​លទ្ធភាព​ផ្តល់​ឱ្យបាន​ភ្លាមៗ​»​។

លោក សារឿន ប៉ាន់​ប្រមាណ​ថា ស្ករត្នោត​ប្រមាណ ៥០ ​តោន​ហើយ​ដែល​ត្រូវបាន​សមាជិក​សមាគម​បញ្ជា​ទិញ​ពី​ក្រុម​អ្នកផលិត​សម្រាប់​នាំចេញ​។

លោក​និយាយថា​៖ «​ខ្ញុំ​ឃើញ​ថា ស្ករត្នោត​មាន​ទីផ្សារ​ល្អ​ជាង​មុន ក៏ប៉ុន្តែ​ផលិតកម្ម​យើង​ប្រឈម​បន្តិច​ដោយសារ​ជំងឺ​កូវីដ ១៩ ធ្វើឱ្យ​ពិបាក​ក្នុង​ការជំរុញ​ការផលិត​»​។

លោក Sebastien Lesieur អគ្គនាយក​ក្រុមហ៊ុន Farm Link Ltd ដែលជា​ក្រុមហ៊ុន​នាំចេញ​ស្ករត្នោត​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ខែធ្នូ​ថា ការនាំចេញ​ស្ករត្នោត​នឹង​មាន​កំណើន​ល្អ​ក្នុង​ឆ្នាំ​ ២០២១​។

លោក​កត់សម្គាល់​ថា ផលិតផល​ស្ករត្នោត GI កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អឺរ៉ុប​ដោយ​កើន​ប្រហែល ១០ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំៗ​នា​រយៈពេល ១ ​ទសវត្សរ៍​មកនេះ​។

លោក​ថ្លែងថា​៖ «​វា​គួរតែ​ល្អប្រសើរ​ជាង​ឆ្នាំនេះ​ (២០២០) ព្រោះ​តម្រូវការ​ក្នុង​ស្រុក​ស្ទើរតែ​មិនមាន​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​កូវីដ​ ១៩​។ ជាទូទៅ ២០ ភាគរយ​នៃ​ផលិតផល​សរុប​ត្រូវបាន​លក់​នៅក្នុង​ស្រុក​»​។

លោក​ប្រាប់ថា​៖ «​យើង​បាន​រកឃើញ​អតិថិជន​ថ្មី​មួយចំនួន​នៅ​អឺរ៉ុប​។ យើង​នឹង​ទិញ​ស្ករត្នោត​ចន្លោះ​ពី ៥ ទៅ ៨ តោន​នៅ​ឆ្នាំនេះ​»​។ លោក​បន្តថា នៅ​ទីផ្សារ​អឺរ៉ុប​ស្ករត្នោត​កំពង់ស្ពឺ​មានតម្លៃ​ពី ១០-១៥ ​អឺរ៉ូ​ក្នុង ១ ​គីឡូក្រាម​ធៀប​នឹង​ស្ករអំពៅ​ដែល​មាន​តម្លៃ ១ ​ទៅ​ ២ ​អឺរ៉ូ​។

ស្ករត្នោត​កំពង់ស្ពឺ​ត្រូវបាន​ចុះបញ្ជី​ផលិតផល​ការពារ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ខែមេសា ឆ្នាំ​ ២០១៩​។ នេះ​ជា​ផលិតផល GI ទី២ បន្ទាប់ពី​ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​ការពារ​ដោយ​អឺរ៉ុប​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៦​។

បើតាម​លោក សារឿន ស្ករត្នោត​កំពង់ស្ពឺ​អាច​ផលិត​បាន​ប្រហែល​ ២៥០ ​តោន​ ក្នុង​ ១ ​រដូវ​ដោយ​ចាប់ផ្តើម​ពី​ខែធ្នូ ដល់​ខែ​ឧសភា​។ កាលពី​ឆ្នាំមុន ការនាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ប្រហែល ៧០ ​តោន​៕

វីដេអូ៖