ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក W. Patrick Murphy កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់ថា លោក​នឹង​ជួយ​ដល់​ក្រុមហ៊ុន​នាំចេញ ក្រុមហ៊ុន​ផលិត​របស់​​ប្រទេស​ កម្ពុជា ដើម្បី​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​អាមេរិក ពិសេស​ពី​ធនាគារ អាហរ័ណនីហរ័ណ​អាមេរិក ដើម្បី​បង្កើន​ការនាំចេញ​កសិកម្ម​របស់​ពួកគេ​ទៅ​ទីផ្សារ​អាមេរិក​។

ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​ព្រឹត្តិការណ៍ «​ឱកាស​ពាណិជ្ជកម្ម​នៅក្នុង​ព្រឹត្តិការណ៍​កសិកម្ម​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២០» ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក Patrick Murphy បាន​ឲ្យ​ដឹងថា វិស័យ​កសិកម្ម​របស់​ប្រទេស កម្ពុជា​ មាន​សក្ដានុពល​ដែល​មិនទាន់​ប្រើប្រាស់ ប៉ុន្តែ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​នៅ​មាន​កម្រិត​ដែល​រារាំង​ដល់​ការនាំចេញ​របស់​ពួកគេ​ទៅ​ទីផ្សារ​អាមេរិក​។

ព្រឹត្តិការណ៍​រយៈពេល​ ២ ​ថ្ងៃ​នេះ​ត្រូវបាន​ចូលរួម​ដោយ​ក្រុមហ៊ុន​កសិកម្ម ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​សំខាន់ៗ​ចំនួន​ ១៥ រួម​ជាមួយ​នឹង​ពាណិជ្ជករ​ក្នុង​ស្រុក​ជាច្រើន​ផ្សេងទៀត​។

លោក​ថ្លែងថា ទាក់ទង​នឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពី​អាមេរិក ស្ថានទូត​មាន​គំនិត​ផ្តួចផ្ដើម​ស្ថិតក្រោម​ទីភ្នាក់ងារ​មួយ​ចំនួន​ដូចជា​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ក្រសួងកសិកម្ម​អាមេរិក ពិសេស​រដ្ឋបាល​ពាណិជ្ជកម្ម​ និង​ការអភិវឌ្ឍ និង​មាន​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ធនាគារ​អាហរ័ណ-នីហរ័ណ​អាមេរិក​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​មើលឃើញ​តួនាទី​របស់​ខ្ញុំ​ជា​ឯកអគ្គរដ្ឋទូត​អាច​ព្យាយាម និង​ជួយ​អប់រំ​នៅ​ទីនេះ​លើ​ឱកាស​ទាំងនេះ និង​ជំរុញ​ក្រុមហ៊ុន​ផលិត​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នានា សហគ្រាស​ធុន​តូច និង​មធ្យម ​ដើម្បី​ចាប់​យក​ឱកាស​នេះ​»​។

លោក​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ​ក្រុមហ៊ុន​ផលិត និង​ក្រុមហ៊ុន​នាំចេញ​អង្ករ​សំខាន់ៗ​ទទួល​បាន​ការធានា​ប្រាក់កម្ចី​ធនាគារ​អាហរ័ណ-នីហរ័ណ​អាមេរិក​ដែល​បានផ្ដល់​ដល់​ពួកគេ​នូវ​លទ្ធភាព​ទទួល​បាន​កម្ចី​មូលធន​ក្នុង​ការទិញ​ឡសម្ងួត​មាន​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​ស្ដុក​ស្រូវ​របស់​ពួកគេ​នៅក្នុង​ស្ថានភាព​ល្អប្រសើរ​។

លោក​បន្ថែមថា​៖ «​យើង​ជឿជាក់​ថា​យើង​អាច​មើលឃើញ​ក្រុមហ៊ុន​នាំចេញ​របស់​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​»​។

កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៨ ក្រុមហ៊ុន Amru Rice (Cambodia) ជា​ក្រុមហ៊ុន​កែច្នៃ និង​នាំចេញ​អង្ករ​ឈានមុខ​គេ គឺជា​ក្រុមហ៊ុន​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ដំបូង​គេ​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​មួយ​ចំនួន​ពី​ធនាគារ​អាហរ័ណ-នីហរ័ណ​អាមេរិក (EXIM) សម្រាប់​ការទិញ​ប្រព័ន្ធ​ស្ដុក​អង្ករ​ដើម្បី​ជំរុញ​ការផលិត​អង្ករ​សរីរាង្គ​សម្រាប់​ការនាំចេញ​។

លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន Amru Rice (Cambodia) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កម្ចី​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការទិញ​ឡសម្ងួត​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ឆ្លើយតប​ស្ដង់ដា​ខ្ពស់​របស់​អាមេរិក​សម្រាប់​ការនាំចេញ​។

លោក​ថ្លែងថា​៖ «​ទីផ្សារ​អាមេរិក​គឺជា​សក្ដានុពល​តែមួយ​គត់​សម្រាប់​ពួកយើង នៅពេល​នេះ​និង​នៅពេល​អនាគត ខណៈ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ផ្សេងទៀត​ភ្លេច​អំពី​សក្ដានុពល​ដែល​មិនទាន់​ប្រើប្រាស់​របស់​យើង​»​។ លោក​បន្តថា ខណៈ​ប្រទេស​ កម្ពុជា ​ខ្វះ​ការវិនិយោគ​លើ​ការវេចខ្ចប់ និង​ការកែច្នៃ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ពាណិជ្ជករ​អាមេរិក​ដែល​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មក​វិនិយោគ​នៅទីនេះ នៅពេល​អនាគត​ខាងមុខ បន្ទាប់ពី​ពួកគេ​មើលឃើញ​សក្ដានុពល ខណៈ​ផលិតផល​របស់​យើង​ក៏​មាន​គុណភាព​ខ្ពស់​ដើម្បី​ឆ្លើយតប​នឹង​ស្ដង់ដា​អាមេរិក​ផងដែរ​»​។

លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា​គឺជា​ប្រទេស​មួយ​មាន​ប្រជាជន​ ៧៨ ​ភាគរយ​ រស់នៅក្នុង​តំបន់​ជនបទ និង​ពឹង​លើ​វិស័យ​កសិកម្ម​។ វិស័យ​កសិកម្ម​គឺជា​វិស័យ​មួយ​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​ដែល​បាន​រួម​ចំណែក ១ ​ភាគ​ ៣ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​ផ្ដល់​ការងារ​ដល់​កម្លាំង​ពលកម្ម​ ៤០ ​ភាគរយ​។

លោក​បញ្ជាក់ថា​៖ «​អ្នក​អាច​ពិចារណា​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ កម្ពុជា ហើយ​ខ្ញុំ​ជំរុញ​ឲ្យ​អ្នក​ជួប​ជាមួយ​ដៃគូ​កសិកម្ម​ក្នុង​ស្រុក​របស់​យើង ដើម្បី​ពិភាក្សា និង​ស្វែងរក​មធ្យោបាយ​ក្នុង​ការធ្វើ​ការងារ​រួមគ្នា​នៅក្នុង​ប្រទេស​ កម្ពុជា​។

កាលពី​ឆ្នាំ​ ២០១៨ ភាគរយ​នៃ​អនុវិស័យ​របស់​វិស័យ​កសិកម្ម​នៅក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​មាន​ចំនួន​ ៥៨,១ ​ភាគរយ​ នៃ​ដំណាំ​កសិកម្ម ការផលិត​សត្វ ១១,១ ​ភាគរយ និង​នេសាទ ២៤,១ ​ភាគរយ និង​រុក្ខាប្រមាញ់ ចំនួន​ ៦,៧ ​ភាគរយ​។ នេះ​បើ​យោង​តាម​លោក ប៉ាន សូរស័ក្តិ​៕LA