ភ្នំពេញៈ ស្ថា​ប័ន​ហិ​រញ្ញ​វត្ថុ​ពិ​ភព​លោក​ធំ​ៗ​​​ទាំង​ ៣ បាន​វាយ​តម្លៃ​ពី​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​ប្រ​ហាក់​ប្រ​ហែល​គ្នា​​សម្រាប់​ឆ្នាំ​ ២០១៨ ​ជា​មួយ​នឹង​ការ​ព្យា​ករ​កំ​ណើន​ក្នុង​រង្វង់​ ៧ ​ភាគ​រយ​ ខណៈ​ដែល​អត្រា​​នេះ​នឹង​​​នៅ​តែ​​រក្សា​កំ​ណើន​ខ្ពស់​នៅ​ ២-៣ ​ឆ្នាំ​បន្ទាប់​ទៀត​។

ធ​នា​គារ​ពិ​ភព​លោក ​កាល​ពី​ម្សិល​មិញ ​បាន​បង្ហាញ​​របាយ​ការណ៍​វាយ​តម្លៃ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​អា​ស៊ី​បូ​ព៌ា​ និង​​ប៉ា​ស៊ី​ហ្វិក ​ហើយ​បាន​បង្ហាញ​ថា ​ប្រ​ទេស ​កម្ពុជា ​នឹង​មាន​កំ​ណើន​សេដ្ឋ​កិច្ច​ ៧ ​ភាគ​រយ​ នៅ​ឆ្នាំ​នេះ​។

របាយ​ការណ៍​បញ្ជាក់​ថា​ ៖ «​​ដោយ​សារ​តម្រូវ​ការ​ប្រើ​ប្រាស់​ លើ​សកល​លោក​ឡើង​ដល់​​កំ​ពូល​ក្នុង​ឆ្នាំ​នេះ​​កំ​ណើ​ន​​សេដ្ឋ​កិច្ច​កម្ពុជា ត្រូវ​បាន​រំ​ពឹង​ទុក​ថា​នឹង​នៅ​រក្សា​ភាព​ស្វា​ហាប់​ដ​ដែល មុន​នឹង​ថម​ថយ​បន្តិច​មក​នៅ​​ ​៦,៨ ​ភាគ​រយ​​ ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០។ កំ​ណើន​សេដ្ឋ​កិច្ច​ខ្លាំង ​ត្រូវ​បាន​រំ​ពឹង​​ទុក​ថា​ នឹង​នាំ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​​ភាព​​​​ក្រី​ក្រ​បន្ត​ទៀត»​។

​យោង​តាម​​ធនា​គារ​ពិ​ភព​លោក​ ការ​នាំ​ចេញ​សម្លៀក​បំ​ពាក់​ ទំ​និញ​សម្រាប់​ការ​ធ្វើ​ដំ​ណើរ​ និង​ផលិត​ផល​​ស្បែក​ជើង ​កើន​បាន​ ១៦,២ ​ភាគ​រយ​ក្នុង​អំ​ឡុង​ ៦ ​ខែ​ដំ​បូង​នៃ​​​ឆ្នាំ​ ២០១៨​ ស្រប​ពេល​​ការ​នាំ​ចូល​ក្រ​ណាត់​ ដែល​​ជា​វត្ថុ​ធាតុ​ដើម​​​សម្រាប់​ផលិត​សម្លៀក​បំ​ពាក់​កើន​ ៣៧,​១ ​ភាគ​រយ​​​​ក្នុង​​អំ​ឡុង​ ៦ ​ខែ​ដំ​បូង​ក្នុង​ឆ្នាំ​ ២០១​៨ ​ដែល​ជា​កំ​ណើន​ ៣ ឆ្នាំ​ជាប់​គ្នា។​

ការ​បង្ហាញ​​​របាយ​ការណ៍​របស់​ធ​នា​គារ​ពិ​ភព​លោក​ត្រូវ​បាន​ធ្វើ​ឡើង​ ២ ​​ថ្ងៃ​បន្ទាប់​​​ពី​ IMF ដែល​បាន​បង្ហាញ​ថា​ ប្រ​ទេស​​ កម្ពុជា ​នឹង​ទទួល​បាន​កំ​ណើន​ ៧,២៥ ​​ភាគ​រយ។

​​

ធ​នា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី​ ADB​ កាល​ពី​សប្តាហ៍​មុន​ក៏​បាន​ ​ព្យា​ករ​​កំ​ណើន​​​ ៧ ​ភាគ​រយ​ដែរ​សម្រាប់​កម្ពុជា។

បើ​​យោង​តាម​ធនា​គារ​ពិ​ភព​លោក ​ក្នុង​អំ​ឡុ​ង​ ៦ ​​​ខែ​ដំ​បូង​នៃ​ឆ្នាំ​ ២០១៨ នេះ ការ​វិ​និ​យោគ​ផ្ទាល់​ពី​​បរ​ទេស​​នៅ​កម្ពុជា​ត្រូវ​បាន​​ប្រ​មាណ​ឃើញ​ថា​ បាន​​កើន​​ជិត​ ១៤,៣ ​ភាគរ​យ​ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​នៃ​ ការ​ហូរ​ចូល​ទឹក​ប្រាក់​វិ​និ​យោគ​​គឺ​​មក​​ពី​ប្រ​ទេស​ ចិន។

របាយ​ការណ៍​ធ​នា​គារ​ពិ​ភព​លោក​ក៏​បាន​លើក​ឡើង​ពី​ប​ញ្ហា​ប្រ​ឈម​​មួយ​ចំ​នួន​ដែល​អាច​ប៉ះ​​ពាល់​ដល់​ការ​ព្យា​ករ​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ ដែល​ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​ខាង​ក្រៅ។​

​ហា​និ​ភ័យ​ធំ​ ១ ​​គឺ​អាច​​ចេញ​ពី​គោល​​ន​យោ​បាយ​គាំ​ពា​​រនិ​យ​ម​នៅ​តាម​ប្រ​ទេស​ធំ​ៗ​ដែល​កំ​ពុង​កើន​ឡើង​ជា​​បន្ត​បន្ទាប់ ​​និង​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ដែល​​​អាច​​បង្ក​ភាព​បន្ទច់​បង្អាក់​ដល់​ខ្សែ​ ចង្វាក់​​តម្លៃ​ស​ក​ល​ នឹង​ធ្វើ​ឲ្យ​វិ​និ​យោ​គិន​ធ្លាក់​​ទឹក​ចិត្ត ដែល​ជះ​ផល​ប៉ះ​ពាល់​​អា​ក្រក់​មក​​លើ​កម្ពុជា និង​ប្រ​ទេស​ផ្សេង​ទៀត​ដែល​តម្រង់​ទិស​​សេដ្ឋ​កិច្ច​​ទៅ​រក​ការ​នាំ​ចេញ។ ​

ធ​នា​គារ​ពិ​ភព​លោក ក៏​​បាន​​បញ្ជាក់​ដែរ​ថា កម្ពុជា​​នៅ​យឺត​ជា​ង​គេ​នៅ​ឡើយ​ក្នុង​​បណ្តា​ប្រ​ទេស​ក្នុង​តំបន់​អា​ស៊ី​បូ​ព៌ា​ និង​​ ប៉ា​ស៊ី​ហ្វិក​ កាល​ណា​គេ​និ​យាយ​អំ​ពី​គុណ​ភាព​របស់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ហើយ​នៅ​​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួ​យ និង​ហិរ​ញ្ញប្ប​ទាន​ពី​បរ​ទេស ​ដើ​ម្បី​សាង​សង់​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រ​បស់​ខ្លួន​។

​ដើ​ម្បី​រក្សា​ឲ្យ​បាន​កំ​ណើន​ រឹង​មាំ​ក្នុង​រយៈ​ពេល​មធ្យម​ កម្ពុជា​ចាំ​បាច់​ត្រូវ​កៀរ​គរ​ការ​ សន្សំ​សំ​ចៃ​ក្នុង​ស្រុក​ដើ​ម្បី​ជំ​រុញ​ការ​​វិ​និ​យោគ​ថែម​ទៀត៕