ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ស្ថានីយ​បណ្តាញ​ថ្មី​ចំនួន ៦៨ ទីតាំង​ក្នុង​ខេត្ត​សៀមរាប​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​ទឹកប្រាក់ ៩០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ដើម្បី​ពង្រីក និង​បង្កើន​គុណភាព​នៃ​បណ្ដាញ​ទូរគមនាគមន៍​របស់​ខ្លួន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ២១ ខែ​មេសា​ឲ្យ​ដឹងថា ស្ថានីយ​បណ្តាញ​ដែល​ទើប​តែ​ត្រូវបាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ក្នុង​ខេត្តសៀមរាប​គឺ​ស្ថិតក្នុង​គម្រោងការ​ពង្រីក​ស្ថានីយ​បណ្តាញ​ថ្មី​ចំនួន ៣៥០ ទីតាំង ដែល​ត្រូវ​បានប្រកាស​ជា​សាធារណៈ​ដោយ​ក្រុមហ៊ុន​ Smart កាលពី​ខែ​មុន។

គម្រោងការ​ពង្រីក​ស្ថានីយ​បណ្តាញ​ថ្មី​នឹង​បង្កើន​គុណភាព​សេវា 4G LTE របស់​ក្រុមហ៊ុន Smart សម្រាប់​អ្នកប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ព្រមទាំង​ធានា​ឲ្យ​បាន​ថា​បណ្ដាញ​ទូរគមនាគមន៍​បាន​ត្រៀម​រួចរាល់​ក្នុង​ការផ្ដល់ជូន​តាម​តម្រូវការ​របស់​អតិជន​ដែល​កំពុង​តែ​កើនឡើង​នាពេល​ការផ្ទុះ​រីករាលដាល​នៃ​វិរុស​កូវីដ១៩ និង​ស្ថានភាព​នៃ​ការបិទ​ខ្ទប់​នេះ។

ដើម្បី​បង្ហាញ​នូវ​គុណភាព​នៃ​ស្ថានីយ​បណ្តាញ និង​សេវា​គ្របដណ្ដប់​ក្នុង​ខេត្តសៀមរាប ក្រុមហ៊ុន Smart បាន​កំពុង​ផ្ដល់ជូន​ទិន្នន័យ​អ៊ីនធឺណិត​ចំនួន​ 1GB ឥតគិតថ្លៃ​ដល់​អតិថិជន​នៅក្នុង​ខេត្តសៀមរាប ដែល​កំពុង​ប្រើប្រាស់​គម្រោង​បង់​ជាមុន​រហូតដល់​ថ្ងៃទី ២១ ខែ​ឧសភា ដោយ​ពួកគេ​អាច​ទទួលយក​ការផ្ដល់ជូន​នេះ​តាមរយៈ​កម្មវិធី​ SmartNas នៅពេល​ណា​ក៏បាន​អំឡុង​ខែ​នេះ។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart Axiata មាន​ប្រសាសន៍​ថា៖ «គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កម្ពុជា​មាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់ ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ យើង​យល់​ពី​ករណី​បន្ទាន់ ហើយ​យើង​នឹង​បន្ត​ផ្តល់​មធ្យោបាយ​ទំនាក់ទំនង​ល្អ​បំផុត​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​នេះ។

អតិថិជន​របស់​យើង​ក្នុង​ខេត្តសៀមរាប ឥឡូវនេះ​អាច​រីករាយ​ក្នុង​ការប្រើប្រាស់​បណ្ដាញ​ទូរគមនាគមន៍​របស់​យើង ដែល​ត្រូវបាន​បង្កើន​គុណភាព និង​ល្បឿន​ក្រោយ​បញ្ចប់​ការសាងសង់​ស្ថានីយ​បណ្តាញ​ពាសពេញ​ខេត្ត ដែល​នឹង​បន្ធូរបន្ថយ​ភាពលំបាក​មួយចំនួន​ដែល​ត្រូវបាន​បង្កឡើង​ដោយ​វិធានការ​បិទ​ខ្ទប់»។

បច្ចុប្បន្ន ក្រុមហ៊ុន Smart មាន​ស្ថាននីយ​បណ្តាញ​ប្រហែល ៣ ០០០ ទីតាំងនៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ចំនួន ៨ លាន​នាក់​ទទួលបាន​បទពិសោធន៍​ឌីជីថល​ពិសេស​លើ​បណ្តាញ 4G LTE ដែល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៩១,៥% នៃ​ចំនួន​ប្រជាជន។ ក្នុងខណៈ​ពេលដែល​អតិថិជន Smart បាន​ផ្ដើម​ការប្រើប្រាស់​ 4G យ៉ាង​ឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុង​បញ្ឈប់​បណ្ដាញ​សេវា 3G របស់​ខ្លួន​សន្សឹមៗ​នៅក្នុង​ឆ្នាំ ២០២១ ដោយ​ផ្លាស់ប្ដូរ​វិសាលគមន៍​ហ្វ្រេកង់ស៍​វិទ្យុ​ដែល​សល់​ពី​បណ្ដាញ​សេវា​ 3G ទៅជា 4G៕