ភ្នំពេញៈ SHE Investment ដែល​ជា​​កម្ម​វិធី​សហ​គ្រិន​សង្គម​មួយ​បាន​ជួយ​ស្ដ្រី​ជាង ២​០០ នាក់ ​ក្នុង​ការ​ចាប់​ផ្ដើម​​អា​ជីវ​កម្ម​ខ្នាត​តូច​ ចាប់​តាំង​ពី​ដំ​ណើរ​ការ​កាល​ពី​ឆ្នាំ ២០១៥ ដែល​បាន​​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​ប្រាក់​ចំណូល​របស់​ពួក​គេ​ជាង ១០០ ភាគ​រយ​ ធៀប​​នឹង​ពី​មុន​ ខណៈ​កម្ម​វិធី​នេះ​​ក៏​បាន​​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ផង​ដែរ​។​

លទ្ធ​ផល​នេះ​ត្រូវ​បាន​បង្ហាញ​កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​សន្និ​សីទ​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​លើ​ប្រ​ធាន​បទ​នៃ​ការ​វិនិ​យោគ​របស់​ស្ដ្រី​។​

អ្នក​ស្រី ឡឹម លី​ដា សហ​ស្ថាប​និក​​គ្រប់​គ្រង​កម្ម​វិធី​ SHE Investments បាន​ឲ្យ​ដឹង​ថា ​កម្ម​វិធី​នេះ​​បាន​ចាប់​ផ្ដើម​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ដែល​ផ្ដោត​លើ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ស្រ្ដី​ ការ​ពិ​គ្រោះ​យោ​បល់ និង​ជំ​នួយ​ហិរញ្ញ​វត្ថុ​​លើ​ឧប​ករណ៍​​សម្រាប់​ប្រតិ​បត្តិ​ការ​អា​ជីវ​កម្ម​។​

ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ដំ​ណើរ​ការ​រហូត​​​ដល់​ពេល​ថ្មីៗ​នេះ​ ស្ដ្រី​ជាង ២​០​០ នាក់​ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​​កម្ម​វិធី​បណ្ដុះ​​បណ្ដាល​នេះ ដើ​ម្បី​ជួយ​ពួក​គេ​​ឲ្យ​មាន​​លទ្ធ​ភាព​ក្នុង​ការ​ចាប់​ផ្ដើម​អា​ជីវ​កម្ម​ខ្នាត​តូច​។​

អ្នក​ស្រី​ថ្លែង​ថា​៖«​យើង​ជឿ​ជាក់​ និង​មាន​ទំនុក​​ចិត្ត​ថា ការ​វិនិ​យោគ​លើ​ស្ដ្រី​ គឺ​ជា​​កត្តា​ដើរ​តួ​ដ៏​សំ​ខាន់​ក្នុ​ងការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គ្រួសារ​ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​​ចែករំ​លែក​សម្រាប់​កំណើន​សេដ្ឋ​កិច្ច​»។

អ្នក​ស្រី​បន្ត​ថា​៖ «​បញ្ហា​ប្រ​ឈម​​សម្រាប់​ស្ដ្រី​ គឺ​មិន​មាន​ទំនុក​ចិត្ត និង​ការ​គាំ​ទ្រ​ ដូច្នេះ​យើង​ត្រូវ​ការ​ធ្វើ​ការ​ងារ​ដោយ​ផ្ទាល់​ជា​មួយ​ស្ដ្រី​ទាំង​​នោះ​ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល ការ​ពិ​គ្រោះ​យោ​បល់ និង​ការ​បង្កើន​ទំ​នុក​ចិត្ត​»។​

SHE investment ក៏​បាន​ផ្ដល់​មូល​និធិ​លើ​សម្ភារ ​ប្រតិ​បត្តិ​ការ​អា​ជីវ​កម្ម​ចន្លោះ​ពី ២ ០០០ ដុលា្លរ​ ទៅ ១០ ០​០០ ​ដុល្លារ ​ដើ​ម្បី​ចាប់​ផ្ដើម​អា​ជីវ​កម្ម​​ផង​ដែរ​​។​

លោក ប៊ុន ណារ៉ាត់ អគ្គ​នា​យក​រង នៃ​អគ្គ​នា​យក​ដ្ឋាន​លើក​កម្ពស់​ពាណិជ្ជ​កម្ម នៅ​ក្រ​សួង​ពាណិជ្ជ​កម្មបាន​ឲ្យ​ដឹង​ថា ការ​ចូល​មក​របស់ SHE investments មាន​​សារៈ​សំ​ខាន់​ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យ​​ភាព​យេន​ឌ័រ​នៅ​ក្នុង​វិស័យ​អា​ជីវ​​កម្ម​ ទោះ​បី​ជា​ភាគ​រយ​នៃ​ស្ដ្រី​នៅ​ក្នុង​អាជី​វ​កម្ម​ខ្នាត​ធំ​ ឬ​ខ្នាត​តូច​​នៅ​តែ​មាន​តិចដែល​មាន​តែ ៥ ទៅ ១០ ភាគ​រយ​ក៏​ដោយ​។​

អ្នក​ស្រី​លើក​ឡើង​ថា​៖ «​ស្ដ្រី​មាន​សមត្ថ​​ភាព​ដូច​គ្នា​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​អា​ជីវ​កម្ម​ អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ការ​លើក​ទឹក​ចិត្ត​ និង​ការ​បង្កើន​ទំ​នុក​ចិត្ត​សម្រាប់​ស្ដ្រី​ ដើ​ម្បី​សម្រេច​បាន​តាម​ទិស​ដៅ​របស់​ពួក​គេ​»។

អ្នក​ស្រី​បាន​​បន្ថែម​ថា វា​មិន​គ្រាន់​តែ​​វិ​ស័យ​ឯក​ជន​ប៉ុណ្ណោះ​ទេ​ ក្រសួង​​ក៏​កំ​ពុង​ធ្វើ​ការ​ងារ​ជា​មួយ​ស្ថាប័ន​ផ្សេង​ទៀត​​ដើ​ម្បី​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល ក្នុង​ការ​លើក​​​កម្ពស់​ស្ដ្រី​នៅ​ក្នុង​វិ​ស័យ​អា​ជីវ​កម្ម​ផង​ដែរ​។

អ្នក​ស្រី​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ការ​ពេល​វេលា​ ការ​ប្ដេជ្ញា​ចិត្ត ​ការ​គាំ​ទ្រ​ និង​ការ​ជម្នះ​រាល់​ឧប​សគ្គ​ទាំង​អស់​ ដើ​ម្បី​ផ្លាស់​ប្តូរ​ស្ដ្រី​នៅ​ក្នុង​អា​ជីវ​កម្ម​»​។​

​អ្នក​ស្រី​ ខាត់ ​វណ្ណា​ នា​យិ​កាច្នៃ​ប្រ​ឌិត​នៃ​សិប្ប​កម្ម Vanna Art Jewelry ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ បាន​ឲ្យ​ដឹង​ថា SHE investment ដើរ​តួ​នាទី​ដ៏​សំ​ខាន់​ក្នុង​ការ​គាំ​ទ្រ និង​ការ​ជំ​រុញ​ឲ្យ​មាន​ការ​គ្រប់​គ្រង​អា​ជីវ​កម្ម​កាន់​តែ​ប្រ​សើរ​​។​

អ្នក​ស្រី​ថ្លែង​ថា​៖ «​ដោយ​មាន​ SHE investment ​ខ្ញុំ​តែ​ង​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​ជំ​នាញ​សូហ្វ​វែរ​របស់​ខ្ញុំ​ ពី​បៀប​ក្នុង​ការ​​គ្រប់​​គ្រង​​ហិរញ្ញ​វត្ថុ​របស់​ខ្ញុំ ដែល​នាំ​ឲ្យ​ខ្ញុំ​ទទួល​​បាន​គំ​និត​ច្នៃ​ប្រឌិត​លើ​អា​ជីវ​កម្ម​របស់​ខ្ញុំ និង​នាំ​យក​ទៅ​ដល់ទី​ផ្សារ​ ព្រម​ទាំង​ការ​ងារ​ជា​បណ្ដាញ​ផង​ដែរ​»។​

អ្នក​ស្រី​បន្ត​ថា៖ «​ចាប់​តាំង​ពី​ខ្ញុំ​នៅ​ទី​នោះ ខ្ញុំ​មិន​ដែល​​មាន​អា​រម្មណ៍​បាក់​ទឹក​ចិត្ត ឬ​ឯ​កោ​នៅ​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​នោះ​ទេ​»៕​LA