ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក (CBC) ​និង​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​នៅ​កម្ពុជា​ (TBCC) បាន​ប្តេជ្ញា​សហការ​រួមគ្នា​ធ្វើការ​ទាក់ទាញ​វិនិយោគិន​ថៃ និង​កម្ពុជា ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការទូត ជាពិសេស​ដើម្បី​រួមចំណែក​ពង្រឹង​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​សម្រេច​តាម​ផែនការ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ ​ឱ្យបាន ១៥ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ​។

ជំនួប​លើកដំបូង​រវាង​ស្ថាប័ន​ទាំង​ ២ ​នេះ ធ្វើឡើង​បន្ទាប់ពី CBC បាន​បើក​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ២០ ខែឧសភា នៅ​ទីក្រុង​បាងកក ដែល​ស្ថាប័ន​នេះ​នឹង​ដើរតួនាទី​ជា​ស្ពាន​ក្នុង​ការទាក់ទាញ​វិនិយោគិន និង​អ្នកជំនួញ​ប្រទេស​ទាំង ២ ឱ្យ​បណ្តាក់ទុន​រួមគ្នា និង​ជា​យន្តការ​មួយ​ក្នុង​ការជួយ​អនុវត្ត​សេដ្ឋកិច្ច និង​ការទូត​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២៨ ខែឧសភា លោក សុធា សម្បត្តិ ប្រធាន CBC បាន​លើកឡើងថា ការបង្កើត CBC គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​ជំរុញ និង​លើកកម្ពស់​សេដ្ឋកិច្ច​ការទូត​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស គឺ​ការទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់តែច្រើន​។

លោក​ថ្លែងថា​៖ «​កម្ពុជា និង​ថៃ​ គឺជា​ប្រទេស​ជិតខាង​ដែលមាន​វប្បធម៌ និង​ការរស់នៅ​ប្រហាក់ប្រហែល​គ្នា ដូច្នេះ​តួនាទី​របស់ CBC គឺ​មិន​ត្រឹមតែ​ដើម្បី​បង្កើន​ទាក់ទាញ​ការវិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ចង់​ធ្វើការ​បង្កើន​ទំនាក់ទំនង​វប្បធម៌​ទេសចរណ៍ និង​ប្រជាជន​ផងដែរ​។ យើង​សង្ឃឹមថា តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​នៅ​កម្ពុជា វា​នឹង​ធ្វើ​ឱ្យសម្រេច​បាន​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ជួយ​ចូលរួម​អនុវត្ត​សេដ្ឋកិច្ច​ការទូត​រវាង​ប្រទេស​ទាំង​ ២»​។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធាន TBCC បាន​និយាយថា លោកស្រី​នឹងចូលរួម​សហការ​ជាមួយ CBC ដើម្បី​ទាក់ទាញ​ធុរជន​ថៃ និង​កៀរគរ​វិនិយោគិន​កម្ពុជា​បន្ថែមទៀត​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​នឹង​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ ២ ដែល​នឹង​ក្លាយជា​កម្លាំង​ជំរុញ​មួយ​បន្ថែមទៀត​ដល់​ធុរជន និង​វិនិយោគិន​កម្ពុជា-ថៃ​កាន់តែ​មាន​ទំនុកចិត្ត​មួយកម្រិត​ទៀត​ក្នុង​ការបណ្តាក់ទុន​រកស៊ី​ទៅវិញ​ទៅមក​»​។

តាម​គម្រោង​ស្ថាប័ន​ទាំង​ ២ ​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នាពេល​ខាងមុខ​ដើម្បី​ពន្លឿន​ការងារ​រួមគ្នា​ទោះបី​ជំងឺ​កូវីដ ១៩ កំពុង​បន្ត​រីករាលដាល​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ថៃ​បាន​កើន​ដល់ ៧,២៣៦ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ២៣,១៧ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែល​បណ្តាល​មកពី​ការរំខាន​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩៕ LA