
បច្ចុប្បន្នតម្រូវការសាច់ជ្រូកនៅកម្ពុជាក្នុង ១ ថ្ងៃ មានចន្លោះពី ៨ ០០០-៩ ០០០ ក្បាល។ ហេង ជីវ័ន
ភ្នំពេញៈ ស្ថិរភាពថ្លៃលក់រាយសាច់ជ្រូក និងជ្រូករស់កំពុងជំរុញឲ្យមានកំណើនការចិញ្ចឹមនៅតាមកសិដ្ឋាន និងគ្រួសារ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលជ្រូករស់ពីប្រទេសជិតខាង។ នេះជាសញ្ញាវិជ្ជមានសម្រាប់ឈានដល់ការនាំចេញនៅពេលអនាគត។ នេះបើយោងតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីដើមខែកក្កដាបានចេញសារាចរមួយស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្មនៅក្នុងន័យបង្កើនផលិតកម្មស្បៀងអាហារ និងការចិញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញ។
ចំណុចសំខាន់មួយនៅក្នុងលិខិតនោះបានសរសេរថា កម្ពុជាត្រូវខិតខំជំរុញការចិញ្ចឹមសត្វ ដើម្បីធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វសម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ ដោយត្រូវរៀបចំយុទ្ធនាការបំផុសដល់ប្រជាកសិករដែលចិញ្ចឹមលក្ខណៈគ្រួសារឲ្យបង្កើនការចិញ្ចឹមសត្វដែលមានវដ្តផលិតកម្មខ្លី និងដោះស្រាយបានទាន់ពេលវេលាបញ្ហាសន្តិសុខស្បៀង។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកកាលពីឆ្នាំមុន បានធ្វើឲ្យការចិញ្ចឹមជ្រូកនៅពេលនោះធ្លាក់ចុះយ៉ាងគំហុក ពិសេសការចិញ្ចឹមជាលក្ខណៈគ្រួសារដែលមិនមានប្រព័ន្ធជីវសុវត្ថិភាពត្រឹមត្រូវ។ ជ្រូកជាច្រើនត្រូវងាប់ និងមិនមានតម្លៃខ្ពស់នៅលើទីផ្សារទេក្នុងពេលនោះ។
លោកបន្តថា ទោះយ៉ាងណាចាប់តាំងពីដើមឆ្នាំ ២០២០ មកតម្លៃជ្រូករស់ក្នុងស្រុកបានចាប់ផ្តើមមានភាពល្អប្រសើរជាបន្តបន្ទាប់ ដោយពេលនេះជ្រូករស់មានតម្លៃពី ១៣ ០០០ រៀលទៅ ១៣ ៥០០ រៀលក្នុង ១ គីឡូក្រាម ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានតម្លៃប្រហែល ៨ ០០០ រៀល។
លោកថ្លែងថា៖ «តម្លៃសត្វជ្រូករស់ពេលនេះគឺបានរក្សានៅថេរប្រមាណ ១ ខែមកហើយ។ នេះជាតម្លៃល្អមែនទែនដែលអាចផ្តល់ផលចំណេញច្រើនគួរសមសម្រាប់អ្នកចិញ្ចឹម»។
ជាមួយនឹងស្ថិរភាពតម្លៃនេះលោក ស្រ៊ុន ពៅ អះអាងថាការចិញ្ចឹមក្នុងស្រុកកំពុងមានកំណើនទាំងនៅកសិដ្ឋានធំៗ និងជាលក្ខណៈគ្រួសារ។
បើតាមលោក ពៅ បច្ចុប្បន្នតម្រូវការសាច់ជ្រូកនៅកម្ពុជាក្នុង ១ ថ្ងៃមានចន្លោះពី ៨ ០០០-៩ ០០០ ក្បាល។ ដើម្បីបំពេញតម្រូវការនេះ កម្ពុជាបាននាំចូលជ្រូកពីក្រៅប្រទេសប្រមាណពី ២ ០០០-៣ ០០០ ក្បាលក្នុង ១ ថ្ងៃ។
អតីតម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងខេត្តកណ្តាលលោក ញឹម សាវ៉ាត ដែលបច្ចុប្បន្នបានប្តូរមុខរបរទៅជាអ្នកផ្តល់កូនជ្រូក និងចំណីឲ្យប្រជាកសិករតាមមូលដ្ឋានចិញ្ចឹមនោះបាននិយាយថា បន្ទាប់ពីការចិញ្ចឹមបានធ្លាក់ចុះយ៉ាងគំហុក ដោយសារការផ្ទុះឡើងនៃជំងឺប៉េស្តកាលពីឆ្នាំមុន នៅពេលនេះការចិញ្ចឹមជ្រូកចាប់ផ្តើមកើនឡើងវិញហើយ។ លោកបន្តថា កំណើននៃការចិញ្ចឹមនៅពេលនេះគឺដោយសារវាមានតម្លៃខ្ពស់។
លោកនិយាយថា៖ «ដោយសារមិនមានកម្មករគ្រប់គ្រាន់ ខ្ញុំបានសម្រេចចិត្តឈប់ចិញ្ចឹមជ្រូកដោយខ្លួនឯង ប៉ុន្តែខ្ញុំនៅតែបន្តមុខរបរនេះដដែល ព្រោះវាមានទីផ្សារល្អ។ បច្ចុប្បន្នខ្ញុំបានប្រវាស់កូនជ្រូក និងផ្តល់ចំណីទៅឲ្យអ្នកចិញ្ចឹមនៅតាមភូមិ ហើយនៅពេលលក់ យើងលក់ចែកប្រាក់គ្នា។ ការចិញ្ចឹមជ្រូកកំពុងមានទីផ្សារល្អ»។
លោកបន្ថែមថា តាមរយៈគោលការណ៍របស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយការនាំចូលជ្រូកពីប្រទេសជិតខាងនោះ លោកគិតថា ការចិញ្ចឹមជ្រូកប្រាកដជាមានកំណើនខ្ពស់ឡើងវិញលឿន ប្រសិនបើមិនមានជំងឺណារាតត្បាតដូចឆ្នាំមុនទៀត៕ LA