ភ្នំពេញៈ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​សភាពាណិជ្ជកម្ម​អាមេរិក (AmCham) បាន​ចុះហត្ថលេខា​លើ​ផែនការ​ការងារ​រួមមួយ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​របស់​អាមេរិក​ចូលមក​ប្រទេស​កម្ពុជា​កាន់តែច្រើន​បន្ថែម​ទៀត​។

ផែនការ​ការងារ​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​ ២ ​ខែ​មេសា​រវាង​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក Anthony Galliano ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក (AmCham)​។ ស្ថិតក្រោម​ផែនការ​ការងារ​រួម​នេះ​ទាំង​ស្ថានទូត​អាមេរិក និង​សភាពាណិជ្ជកម្ម​អាមេរិក​នឹង​ធ្វើ​ការងារ​រួមគ្នា​លើ​គោលបំណង​សំខាន់​ ៤ ដែល​ផ្ដោតលើ​ការលើកកម្ពស់​ពាណិជ្ជកម្ម​អាមេរិក បង្កើន​ការយល់ដឹង​ម៉ាក​យីហោ និង​ស្ដង់ដា​អាមេរិក និង​គាំទ្រ​ការលក់​ផលិតផល និង​សេវាកម្ម​អាមេរិក ការពិគ្រោះ​យោបល់​លើ​គោលនយោបាយ​ផ្ដោត​លើ​ការធ្វើឱ្យ​ប្រសើរ​ឡើង​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា តាមរយៈ​ការធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដែល​អាចធ្វើ​ទៅបាន​ជំរុញ​ឱ្យ​មាន​ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ​បង្កើន​ភាព​ជា​អ្នកដឹកនាំ​របស់ CSR អាមេរិក គាំទ្រ​សហគមន៍​ធុរកិច្ច​ស្ដ្រី​របស់​កម្ពុជា បង្កើន​ការយល់ដឹង និង​ជួយ​ដោះស្រាយ​ភាពខុសគ្នា​ផ្នែក​យេនឌ័រ​ដែល​កំពុង​ប្រឈម​នឹង​សហគ្រិន​ស្ដ្រី​របស់​កម្ពុជា​។

លោក​ឯកអគ្គរដ្ឋទូត Murphy បាន​ឱ្យ​ដឹង​ក្នុង​អំឡុង​ការចុះហត្ថលេខា​នេះ​ថា ភាពជា​ដៃគូ​នេះ​នឹង​ជួយ​ជំរុញ​ធុរកិច្ច​អាមេរិក​ឱ្យ​មាន​ការរីកចម្រើន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា ព្រមទាំង​ដើម្បី​បង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ស្រប​ពេលដែល​អាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​។

លោក​បានលើកឡើង​ក្នុង​សុន្ទរកថា​ថ្លែង​បើក​កម្មវិធី​នេះ​ថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​រួមបញ្ចូល​គ្នា​នេះ គឺធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​ធុរកិច្ច​អាមេរិក និង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​កម្ពុជា ពង្រីក​ការនាំចេញ​របស់​អាមេរិក​នៅ​ទីនេះ នៅក្នុង​ប្រទេស​កម្ពុជា និង​បង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​នៅក្នុង​ទិសដៅ​ទាំង​ ២»​។

លោក Anthony បានឱ្យដឹងថា បច្ចុប្បន្ន​ផលិតផល​អាមេរិក​នៅ​កម្ពុជា​មាន​នៅ​គ្រប់​ទីកន្លែង​ទៅ​ដល់​ប្រជាជន​ជា​រៀងរាល់​ថ្ងៃ ជាពិសេស និង​ប្រហែលជា​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ផលិតផល​របស់​ប្រទេស​ផ្សេងទៀត​។ វត្តមាន​អាមេរិក មិនត្រូវ​មើលស្រាល​នោះទេ ដោយសារ​តែ​កិច្ចព្រមព្រៀង​ផលិតផល​ល្អ គឺ​អរូបី​។

លោក​បញ្ជាក់ថា ជា​ឧទាហរណ៍ ក្រុមហ៊ុន Facebook ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon ក្រុមហ៊ុន Google ក្រុមហ៊ុន WhatsApp និង​ក្រុមហ៊ុន Coca Cola ត្រូវបាន​ប្រើប្រាស់​រាល់ថ្ងៃ​យ៉ាង​ទូលំទូលាយ ខណៈ​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ Apple ក្រុមហ៊ុន Dell Computers ក្រុមហ៊ុន Hewlett Packard Printers រថយន្ត​ដឹកទំនិញ Fuso និង​ក្រុមហ៊ុន​ត្រាក់ទ័រ John Deere ទទួលបាន​ចំណែក​ទីផ្សារ​ដ៏ធំ​នៅ​កម្ពុជា​។

ចំណែកឯ Burger King ក៏មាន​ភាពលេចធ្លោ និង​ពេញនិយម​យ៉ាងខ្លាំង​ផងដែរ​។ យីហោ Pizza របស់​ក្រុមហ៊ុន Domino ក្រុមហ៊ុន Kentucky Fried Chicken ក្រុមហ៊ុន Dairy Queen ក្រុមហ៊ុន Carl''s Junior ក្រុមហ៊ុន Papa John''s Pizza និង​ក្រុមហ៊ុន Louisiana Famous Fried Chicken គឺជា​យីហោ​អាហារ​រហ័ស​ដ៏ពេញនិយម​បំផុត​។

លោក​ថ្លែងថា​៖ «​ខណៈ​ដែល​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​លើ​ប្រាក់ចំណូល​ដែល​អាច​ចំណាយបាន​មាន​ការកើនឡើង តម្លាភាព​ល្អ​ប្រសើរឡើង និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ត​ការអភិវឌ្ឍ​យ៉ាង​រហ័ស ក្រុមហ៊ុន​អាមេរិក​ជាច្រើន​នឹង​ចូលមក​វិនិយោគ​ជាក់​ជាមិនខាន​»​។

លោក Anthony លើកឡើង​ថា​៖ «​កាលពីពេល​កន្លងមក ផ្នែក​ចំណីអាហារ និង​ភេសជ្ជៈ​បចេ្ចកវិទ្យា រថយន្ត និង​ការអប់រំ​គឺជា​វិស័យ​ដ៏សំខាន់​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយសារ​តែ​ការវិវឌ្ឍ​ទីផ្សារ​មូលធន និង​ប្រាក់​សន្សំ​តាមរយៈ​ប្រាក់​សោធននិវត្តន៍ និង​ការអភិវឌ្ឍ​មូលនិធិ​វិនិយោគ ខ្ញុំ​រំពឹងថា ការចាប់អារម្មណ៍​នឹង​បង្កើនល្បឿន​ពី​វិស័យ​សេវា​ហិរញ្ញវត្ថុ​។ កម្ពុជា​កំពុង​ដោះស្រាយ​កង្វះ​ថាមពល​អគ្គិសនី និង​បញ្ហា​តម្លៃ ដែល​នឹង​ជំរុញ​ក្រុមហ៊ុន​ផលិត​នានា​ឱ្យ​ជ្រើស​រើសយក​ប្រទេស​កម្ពុជា​ជា​ទីតាំង​ជំនួស​ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី​»​។

ទិន្នន័យ​បាន​ពី​ការិយាល័យ​ជំរឿន​អាមេរិក​បង្ហាញថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​មាន​ជិត​ ៧ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ កើនឡើង​ ១៧,៨៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ការនាំចេញ​ទំនិញ​កម្ពុជា​មានតម្លៃ​ជិត​ ៦,៦ ​ពាន់​លាន​ដុល្លារ កើនឡើង​ ២២,៧៩ ​ភាគរយ​ធៀប​នឹង​ជាង​ ៥,៣ ​ពាន់​លាន​ដុល្លារ​ដែល​បានបង្ហាញ​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ការនាំ​ចូល​ទំនិញ​ពី​អាមេរិក​មានតម្លៃ​ ៣៤៣,៦ ​លាន​ដុល្លារ ធ្លាក់ចុះ​ ៣៣,១៥ ​ភាគរយ ធៀប​ ៥១៤ ​លាន​ដុល្លារ​។

កម្ពុជា​បាន​នាំចេញ​ភាគច្រើន​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក​ទៅ​អាមេរិក ខណៈ​ដែល​នាំចូល​ជាច្រើន​នូវ​រថយន្ត គ្រឿងអេឡិចត្រូនិក និង​ផលិតផល​សម្រេច​ផ្សេងទៀត​៕LA