
លោកស្រី ម៉ូវ គន្ធា (ឆ្វេង) ពេលចូលរួមកម្មវិធី Women of the Future Awards Southeast Asia 2019។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ស្រ្តីវ័យក្មេងពីប្រទេស កម្ពុជា មួយរូប បានទទួលពានរង្វាន់ «Social Entrepreneur» ពីកម្មវិធី Women of the Future awards Southeast Asia 2019 ដែលបានរៀបចំឡើងនៅក្នុងប្រទេស សិង្ហបុរី កាលពីថ្ងៃទី ២១ ខែ មីនា កន្លងមក។
កម្មវិធីដែលរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៨ មានគោលបំណងដើម្បីទទួលស្គាល់ និងអបអរសាទរចំពោះសមត្ថភាពលេចធ្លោរបស់ស្រ្តីវ័យក្មេងនៅថ្ងៃនេះ និងថ្ងៃអនាគតរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ពានរង្វាន់ទាំងនោះមានដូចជា សហគ្រិនសង្គម អាជីវកម្មសេវាសាធារណៈ ព័ត៌មាន និងទំនាក់ទំនង បច្ចេកវិទ្យាឌីជីថល និងវិស័យអចលនទ្រព្យជាដើម។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មានបេក្ខជន ១០ រូបក្នុងចំណោមបញ្ជីឈ្មោះបេក្ខជនចុងក្រោយចំនួន ៥៤ រូបមកពីប្រទេសចំនួន ១០ នៅក្នុងតំបន់បានឈ្នះពានរង្វាន់ពីកម្មវិធីនេះ។
លោកស្រី ម៉ូវ គន្ធា សហស្ថាបនិក និងជាប្រធានគ្រប់គ្រងក្រុមហ៊ុនច្នៃម៉ូដកាត់ដេរ និងលក់សម្លៀកបំពាក់ «តស៊ូ» ក្នុងខេត្តកំពត ដែលឈ្នះពានរង្វាន់ «Social Entrepreneur» ឆ្នាំ ២០១៩ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃមិ្សលមិញថា ការទទួលពានរង្វាន់លក្ខណៈតំបន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់លោកស្រីក្នុងនាមជាម្ចាស់ក្រុមហ៊ុនតែ ១ គត់ពីប្រទេស កម្ពុជា។ លោកស្រីបន្តថា តាមរយៈកម្មវិធីនេះបានផ្តល់ឲ្យរូបគាត់មានឱកាសជួបជាមួយអ្នកជំនាញល្បីៗ ដើម្បីទទួលបានការរៀនសូត្រ និងបទពិសោធអភិវឌ្ឍន៍អាជីវកម្ម ពិសេសការជួបប្រឹក្សាយោបល់ពីអ្នកជំនាញ។
លោកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ការឈ្នះពានរង្វាន់របស់ខ្ញុំនឹងក្លាយជាគំរូមួយទៅដល់ស្រ្តីវ័យក្មេងជាបន្តទៀត ដើម្បីឲ្យពួកគាត់ខិតខំអភិវឌ្ឍមុខជំនួញ និងជំនាញរបស់ពួកគាត់ឲ្យមានភាពរឹងមាំ»។
ចាប់ផ្តើមប្រកបមុខរបរដំបូង ក្នុងឆ្នាំ ២០០៨ ជាមួយនឹងដើមទុនចំនួន ២០០ ដុល្លារ លោកស្រីបានប្រាប់ថា ទម្រាំអាចឈរជើងរឹងមាំ លោកស្រីបានជួបនឹងការលំបាកជាច្រើន ទាំងធនធានថវិកា និងធនធានសមត្ថភាពបុគ្គលិក ទម្រាំអាចមានភាពរឹងមាំក្នុងឆ្នាំ ២០១៦។
លោកស្រីលើកឡើងថា៖ «ដើម្បីអាចធ្វើឲ្យមុខជំនួញទទួលបានជោគជ័យ ការខិតខំអភិវឌ្ឍខ្លួនឯង មានទំនុកចិត្តលើសមត្ថភាពខ្លួនឯងគឺជាការចាំបាច់បំផុត»។
លោកស្រី Pinky Lilani ស្ថាបនិក Women of the Future បានលើកឡើងថា គម្រោងរបស់យើងបន្តទទួលបានការចាប់អារម្មណ៍ពីសំណាក់ស្រ្តីវ័យក្មេងៗដែលមានទេពកោសល្យ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ យើងមានមោទនភាពក្នុងការរៀបចំកម្មវិធីនេះ។ ស្រ្តីក្មេងៗទាំងអស់សុទ្ធតែមានការប្តេជ្ញាចិត្ត និងបង្កើតនូវអនាគតមួយល្អប្រសើរសម្រាប់ទាំងអស់គ្នា និងសហគមន៍៕