ភ្នំពេញៈ អាជ្ញាធរ​កម្ពុជា​ជាថ្មី​ម្តង​ទៀត​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ពី​ប្រតិបត្តិការ ជួញដូរ និង​ពាណិជ្ជកម្ម​កាស​អេឡិចត្រូនិក (Cryptocurrencies)​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​។

សេចក្តី​ប្រកាស​រួម​រវាង​ស្ថាប័ន​ ៣ ដែល​មាន​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ថា ការឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិចត្រូនិក​ ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។

សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ការធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​កាស​អេឡិចត្រូនិក គឺជា​សកម្មភាព​ខុស​ច្បាប់​ និង​អំពាវនាវ​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​នេះ​។

តាម​សេចក្តី​ប្រកាស​រួម​បច្ចុប្បន្ន​មាន​ការផ្សព្វផ្សាយ​ពី​ការទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិចត្រូនិក ដូចជា KH Coin, Suncoin, K Coin, One-coin និង Forex coin នៅ​កម្ពុជា​ដែល​មិន​មាន​ការគ្រប់គ្រង​ពី​អាជ្ញាធរ​នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សាធារណជន និង​សង្គម​។

ខណៈ​សាទរ​ចំពោះ​វិធានការ អាជ្ញាធរ លោក អ៊ិន មាន សហស្ថាបនិក​គម្រោង​កាស​អេឡិចត្រូនិក KH Coin បង្ហាញ​ពី​ការខកចិត្ត​នៅ​ពេល​ឃើញ​ឈ្មោះ​គម្រោង​របស់​លោក​ស្ថិត​ក្នុង​បញ្ជី​ហាមឃាត់​។ លោក​ថ្លែង​ថា​៖ «KH Coin របស់​យើង​មិន​ដែល​បាន​ទៅ​បោកប្រាស់​អ្នក​ណា​ម្នាក់​ទេ​។ វា​មិនមែន​ជា​ប្រភេទ​វិនិយោគ​ដែល​ត្រូវ​ចាញ់បោក​លុយ​ទេ​»​។ លោក​បាន​បន្ថែម​ថា​៖ «​រយៈពេល ៣ ឆ្នាំ​ហើយ​ដែល​យើង​ធ្វើ​ការងារ​នេះ​។ យើង​ខំ​ជួយ​ដើរ​បង្រៀន​ណែនាំ​បងប្អូន​យើង​កុំ​ឲ្យ​ចាញ់បោក​គេ​»​។

លោក​បាន​ថ្លែង​ថា​គម្រោង​របស់​លោក​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោលបំណង​អប់រំ​វិនិយោគិន និង​សាធារណជន​ឲ្យ​យល់​ដឹង​រវាង​គម្រោង​កាស​អេឡិចត្រូនិក​បោកប្រាស់ និង​គម្រោង​ពិតប្រាកដ​ដើម្បី​ចៀសវាង​ការខាតបង់​ដោយសារ​ការវិនិយោគ​។

បើ​ទោះបី​ជា​មាន​ការ​ព្រមាន​ច្រើនលើក​ច្រើនសា​ពី​ការជួញដូរ​រូបិយប័ណ្ណ​នេះ​ក្នុង​ទីផ្សារ​កម្ពុជា​ក៏ដោយ ក៏​កន្លង​មក​មាន​ជនជាតិ​ចិន​មួយ​ក្រុម​បាន​មក​ផ្សព្វផ្សាយ​ពី​​គម្រោង​ជួញដូរ​រូបិយប័ណ្ណ​អេឡិចត្រូនិក​នៅ​កម្ពុជា​ដោយ​មាន​ការចូលរួម​ជា​អធិបតី​ពី​លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផង​ដែរ​៕ LA