ភ្នំពេញៈ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានជំរុញឲ្យមានការកើនឡើងនូវក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិក្នុងប្រទេសនេះ។
អ្នកនាងដែក ដារី ដែលឈប់ពីការងារ ដើម្បីចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយឈ្មោះ 360 Ads & Events ជឿជាក់ថាសក្ដានុពលរបស់ឧស្សាហកម្មនេះអាចនឹងរីកឡើងក្នុងរយៈពេលពី៣ឆ្នាំដល់៥ឆ្នាំក្រោយ។
តើអ្នកនាងបានចាប់ផ្ដើមចូលក្នុងឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មនេះដូចម្ដេច?
ការផ្សព្វផ្សាយពាណិជ្ជកម្មជាចំណាប់អារម្មណ៍របស់ខ្ញុំចាប់ពីតាំងខ្ញុំនៅជានិស្សិតម្ល៉េះ។ ខ្ញុំចាប់ផ្ដើមអានសៀវភៅជាច្រើនទាក់ទងជាមួយការផ្សព្វផ្សាយពាណិជ្ជកម្ម។ ខ្ញុំមិនបានប្រឡូកផ្ទាល់ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ បន្ទាប់ពីខ្ញុំបញ្ចប់មហាវិទ្យាល័យ។ ខ្ញុំត្រូវបានជ្រើសរើសធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានភាសាបរទេស ហើយបន្ទាប់មកបានបន្តអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិកជំនាញខាងទំនាក់ទំនងទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មសកល។
ខ្ញុំបានវិលត្រឡប់មកវិញ និងបានចាប់ផ្ដើមធ្វើការងារឲ្យក្រុមហ៊ុនមួយ។ បន្ទាប់មកខ្ញុំបានផ្លាស់ទៅធ្វើជានាយកសាខាមួយឲ្យក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ Sabay Digital Corperation។ ខ្ញុំចាប់ផ្ដើមធ្វើការងារខាងការគ្រប់គ្រងយីហោ និងយុទ្ធសាស្ដ្រទីផ្សារ។ ខ្ញុំចាប់ផ្តើមសិក្សាច្រើនអំពីការធ្វើពាណិជ្ជកម្ម រហូតដល់ពេលមួយដែលខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែចាប់ផ្តើមធ្វើអ្វីមួយដោយខ្លួនឯង។ ខ្ញុំនឹងមិនសប្បាយចិត្តទេ ប្រសិនបើខ្ញុំមិនចាប់ផ្ដើមធ្វើអ្វីសោះដោយសារកេ្មងៗជាច្រើនពេលបច្ចុប្បន្ននេះមានអាយុត្រឹម ២១ ដល់ ២២ ឆ្នាំ បានចាប់ផ្ដើមមុខរបរមួយរួចទៅហើយខណៈពួកគេបារម្ភច្រើនពីឧបសគ្គនៅខាងមុខ។ ដូច្នេះ កាលពីខែមិថុនាឆ្នាំមុន ខ្ញុំជាមួយនឹងមិត្តភកិ្តបានបង្កើតក្រុមហ៊ុន 360 Ads & Events ផ្តល់សេវាកម្មពិគ្រោះយោបល់ផ្នែកទីផ្សារ ការគ្រប់គ្រងព្រឹត្តិការណ៍ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។
តើក្រុមហ៊ុន 360 Ads & Events មានដំណើរការដូចម្ដេចនៅពេលបច្ចុប្បន្ន?
បច្ចុប្បន្ន ទោះបីជាក្រុមហ៊ុន360 Ads & Events ផ្ដល់សេវាខាងការពិគ្រោះយោបល់ទីផ្សារ ការគ្រប់គ្រងព្រឹត្តិការណ៍ផលិតពាណិជ្ជកម្មបែបបោះពុម្ព ព្រោះវាគឺជាអ្វីដែលងាយស្រួលក្នុងការចាប់ផ្ដើម។ បើគិតទៅក្រុមហ៊ុនយើងថ្មីនៅឡើយពាក់ព័ន្ធនឹងការងារ ពិគ្រោះយោបល់ទីផ្សារ និងផលិតផលស្ប៉តពាណិជ្ជកម្មតាមទូរទស្សន៍។ អតិថិជននឹងសួរថា ពីបទពិសោធនិងស្នាដៃរបស់អ្នក មុនពេលដែលគេចំណាយលុយទិញសេវាកម្មពីក្រុមហ៊ុននាក់។ជាទូទៅ ការងារពិគ្រោះយោបល់ផ្នែកទីផ្សារនិងការផលិតស្ប៉តសម្រាប់ទូរទស្សន៍ទាមទារបទពិសោធរយៈពេល៥ឆ្នាំឡើងទៅ។ ក្រុមច្នៃប្រឌិតរបស់យើងសម្រាប់ការងារនេះគឺនៅតែតូចនៅឡើយ។
កន្លងមកយើងធ្វើការតាំងពិព័រណ៍សម្លៀកបំពាក់ទាន់សម័យ ពិព័រណ៍ពាណិជ្ជកម្មគ្រឿងសម្អាងឲ្យក្រុមហ៊ុនអ៊ីអន ក្រុមហ៊ុន Metfone ក្រុមហ៊ុន Pizza World ការថតរូបរបស់រ៉ឺម៉កកង់បី ឬ Tuk Tuk Selfie។ ភាគច្រើនគឺជាការរៀបចំកម្មវិធីបែបសម្ពោធរបស់ក្រុមហ៊ុនទើបតែដំណើរការឬជាព្រឹត្តិការណ៍ទីផ្សាររបស់ក្រុមហ៊ុនផ្សេងៗ ដែលក្នុងនោះរួមមានការផ្សព្វផ្សាយពាណិជ្ជកម្មបែបបោះពុម្ព និងអត្ថបទទំនាក់ទំនងសាធារណៈផ្សេងៗ។
ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក តើអ្នកស្រីទប់ទល់យ៉ាងណាជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិនិងក្រុមហ៊ុនក្នុងស្រុកដែលមានស្រាប់?
កង្វះការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក និងកង្វះធនធានមនុស្សទាក់ទងនឹងឧស្សាហកម្មនេះកំពុងធ្វើឲ្យការចំណាយរបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មក្នុងស្រុករបស់យើងមានតម្លៃខ្ពស់ធៀបជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកកម្មមកពីបណ្ដាប្រទេសជិតខាង។ យើងដើរពីក្រោយក្រុមហ៊ុនអន្តរជាតិទាំងនោះ ទាក់ទងនឹងការបង្កើត និងការចាប់យកនិន្នាការផ្សព្វផ្សាយពាណិជ្ជកម្ម។
បើវាជាគម្រោងផ្សព្វផ្សាយពាណិជ្ជកម្មទ្រង់ទ្រាយធំ អតិថិជននឹងចង់បានភ្នាក់ងារមកពីប្រទេសជិតខាង ដោយសារតែពួកគេមានលទ្ធភាពក្នុងការផ្តល់សេវានិងផលិតផលដែលមានតម្លៃថោកជាង។ ចំណុចខ្លាំងរបស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មបរទេសធំៗដែលដំណើរការនៅកម្ពុជាបច្ចុប្បន្នដែលមានប្រៀបជាង ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកគឺ លើការផលិតស្ប៉តពាណិជ្ជកម្មតាមទូរទស្សន៍ (TVC)។ ពួកគេមានក្រុមច្នៃប្រឌិតរឹងមាំ ហើយនាយកផ្នែកសិល្បៈ (Director of Arts) របស់គេ ជាជនបរទេសដែលបានសិក្សាពីសិល្បៈ វប្បធម៌ប្រជាប្រិយ និងមនុស្សសាស្ត្រ។ អ្នកទាំងនោះអាចផលិតTVC បែបទំនើប និងមានគុណភាពដែលយើងមិនអាចធ្វើបាន។
វិស័យទូរគមនាគមន៍ និងស្រាបៀរកំពុងមានចំណែកដ៏សំខាន់របស់ទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន។ ក្រុមហ៊ុនធំៗ និងក្រុមហ៊ុនអន្តរជាតិទៅរកភ្នាក់ងារធំៗសម្រាប់គំនិតការផ្សព្វផ្សាយពាណិជ្ជកម្ម TVC ខណៈដែលការទៅរកក្រុមហ៊ុនតូចៗសម្រាប់យុទ្ធនាការទីផ្សារឬព្រឹត្តិការណ៍តូចៗ។ យើងជាក្រុមហ៊ុនតូចក្នុងស្រុកមានការផ្លាស់ប្តូរច្រើន ហើយនេះគឺជាទីផ្សារដែលបានបន្សល់ទុកសម្រាប់យើង។
តើអ្នកនាងបានឃើញ SME ជាច្រើនដែលចាប់ផ្ដើមស្វែងរកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេឬទេ?
ការបង្កើតយីហោគឺនៅតែជាអ្វីដែលគេចាត់ទុកថាជាការចាប់ផ្ដើមដំបូងសម្រាប់អាជីវកម្មក្នុងស្រុក។ នៅក្នុងប្រទេសកម្ពុជា ប្រជាជនចង់មើលឃើញលទ្ធផលភ្លាមៗនៃការវិនិយោគរបស់ពួកគេ។ ពួកគេមិនចង់ដាក់ប្រាក់ទៅក្នុងការធ្វើអាជីវកម្មនោះទេ។ ពួកគេមានសម្ពាធហិរញ្ញវត្ថុ។ វាប្រហែលមកពីចំណេះដឹងផងដែរ ដោយសារតែនៅមានគម្លាតធំរវាងអាជីវករកម្ពុជាក្នុងស្រុក និងការចាប់ផ្ដើមបង្កើតអាជីវកម្មផ្សេងទៀតប្រហែលជានៅក្នុងបណ្ដាប្រទេសរីកចម្រើន ពួកគេយល់ពីការគ្រប់គ្រងយីហោតាំងពីដំបូង ដូច្នេះពួកគេចាប់ផ្ដើមរកស៊ី ពួកគេដឹងពីអ្វីដែលត្រូវធ្វើ។
វាគឺជាការចំណាយដើមទុនឥតប្រយោជន៍ផងដែរ។ យើងបានមើលឃើញសហគ្រិនជាច្រើនដែលចាប់ផ្ដើមបង្កើតអាជីវកម្មតាមរយៈការនាំយកពាណិជ្ជសញ្ញាពីបរទេសដោយសារតែវាត្រូវការពេលវេលាខ្លីជាងការបង្កើតយីហោមួយដោយខ្លួនឯង។ ប៉ុន្តែខ្ញុំជឿជាក់ថា ពួកគេនឹងមិនរកបានប្រាក់ច្រើននោះទេ ដោយសារតែមានតម្លៃត្រូវបង់ច្រើន ហើយក៏តែងតែមានមនុស្សវ័យក្មេងដែលស្អាតជាង និងមានតម្លៃទាបជាង អាចនាំយកពាណិជ្ជសញ្ញាល្បីៗជាងយីហោដែលអ្នកធ្វើ។
តើហេតុអ្វីបានជាយីហោមានសារៈសំខាន់សម្រាប់អាជីវកម្ម?
យីហោមិនរកបានប្រាក់ចំណូលបានច្រើននោះទេ ប៉ុន្តែធ្វើឲ្យអាជីវកម្មមានស្ថិរភាព។ វាគឺជាការវិនិយោគមានរយៈពេលវែង។ យីហោមានការទុកចិត្តពីអតិថិជនរបស់អ្នកសម្រាប់ផលិតផលរបស់អ្នក។ អ្នកទទួលបានឋានៈក្នុងបេះដូងរបស់អតិថិជន។ ប្រហែលជាដោយសារតែអាជីវកម្មក្នុងស្រុកចាប់ផ្ដើមមើលឃើញយីហោក្នុងស្រុកទទួលបានការវិនិយោគនៅក្នុងរយៈពេលពី៣ឆ្នាំដល់៥ឆ្នាំក្រោយ នៅពេលនោះខ្ញុំគិតថា ពួកគេនឹងចាប់ផ្ដើមគិតពីការបង្កើតយីហោផ្ទាល់ខ្លួនរបស់ពួកគេ។
ដើម្បីរក្សាអាជីវកម្មមួយគឺជារបៀបមួយដែលអាចគ្រប់គ្រងយីហោប្រកបដោយជោគជ័យ។ វាគឺជាដំណើរការមួយដ៏វែងឆ្ងាយ ហើយការគ្រប់គ្រងយីហោគឺជាអ្វីដែលអរូបី និងត្រូវការពេលវេលា និងប្រាក់ច្រើនផងដែរ។ ពិតហើយខ្ញុំពេញចិត្តអ្នកទាំងនោះដែលអាចអភិវឌ្ឍ និងបង្កើតយីហោក្នុងស្រុកប្រកបដោយជោគជ័យ ប៉ុន្តែខ្ញុំជឿថាពួកគេនឹងដាក់ប្រាក់ទៅក្នុងអាជីវកម្មរបស់ពួកគេ ហើយមិនទទួលបានប្រាក់ចំណេញនៅឡើយទេ ប៉ុន្តែពួកគេនឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលពីរបីឆ្នាំក្រោយនៅពេលវាក្លាយជាលក្ខណៈអន្តរជាតិ។
តើអ្វីជាផែនការរបស់អ្នកបន្ទាប់?
ខ្ញុំនឹងអភិវឌ្ឍសមត្ថភាពបុគ្គលិកទាក់ទងនឹងជំនាញខាងទំនាក់ទំនង ការច្នៃប្រឌិត និងរក្សាការលើកទឹកចិត្តពួកគេឲ្យស្រឡាញ់អ្វីដែលពួកគេកំពុងធ្វើ។ ឧស្សាហកម្មនេះនិយាយអំពីមនុស្សដែលអាចបញ្ចេញគំនិតច្នៃប្រឌិតរបស់ពួកគេ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើននៅទីនេះចាប់ផ្ដើមការគ្រប់គ្រងព្រឹត្តិការណ៍ដោយសារតែពួកគេស្គាល់ប្រជាជនមួយចំនួន។ បន្ទាប់មកនៅពេលគម្រោងចប់ នៅពេលនោះគឺវាក៏ចប់ហើយ។
គេនិយាយអំពីការអភិវឌ្ឍដំណើរការដ៏ច្បាស់លាស់ក្នុងការផ្ដល់សេវាដែលអ្នកអាចទាក់ទាញអតិថិជនកាន់តែច្រើន។ ខ្ញុំបានមើលឃើញក្រុមហ៊ុនមួយចំនួនដែលទទួលបានជោគជ័យក្នុងការធ្វើដូចនោះ ហើយដែលកំពុងរកប្រាក់បានច្រើន។ សម្រាប់ពួកយើង យើងកំពុងព្យាយាមផ្ដល់សេវាប្រកបដោយគុណភាព និងស្ថិរភាពព្រោះយើងចង់ទៅកន្លែងផ្សេងទៀតក្នុងរយៈពេលពីរបីឆ្នាំក្រោយ។ យើងនឹងពង្រីកសេវារបស់យើងពីការគ្រប់គ្រងព្រឹត្តិការណ៍ទៅជា TVC នៅក្នុងរយៈពេលពីរឆ្នាំក្រោយនៅពេលដែលទីផ្សារនេះកាន់តែមានស្ថិរភាព។ នៅពេលយើងមានប្រជាជនក្នុងស្រុកដែលអាចបង្កើតគំនិតច្នៃប្រឌិត ពេលនោះហើយដែលការចំណាយលើការផលិត TVC និងការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែទាប៕ PB