
តាក់ស៊ីដែលជារ៉ឺម៉កម៉ូតូនៅទីក្រុងភ្នំពេញ។ មុខរបរនេះភាគច្រើនជាបុរស។ ហុង មិនា
ភ្នំពេញៈ អ្នកស្រី ហេង ឈុនលៀង ដែលមានអាយុ ៤០ ឆ្នាំបានចាប់ផ្ដើមបើកបរតាក់ស៊ីឲ្យ Uber ជាក្រុមហ៊ុនហៅតាក់ស៊ីជិះឈានមុខគេមានមូលដ្ឋាននៅអាមេរិករយៈពេល ៤ ខែកន្លងមកហើយ ដើម្បីរកប្រាក់បន្ថែមលើចំណូលរបស់អ្នកស្រីដែលជាអ្នកបណ្ដុះបណ្ដាលផ្នែកកែសម្ផស្ស។
ការសម្រេចចិត្តនេះមិនមែនធ្វើឡើងដោយងាយស្រួលនោះទេ អ្នកស្រីមានការបារម្ភអំពីសុវត្ថិភាពរបស់អ្នកស្រីមុនពេលទទួលយកការងារនេះ ប៉ុន្តែដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបានបង្ខំឲ្យអ្នកស្រីត្រូវទទួលការងារនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមិនមានអាជីវកម្មផ្ទាល់ខ្លួនទេ ហើយខ្ញុំមិនមានជំនាញអ្វីដើម្បីធ្វើការងារផ្សេងទៀតនោះដែរ ដូច្នេះខ្ញុំបានសម្រេចចិត្តធ្វើជាអ្នកបើកបរតាក់ស៊ី បន្ទាប់ពីខ្ញុំបានឃើញព័ត៌មានអំពីក្រុមហ៊ុន Uber [ដែលចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជា]»។
អ្នកស្រីបន្ថែមថា មិត្តភកិ្ត និងគ្រួសាររបស់អ្នកស្រីមិនពេញចិត្តការសម្រេចចិត្តរបស់អ្នកស្រីក្នុងការចាប់ផ្ដើមធ្វើការងារនេះ។ អ្នកស្រីបន្តថា៖ «ខ្ញុំមានការបារម្ភអំពីសន្ដិសុខរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវការប្រាក់ដើម្បីជួយដល់គ្រួសាររបស់ខ្ញុំ»។
មិនមានអ្នកបើកបរជាស្ដ្រីច្រើននោះទេដែលចាប់យករបរបើកតាក់ស៊ីតាមរយៈការប្រើប្រាស់កម្មវិធីហៅតាក់ស៊ីជិះនៅក្នុងប្រទេសកម្ពុជា។
លើសពីនេះក៏គ្មានកម្មវិធីហៅតាក់ស៊ីជិះផ្សេងទៀតក្នុងចំណោមកម្មវិធីទាំងនេះបានរាយការណ៍ពីការចុះឈ្មោះអ្នកបើកបរជាស្ដ្រីសម្រាប់សេវាម៉ូតូកង់ ៣ រ៉ឺម៉កម៉ូតូ ឬសេវាហៅម៉ូតូឌុបជិះនោះដែរ។
យោងតាមប្រតិបត្តិករមួយចំនួនក្នុងចំណោមកម្មវិធីទាំងនេះស្ដ្រីទំនងជាមានតិចជាងបុរស ដោយសារតែពួកគេយល់ថា វាពិបាកខ្លាំងក្នុងការប្រតិបត្តិការកម្មវិធីហៅតាក់ស៊ីជិះនេះ ដែលមិនដូចការងារនៅខាងក្រៅទេ ហើយពួកគេចង់ស្វែងរកឱកាសការងារផ្សេងទៀត ខណៈបញ្ហាសំខាន់បំផុតសម្រាប់អ្នកបើកបរជាស្ដ្រីគឺសុវត្ថិភាព។
អ្នកស្រី ឈុនលៀង ថ្លែងថាអ្នកស្រីបើកបរភាគច្រើននៅពេលរសៀល បន្ទាប់ពីការចេញពីការងារប្រចាំថ្ងៃរបស់អ្នកស្រី ហើយអ្នកស្រីមិនបើកបរលើសពីម៉ោង ១១ យប់នោះទេ ដោយសារតែការបារម្ភពីការហៅជិះដោយអ្នកដំណើរជាបុរសស្រវឹងស្រានៅពេលយប់ជ្រៅ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំប្រឈមនឹងអតិថិជនស្រវឹងស្រាម្នាក់ដែលបានស្នើឲ្យខ្ញុំដឹកទៅឆ្ងាយ [ជាងទិសដៅដែលគាត់បានកំណត់នៅក្នុងកម្មវិធី]»។ អ្នកស្រីបន្តថា៖ «ខ្ញុំភ័យខ្លាច ហើយបានប្រាប់គាត់ថា ខ្ញុំមិនបើកទៅមុខទេ»។
ទោះបីយ៉ាងណាអ្នកស្រីថ្លែងថាអ្នកស្រីជំរុញឲ្យស្ដ្រីផ្សេងទៀតបើកបរឲ្យកម្មវិធីហៅតាក់ស៊ីជិះផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ពីម៉ោងដែលអាចបត់បែនបាន ហើយរកបានប្រាក់ច្រើន។
អ្នកស្រី ជា រ៉េនូ ស្ថាបនិក Motogirltours ដែលដំណើរការដោយស្ដ្រីនៅទីក្រុងភ្នំពេញ បានថ្លែងថាអ្នកស្រីនឹងត្រូវតែគិតឲ្យបានដិតដល់អំពីការចុះឈ្មោះបើកបរឲ្យកម្មវិធីហៅតាក់ស៊ីជិះ។
នៅពេលត្រូវសួរថា តើអ្នកស្រីមានចំណាប់អារម្មណ៍ក្នុងកម្មវិធីហៅតាក់ស៊ីជិះដែលប្រតិបត្តិការលើ ម៉ូតូ រ៉ឺម៉កម៉ូតូ ឬម៉ូតូកង់៣ ឬទេ? អ្នកស្រីថ្លែងថា៖ «ខ្ញុំត្រូវគិតមើលសិន»។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថា ការដឹកភ្ញៀវក្នុងស្រុកមានការភ័យខ្លាចជាងការដឹកជនបរទេស ដោយសារតែជាមួយភ្ញៀវទេសចរយើងមានអារម្មណ៍ថាមានសុវត្ថិភាព នេះជាប្រទេសរបស់យើង ហើយយើងដឹងទីកន្លែងត្រូវទៅ»។ អ្នកស្រីបន្តថា៖ «ជាមួយភ្ញៀវជាបុរសជាជនជាតិយើង យើងត្រូវតែពិចារណា ដោយសារពួកគេដឹងគ្រប់កន្លែង ពួកគេអាចខ្លាំងជាងអ្នក ហើយនាំអ្នកទៅទីកន្លែងជាច្រើន និងអាចធ្វើបាបអ្នក»។
អ្នកស្រីបានទទួលស្គាល់ថាស្ដ្រីដែលអ្នកស្រីបាននិយាយទៅកាន់មានមូលហេតុផ្សេងទៀតដែលមិនចង់បើកបរ ទាំងឲ្យក្រុមហ៊ុនទេសចរណ៍ ឬកម្មវិធីហៅតាក់ស៊ីជិះនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា វាជាការងារពិបាក [សម្រាប់ស្ដ្រី] ក្នុងការបើកបររ៉ឺម៉កម៉ូតូ ឬម៉ូតូពេញមួយថ្ងៃ អ្នកនៅក្រោមពន្លឺថ្ងៃច្រើន»។ អ្នកស្រីបន្តថា៖ «ប៉ុន្តែខ្ញុំគិតថា ពួកគេមានការភ័យខ្លាចផងដែរ ពីការឈឺចាប់ ឬកេរ្ដិ៍ឈ្មោះរបស់ពួកគេត្រូវរងផលប៉ះពាល់»។
លោក តុប និមល ស្ថាបនិក PassApp ជាកម្មវិធីហៅតាក់ស៊ីជិះក្នុងស្រុកបានពន្យល់ថាក្នុងចំណោមអ្នកបើកបររបស់លោកដែលចុះឈ្មោះ លោកមានស្ដ្រី ២ ឬ ៣ នាក់ប៉ុណ្ណោះ ដែលចុះឈ្មោះសម្រាប់សេវាហៅតាក់ស៊ីជិះរបស់លោក ដែលលោកបានទទួលស្គាល់ថាស្ដ្រីចង់បានផាសុកភាពនៃរថយន្តមានម៉ាស៊ីនត្រជាក់ជាងការបើករ៉ឺម៉កម៉ូតូ ឬម៉ូតូកង់ ៣ ដែលកម្មវិធីលោកផ្ដល់ជូន។
ប៉ុន្តែលោកថ្លែងថាបុគ្គលិករបស់លោកដឹងថា អ្នកបើកបរជាស្ដ្រីប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងបុរស ប៉ុន្តែ PassApp មិនបានផ្ដល់ការបណ្ដុះបណ្ដាលសុវត្ថិភាពជាក់លាក់ដល់អ្នកបើកបរជាស្ដ្រីរបស់ខ្លួនទេ។ លោកថ្លែងថា៖ «បុគ្គលិករបស់ខ្ញុំផ្ដល់យោបល់ [ដល់អ្នកបើកបរជាស្ដ្រី] អំពីសន្ដិសុខ»។
លោកបន្តថា៖ «យើងប្រកាសដល់ពួកគេថា ការបើកបរនៅពេលយប់វាមានគ្រោះថ្នាក់ ហើយស្ដ្រីគួរតែធ្វើការងារនៅពេលថ្ងៃ ប៉ុន្តែវាអាស្រ័យលើពួកគេ ទោះបីយ៉ាងណាយើងគ្រាន់តែជូនដំណឹងដល់ពួកគេថា ពេលថ្ងៃមានសុវត្ថិភាពជាង»។
មិនមែនមានតែកម្មវិធី PassApp នេះមួយទេដែលខ្វះការបណ្ដុះបណ្ដាលសុវត្ថិភាពរបស់ខ្លួន កម្មវិធីហៅតាក់ស៊ីជិះទាំង ៤ ទៀតក៏មិនបានបង្កើតការបណ្ដុះបណ្ដាលស្ដ្រីជាក់លាក់សម្រាប់អ្នកបើកបររបស់ពួកគេនោះទេ។
Uber ដែលមានស្ដ្រីតិចតួចបើកបរឲ្យកម្មវិធីរបស់ខ្លួន ឈរយ៉ាងរឹងមាំលើការសម្រេចចិត្តក្នុងការបណ្ដុះបណ្ដាលអ្នកបើកបរដែលចុះឈ្មោះទាំងអស់ដោយស្មើភាពគ្នា ដោយបញ្ជាក់ថា ផ្ដល់ការមិនបណ្ដុះបណ្ដាលសុវត្ថិភាពជាក់លាក់ដល់ស្ដ្រី នឹងបង្ហាញពីទម្រង់នៃការរើសអើង។
លោក ជីន ប៉ូលី តំណាងក្រុមហ៊ុន Uber បានថ្លែងថា៖ «យើងមិនរើសអើងអ្វីទាំងអស់ក្នុងអំឡុងការបណ្ដុះបណ្ដាលរបស់យើង [ដូច្នេះយើងមិនផ្ដល់វគ្គបណ្ដុះបណ្ដាលដាច់ដោយឡែកដល់ស្ដ្រីនោះទេ] ប៉ុន្តែខ្ញុំផ្ទាល់នឹងយកចិត្តទុកដាក់ខ្លាំងលើស្ដ្រី [ក្នុងអំឡុងការបណ្ដុះបណ្ដាល] ដោយសារតែពួកគេត្រូវការវា»។ លោកបន្តថា៖ «ពួកគេគ្រាន់តែមានចំណេះដឹងតិចតួចប៉ុណ្ណោះ»។
លោក ហ៊ ដាលុច ស្ថាបនិកក្រុមហ៊ុន ExNet បានថ្លែងថាលោកមានស្ដ្រី ២ នាក់ប៉ុណ្ណោះដែលចុះឈ្មោះក្នុងកម្មវិធីរបស់លោក ហើយមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសអ្នកបើកបរជាបុរសច្រើនជាង ប៉ុន្តែលោកបន្ថែមថា ការបណ្ដុះបណ្ដាលសុវត្ថិភាពនឹងជួយគាត់បង្កើនចំនួនការចុះឈ្មោះ។
លោកថ្លែងថា៖ «ខ្ញុំគិតថាសម្រាប់ស្ដ្រី ពួកគេមិនអាចលើករបស់ធ្ងន់ៗបានទេ ដូច្នេះពួកគេមិនចង់បើកម៉ូតូកង់ ៣ ឬរ៉ឺម៉កម៉ូតូទេ»។ លោកបានបន្តថា៖ «ស្ដ្រីចង់បង្រៀនជាងការបើកបរ។ ពួកគេអាចធ្វើអ្វីៗក្រៅពីការបើកបរ»៕ LA
រាយការណ៍បន្ថែមៈ ចេង សុខហ័ង