
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតលើផ្លូវត្រូវនៃការងើបឡើងវិញយ៉ាងខ្លាំងដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជននិងរដ្ឋាភិបាលផង។
បន្ទាប់ពីការទទួលរងពីការធ្លាក់ចុះនិងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងរយៈពេលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ អត្រាកំណើនផលិតផលក្នុងស្រុកសរុបតាមការប៉ាន់ប្រមាណដោយគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិកំពុងតែងើបឡើងវិញក្នុងកម្រិតខ្ពស់ឬអាចនិយាយថា ប្រហែលជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងតំបន់។
នៅឆ្នាំ២០១១ IMFបានព្យាករថា GDP របស់កម្ពុជាមានអត្រា៦,៥ភាគរយ។ នៅឆ្នាំ២០១២ ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា មានអត្រា៧,២ភាគរយ។
ពិសេស ADB គាំទ្រគំនិតដែលថានឹងមានកំណើនសេដ្ឋកិច្ចដ៏ខ្លាំងបន្ថែមទៀតក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះប្រហែលជា៧,២ភាគរយក្នុងឆ្នាំ២០១៣ និង៧,៥ភាគរយនៅឆ្នាំ២០១៤ ស្របនឹងទីផ្សារដ៏សំខាន់របស់កម្ពុជារួមទាំងទីផ្សារអឺរ៉ុប EU និងទីផ្សារអាមេរិក US បន្តងើបឡើងវិញ។
មានកត្តាសំខាន់ៗមួយចំនួនដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនេះរួមមានការនាំចេញការប្រើប្រាស់និងការវិនិយោគផ្ទាល់ជាពិសេសលំហូរចូលដែលបានធ្វើពិពិធកម្មលើការវិនយោគផ្ទាល់ពីបរទេស FDI។
ក្នុងចក្ខុវិស័យនៃការអភិវឌ្ឍអាស៊ានឆ្នាំ២០១៣ ដែលADB ផ្ដល់ព័ត៌មានលម្អិតបន្ថែមសម្រាប់ការព្យាកររបស់ខ្លួន។
គ្រឹះស្ថាននេះព្យាករថា វិស័យឧស្សាហកម្មនឹងកើនឡើងជាង១០ភាគរយនៅឆ្នាំ២០១៣ ព្រោះតែតម្រូវការរបស់ EU សម្រាប់ផលិតផលរបស់កម្ពុជាគឺកំពុងកើតឡើងជាលំដាប់ដោយសារការទទួលបានឋានៈអនុគ្រោះលើទីផ្សារអឺរ៉ុបស្ថិតក្រោមគំនិតផ្ដួចផ្ដើមនៃអ្វីៗទាំងអស់លើកលែងតែអាវុធ។
របាយការណ៍និយាយផងដែរថា ទំហំនៃការនាំចេញផលិតផលកាត់ដេរនិងស្បែកជើងទៅកាន់អាមេរិកទំនងជានឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។
លំហូរ FDI នៅឆ្នាំ២០១២នៅកម្ពុជា បានកើនឡើងរហូតដល់ ១,៥ពាន់លានដុល្លារ។ ជំនឿទុកចិត្តរបស់វិនិយោគិនបរទេសលើស្ថិរភាពបរិយាកាសពាណិជ្ជកម្មនៅកម្ពុជាត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនេះការរួមចំណែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ កសិកម្ម និងសំណង់គឺកំពុងតែកើនឡើង។ នៅឆ្នាំ២០១២ កម្ពុជាទទួលបានភ្ញៀវទេសចរច្រើនជាង៣,៦លាននាក់ដោយកើនឡើង២៤ភាគរយធៀបនឹងឆ្នាំ២០១១ហើយប្រាក់ចំណូលវិស័យនេះមាន ២,២ពាន់លានដុល្លារ។
ការនាំចេញអង្ករនៅឆ្នាំ២០១២ មានចំនួនប្រហែល២០ម៉ឺនតោន ហើយតួលេខដែលបានព្យាករថានឹងកើនឡើងកាន់តែច្រើនទៀតនៅឆ្នាំ ២០១៣នេះ។
តម្លៃគម្រោងសំណង់ដែលបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅឆ្នាំ២០១២កើនឡើងពីរដងរហូតដល់២,១ពាន់លានដុល្លារហើយវិស័យនេះកំពុងប្រឈមនឹងការគំរាមកំហែងដោយសារតែកង្វះកម្លាំងពលកម្ម។
ជាមួយគ្នានេះដែរទាំងរដ្ឋាភិបាលនិងវិស័យឯកជនកំពុងខិតខំរួមគ្នាក្នុងការធ្វើពិពិធកម្ម លើផលិតផលនាំចេញរបស់កម្ពុជា និងស្វែងរកទីផ្សារថ្មីៗសម្រាប់ការនាំចេញរបស់កម្ពុជា។
ជាលទ្ធផលបច្ចុប្បន្នកម្ពុជាមិនត្រឹមតែល្បីខាងប្រាសាទអង្គរវត្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការទទួលស្គាល់តាមរយៈផលិតផលរបស់ខ្លួនមួយចំនួនផងដូចជា សម្លៀកបំពាក់ អង្ករក្រអូប និងខាងដំណាំឯកទេសកសិកម្មផ្សេងទៀតរួមមានម្រេច ទុរេន ស្វាយចន្ទី កៅស៊ូ។ល។ ពាណិជ្ជករកម្ពុជាកំពុងទទួលផលប្រយោជន៍ពីគោលនយោបាយពាណិជ្ជកម្មសេរីក្នុងការធ្វើពាណិជ្ជកម្មជាមួយដៃគូបរទេសនិងមានក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងចូលមកបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួនរបស់ពួកគេនៅកម្ពុជា។
ជាក់ស្ដែងនៅប៉ុន្មានឆ្នាំថ្មីៗនេះពាណិជ្ជករនិងអតិថិជនជាច្រើននៅកម្ពុជាមានឱកាសច្រើនដើម្បីទស្សនា ពិព័រណ៍ពាណិជ្ជកម្មបរទេសនិងការតាំងពិព័រណ៍ដែលធ្វើឲ្យអ្នកតាមដានចំពោះវិស័យសេដ្ឋកិច្ចលើកឡើងថា ការជួយសម្រួលពាណិជ្ជកម្មកំពុងអនុវត្តដោយមានប្រសិទ្ធភាពក្នុងការរួមចំណែករបស់ខ្លួនដល់ការធ្វើសមាហរណកម្មពិភពលោកនៃសេដ្ឋកិច្ចកម្ពុជា។
ថ្វីបើមានចំណុចខ្វះខាតមួយចំនួនដែលខ្លួននឹងត្រូវការរយៈពេលណាមួយក្នុងការដោះស្រាយក៏ដោយក៏អ្នកសង្កេតការណ៍ជាច្រើនគិតដោយសុទិដ្ឋិនិយមថាសេដ្ឋកិច្ចកម្ពុជាមានឱកាសច្រើនក្នុងការអភិវឌ្ឍទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះនៅពេលណាមានការផ្គត់ផ្គង់ថាមពលអគ្គិសនី ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានធ្វើឲ្យប្រសើរឡើងដូចផែនការរបស់រដ្ឋាភិបាលនោះការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាពិតជាមានជំនឿយ៉ាងមុតមាំក្នុងការបន្តនិរន្តរភាពនិងកំណើនសេដ្ឋកិច្ច៕ PB