ភ្នំពេញៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចុះបញ្ជី​មូលបត្រ​សាជីវកម្ម​ចំនួន​ ៥ ​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បានបង្ហាញ​កំណើន​វិជ្ជមាន​នៅ​ត្រីមាស​ទី​១ ​ឆ្នាំនេះ ទោះបីជា​ប្រទេស​កម្ពុជា​ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ​នៅក្នុង​សហគមន៍​ក៏ដោយ​។

LOLC (Cambodia) ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានឱ្យ​ដឹង​នៅក្នុង​ឯកសារ​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី​ ១៧ ខែឧសភា​ថា តុល្យភាព​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ២ ២៧២ ​លាន​រៀល កើនឡើង​ ៥ ​ភាគរយ​ ធៀប​នឹង​ចុងឆ្នាំ​ ២០២០​។ ផលបត្រ​កម្ចីដុល​បាន​កើនឡើង​ដល់​ ៣ ៦២៥ លាន​រៀល កើនឡើង​ ៥ ​ភាគរយ​ធៀប​ចុងឆ្នាំ​ ២០២០​។

លោក សុខ វឿន អគ្គនាយក​បាន​ឱ្យ​ដឹងថា ប្រទេស​កម្ពុជា ​កំពុង​ប្រឈម​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ការរីករាលដាល​ក្នុង​សហគមន៍ ដែល​បានចាប់ផ្ដើម​កាលពី​ខែកុម្ភៈ​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​រហ័ស​ចំពោះ​ករណី​ឆ្លង​ដែល​កើនឡើង​នៅពេល​ថ្មីៗ​នេះ​។

លោក​លើកឡើង​ថា​៖ «​យើង​រំពឹងថា សេដ្ឋកិច្ច​នឹង​ត្រឡប់​ទៅរក​កំណើន​ក្នុង​ឆ្នាំ​ ២០២១​។ ការណ៍​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​គ្រួសារ ហើយ​គ្រប់​វិស័យ និង​តំបន់​ទាំងអស់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ស្មើគ្នា ដូច្នេះ​វា​នឹងមាន​សារៈសំខាន់​ក្នុង​ការត្រួតពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​លើ​សុខុមាលភាព​គ្រួសារ និង​តម្រូវការ​ការគាំទ្រ​បន្ថែម​»​។

ជាមួយ​គ្នា​នេះ ធនាគារ Hattha Bank Plc ក៏បាន​ប្រកាស​ថា នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ ​នេះ ផលបត្រ​កម្ចី​របស់ខ្លួន​បាន​កើនឡើង​ ៧ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​៤ ​ឆ្នាំ​ ២០២០ ដល់​ ១ ៤១២ ​លាន​ដុល្លារ​។ ប្រាក់​បញ្ញើ​បាន​កើនឡើងដល់​ ៨២១ ​លាន​ដុល្លារ កើនឡើង​ ៤ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​៤ ​ឆ្នាំ​ ២០២០​។

លោក Dan Harsono បាន​ថ្លែងថា​៖ «​ធនាគារ Krungsri ដែលជា​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​គ្រោង​នឹង​ផ្ដល់​មូលនិធិ​បន្ថែម និង​ដើមទុន​ដើម្បី​ពង្រឹង​បន្ថែម​ដល់​សន្ទនីយភាព​របស់​ធនាគារ Hattha Bank និង​មូលដ្ឋាន​ដើមទុន​នៅ​ត្រីមាស​ទី​២​។

ការផ្ដល់​នេះ​នឹង​ធានាថា ធនាគារ​នឹង​នៅតែ​បន្ត​ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ នៅក្នុង​បរិយាកាស​ផុយស្រួយ​នេះ​»​។ គិត​ត្រឹម​ចុង​ត្រីមាស​ទី​១ Hattha Bank បានផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ ដែល​គ្របដណ្ដប់​លើ​អតិថិជន​ជាង​ ១៤ ០០០ ​នាក់ ប្រហែល​ ១៤០ ​លាន​ដុល្លារ​ជា​កម្ចី​សរុប​។

ប្រាសាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា បាន​រាយការណ៍​ថា នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ ខ្លួន​ទទួលបាន​ប្រាក់ចំណូល​ការប្រាក់​សរុប ៤៨២ ២៨៤ លាន​រៀល ដោយ​បាន​កើនឡើង​ ៥៨ ៨៩៩ ​លាន​រៀល ​ស្មើនឹង​ ១៣,៩១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២០ និង​ប្រាក់ចំណេញ​សុទ្ធ​ក្នុង​រយៈពេល​ ៣ ​ខែ​បញ្ចប់​ត្រឹម​ត្រីមាស​ទី​ ១ ​ឆ្នាំ ២០២១ មាន​ចំនួន ១៤៥ ៩៧៨ ​លាន​រៀល កើនឡើង​ ៤៦ ៤៨២ ​លាន​រៀល ស្មើនឹង​ ៤៦,៧២ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នៅ​ត្រីមាស​​ទី​១ ​ឆ្នាំ ២០២០​។

គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប ១៥ ១៥៣ ៤២៥ លាន​រៀល កើនឡើង ៣,៥៩ ​ភាគរយ និង​មូលធន​សរុប​ចំនួន ២ ២៤៤ ១៧៥ លាន​រៀល កើនឡើង ៦,៩៣ ​ភាគរយ​ធៀប ​នឹង​ថ្ងៃទី ​៣១ ខែ ធ្នូ ឆ្នាំ​ ២០២០​។

ជាមួយ​គ្នា​នេះដែរ ABA ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក៏បាន​រាយការណ៍​កាលពី​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ ​ថា ខ្លួន​បានចេញ​កម្ចី​ចំនួន​ ១១ ៤៥៣ មានតម្លៃ​ ៥០៥,១ ​លាន​ដុល្លារ ត្រូវ​បាន​បញ្ចេញ​។ ធនាគារ​ក៏​ទទួលបាន​ការកើនឡើង​នៃ​ផលបត្រ​កម្ចី​ដុល​របស់ខ្លួន​ ១០ ​ភាគរយ មាន​ចំនួន​សរុប​ ៤,២ ​ពាន់​លាន​ដុល្លារ​។

សម្រាប់​ផលបត្រ​ប្រាក់​បញ្ញើ​ស្មើនឹង​ ៥,២ ​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ កើនឡើង​ ៧ ​ភាគរយ​ធៀប​នឹង​ត្រីមាស​មុន​កាលពី​ឆ្នាំ​ ២០២០​។ ធនាគារ​នេះ​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​ ៤៧,៥ ​លាន​ដុល្លារ​នៅ​ត្រីមាស​នេះ​។

លោក Yves Jacquot ប្រធាន​ធនាគារ ABA លើកឡើង​ថា​៖ «​ដើម្បី​ដើរតួនាទី​ដ៏សំខាន់​របស់ខ្លួន​ក្នុង​ការគាំទ្រ​ដល់​អ្នក​ខ្ចី​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​នេះ ធនាគារ ABA បាន​បន្ត​រៀបចំ​ឥណទាន​ឡើងវិញ បន្ទាប់ពី​គោលការណ៍​ណែនាំ​ពី​ធនាគារជាតិ​»​។

គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ ធនាគារ​នេះ​បានរៀបចំ​ឥណទាន​ឡើងវិញ​ចំនួន ១០ ៤៩៨ ដែល​មាន​តម្លៃ​ ៥៣៧ ​លាន​ដុល្លារ​អាមេរិក​។

ខណៈ​ដែល​ធនាគារ PPCBank របស់​កូរ៉េខាងត្បូង​ក៏​បាន​រាយការណ៍​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ ប្រាក់កម្ចី​បាន​កើនឡើង​ពី​ ៧២២ ​លាន​ដុល្លារ​ដល់​ ៧២៦ ​លាន​ដុល្លារ ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​ ៨០៦ ​លាន​ដុល្លារ កើនឡើង​ ២,១៥ ​ភាគរយ​ជា​មូលធន​សរុប​កើនឡើង​ពី​ ១៥៦ ​លាន​ដុល្លារ​ដល់​ ១៥៩ ​លាន​ដុល្លារ​រៀង​គ្នា​ ធៀប​នឹង​ឆ្នាំ​ ២០២០ ដល់​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១៕LA